FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
តើការប្រកួតគ្នានៅវគ្គផ្តាច់ព្រ័ត្ររវាង Ronaldoនិង Messi អាចកើតឡើងឬទេ?
09, Dec 2022 , 8:29 pm        
រូបភាព
ការប្រកួតដ៏ខ្លាំងក្លារវាងតារាបាល់ទាត់ឆ្នើម Cristiano Ronaldo និង Lionel Messi លើសមរភូមិវាលស្មៅរយៈពេលជាច្រើនឆ្នាំមកហើយនៅលើទឹកដីអេស្ប៉ាញ។ ក្នុងដំណើរផ្សងព្រេងក្នុងការស្វែងរកពានរង្វាន់ World Cup 2022 របស់អ្នកទាំងពីរនេះគឺត្រូវឆ្លងកាត់ការប្រកួត ២ទៀតប៉ុណ្ណោះ។ តើក្តីសុបិនដែលចង់ឃើញការប្រកួតប្រជែងលើកចុងក្រោយរវាង Messi និង Ronaldo នឹងអាចកើតឡើងដែលឬទេ?



នៅសល់ត្រឹមតែ ២ប្រកួតទៀតដែលក្រុមអាហ្សង់ទីន និងព័រទុយហ្កាល់ត្រូវឆ្លងកាត់ដើម្បីអាចឈានជើងដល់វគ្គផ្តាច់ព្រ័ត្រនៃ World Cup 2022 ។ Lionel Messi និងអាហ្សង់ទីនទទួលបានសន្ទុះនៃការគាំទ្រខ្លាំងបំផុតពីសំណាក់អ្នកគាំទ្រក្នុងការប្រកួតមួយនេះ ចំណែក Cristiano Ronaldo អាចនឹងបាត់បង់តំណែងជម្រើសដំបូងឱ្យព័រទុយហ្កាល់ ខណៈដែលមហិច្ឆតាមិនឈប់ឈរនៃបុរសវ័យ ៣៧ឆ្នាំរូបនេះតែងតែជំរុញឱ្យក្រុមបន្តឆ្ពោះទៅមុខ។
 
ពិតណាស់ការប្រកួតជំនួបផ្តាច់ព្រ័ត្រ FIFA World Cup រវាងអាហ្សង់ទីន និងព័រទុយហ្កាល់ នឹងក្លាយជាការប្រកួតដ៏អស្ចារ្យបំផុតមិនធ្លាប់មានពីមុនមក ហើយក៏ជាផ្ទាំងទស្សនីយ៍ភាពចុងក្រោយនៃការបិទបញ្ចប់មួយរវាងការប្រកួតប្រជែងនៃអ្នកទាំងពីរក្នុងពិភពបាល់ទាត់។ World Cup ប្រទេសកាតានឹងក្លាយជាការបង្ហាញខ្លួនចុងក្រោយនៃតារាបាល់ទាត់ឆ្នើមទាំងពីរនេះ ដោយនេះជាលើកទី៥ ដែលពួកគេបានបង្ហាញវត្តមាន។ 
 
តើយើងពិតជាអាចឃើញការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រដ៏ធំមួយដែលមានទាំង Messi និង Ronaldo ដែលជាតួសំខាន់ក្នុងការប្រកួតនោះដែរឬទេ? ចម្លើយដ៏សាមញ្ញបំផុតមួយគឺពិតប្រាកដណាស់ អ្វីដែលនឹងអាចធ្វើឱ្យការប្រកួតចុងក្រោយរបស់អាហ្សង់ទីន និងព័រទុយហ្កាល់អាចកើតឡើងបានគឺការប្រកួតដែលនៅសល់ ២ដងទៀតចាប់ពីវគ្គ ៨ក្រុមចុងក្រោយនេះទៅ។
 
ដើម្បីបានទៅកាន់វគ្កផ្តាច់ព្រ័ត្រ អាហ្សង់ទីនដំបូងត្រូវការឈ្នះហូឡង់នាជំនួបវគ្គ៨ក្រុមចុងក្រោយ នៅថ្ងៃទី៩ ខែធ្នូ មុនឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយត្រូវជួប ក្រូអាស៊ី ឬ ប្រេស៊ីល។ ប្រសិនបើអាហ្សង់ទីនបន្តធ្វើបានល្អដោយយកឈ្នះការធ្វើតេស្តដ៏តឹងតែងរួមការប្រជែងដ៏ខ្លាំងក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទៀតនោះ ការឈានជើងឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រលើកទី៤ ក្នុងរយៈពេល ៤០ឆ្នាំរបស់ពួកគេនិងកើតឡើងជាក់ជាមិនខាន់។ តែយ៉ាងណាចាប់វគ្គ ៨ក្រុមនេះទៅក្រុមដែលអាហ្សង់ទីនត្រូវជួបសុទ្ធតែជាក្រុមខ្លាំងៗទាំងអស់។
 
ព័រទុយហ្កាល់មិនដែលឆ្លងផុតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឡើយនៃ World Cup។ ការប្រកួតប្រជែងដំបូងរបស់ពួកគេដើម្បីអាចសម្រេចបោះជំហ៊ានបន្តទៅឱ្យកាន់តែក្បែវគ្គផ្តាច់ព្រ័ត្រនោះគឺត្រូវយកឈ្នះលើម៉ារ៉ុកវគ្គ៨ក្រុមសិន។ បន្ទាប់ពីយកឈ្នះម៉ារ៉ុកបានហើយ រឿងដ៏សំខាន់នោះគឺត្រូវឆ្លងកាត់ក្រុមមួយចំណោមអង់គ្លេស និងបារាំងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃទី១៤ ខែធ្នូ។ បើសិនព័រទុយហ្កាល់នៅតែបង្ហាញទម្រង់លេងល្អ ដោយឈ្នះនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះកៅអីវគ្គផ្តាច់ព្រ័ត្រជួបអាហ្សង់ទីននឹងកើតមាន។
 
និយាយឱ្យសាមញ្ញវានឹងក្លាយជាក្តីសុបិនមួយសម្រាប់អ្នកគាំទ្របាល់ទាត់ទូទាំងពិភពលោក ហើយភាពល្បីល្បាញនៃ World Cup នៅកាតានឹងកាន់តែមានឈ្មោះបោះសំឡេងកាន់តែខ្លាំងប្រសិនបើការប្រកួតប្រជែងចុងក្រោយរវាង Messi និង Ronaldo បានកើតឡើង។ វានឹងក្លាយជាការបិទបញ្ចប់ទំព័រនៃអាជីពដ៏អស្ចារ្យនៃតារាឆ្នើមទាំងពីរ​ ព្រមទាំងការបង្ហាញពីសមត្ថភាពដែលកីឡាករទាំងពីរនេះចង់ឈ្នះ World Cup ដូចគ្នាដើម្បីបង្ហាញទៅពិភពលោក៕
 

Tag:
 World Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com