ជាតិ
សង្គមជាតិ
សង្គមស៊ីវិល៖ ស្រ្តីដែលធ្វើការក្នុងវិស័យកម្សាន្ត រងការបំពារបំពានកាន់តែធ្ងន់ធ្ងរ
09, Dec 2022 , 7:59 pm        
រូបភាព
ទិដ្ឋភាពក្នុងក្លិបមួយនៅរាជធានីភ្នំពេញ (រូបពីបណ្តាញសង្គម)
ទិដ្ឋភាពក្នុងក្លិបមួយនៅរាជធានីភ្នំពេញ (រូបពីបណ្តាញសង្គម)
ក្រុមអង្គការសង្គមស៊ីវិល៥៩ស្ថាប័ននៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ស្តីពីការធ្វើយុទ្ធនាការរយៈពេល១៦ថ្ងៃ ដើម្បីលុបបំបាត់អំពើហិង្សាលើស្រ្តី ដោយក្នុងសេចក្តីថ្លែងការណ៍នោះ បានលើកឡើងពីអំពើហង្សាស្ទើរគ្រប់ទម្រង់ដែលស្រ្តីខ្មែរកំពុងជួបប្រទះ រួមទាំងអំពើហិង្សា និងការបៀតបៀនលើស្រ្តី ដែលបម្រើការងារក្នុងវិស័យកម្សាន្តផងដែរ។



តាមរយៈសេចក្តីថ្លែងការណ៍ ដែលចេញនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ក្រុមអង្គការសង្គមស៊ីវិល បានអះអាងរួមគ្នាយ៉ាងដូច្នេះថា៖«ស្ថានភាពនៃអំពើហិង្សា និងការបៀតបៀនក្នុងពិភពការងារ រឹតតែធ្ងន់ធ្ងរចំពោះកម្មការិនី ក្នុងវិស័យសេវាកម្សាន្ត ទេសចរណ៍ សិល្បៈ និងវិស័យសារព័ត៌មាន»។ 
 
ក្រុមអង្គការសង្គមស៊ីវិល រកឃើញទៀតថា ផ្នត់គំនិតក្នុងសង្គមខ្មែរ ដែលមានលក្ខណៈរើសអើងទៅលើស្រ្តី  រើសអើងប្រភេទការងាររបស់ស្រ្តី និងវប្បធម៌នៃការស្តីបន្ទោសស្រ្តី ដែលរងគ្រោះ នៅតែបន្តកើតមានពីសំណាក់មន្រ្តីជាអ្នកផ្តល់សេវាផ្លូវច្បាប់។ ក្រុមអង្គការសង្គមស៊ីវិល បង្ហាញឲ្យឃើញក្នុងសេចក្តីថ្លែងការណ៍ថា ជាញឹកញាប់ នៅពេលស្រ្តីរងគ្រោះ រាយការណ៍ពីករណីរបស់ខ្លួន ពួកគេ ត្រូវបានស្តីបន្ទោសថា ករណីនេះ កើតឡើងដោយសារបណ្តាលមកពីស្រ្តីខ្លួនឯង ឬពួកគេ ត្រូវស្តីបន្ទោសថា មិនទៅប្តឹងភ្លាមៗ បន្ទាប់ពីកើតហេតុ។ 
 
ក្រុមអង្គការសង្គមស៊ីវិល វាយតម្លៃថា ការស្តីបន្ទោស ឬការដាក់កំហុសដល់ស្រ្តីថែមបែបនេះហើយ ដែលជាហេតុរារាំងស្រ្តី និងក្មេងស្រី មិនឲ្យរាយការណ៍ពីករណីដែលពួកគេ រងអំពើហិង្សា ឬការបៀតបៀន។ 
 
ដើម្បីលុបបំបាត់អំពើហិង្សាលើស្ត្រី ក្រុមអង្គការសង្គមស៊ីវិល បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ផ្តល់សច្ចាប័នជាអាទិភាពលើអនុសញ្ញារបស់អង្គការការងារអន្តរជាតិ (ILO) លេខ១៩០ ស្តីពីការលុបបំបាត់អំពើហិង្សា និងការបៀតបៀនក្នុងពិភពការងារ៕ 
 

Tag:
 ហិង្សាលើស្រ្តី)
© រក្សាសិទ្ធិដោយ thmeythmey.com