ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ជំងឺលើសឈាម​មានរោគសញ្ញា​អ្វីខ្លះ​?
11, Dec 2022 , 6:59 am        
រូបភាព
ចំពោះ​មនុស្ស​ភាគច្រើន​ការ​លើសឈាម​មិន​មាន​ធ្វើ​ឱ្យ​មាន​រោគ​សញ្ញា​អ្វី​ទេ ថ្វីបើ​ថា​មានការ​ជួន​គ្នា​នៃ​រោគ​សញ្ញា​មួយ​ចំនួន​ដែល​គេ​គិត​ដោយ​មិន​ត្រឹមត្រូវ​ទេ​ថា​ទាក់ទង​គ្នា​ជាមួយនឹង​ជំងឺលើសឈាម ដូច​ជា​ឈឺក្បាល ហូរ​ឈាម​តាម​ច្រមុះ ខ្យល់ចាប់ មុខ​ឡើង​ក្រហម និង​អស់កម្លាំង​ជាដើម​។ អ្នកមាន​ជំងឺលើសឈាម​អាច​មាន​បណ្ដា​រោគ​សញ្ញា​ទាំង​អស់នេះ ក៏​ប៉ុន្ដែ​អ្នក​ដែល​មាន​សម្ពាធ​ឈាម​ធម្មតា​ក៏​មាន​ដូច​គ្នា​ដែរ​។

 
ជំងឺលើសឈាម​ធ្ងន់ធ្ងរ​និង​យូរយារ​ដែល​មិន​មានការ​ព្យាបាល (​ជា​ពិសេស​គឺ malignant hypertension) អាច​ធ្វើ​ឱ្យ​លេច​ចេញ​នូវ​រោគ​សញ្ញា​មួយ​ចំនួន ព្រោះ​វា​អាច​ធ្វើ​ឱ្យ​ខូច​ខួរក្បាល ភ្នែក បេះដូង និង​តម្រងនោម​។ រោគ​សញ្ញា​រួម​មានការ​ឈឺក្បាល អស់កម្លាំង ក្អួតចង្អោរ ដង្ហើម​ដង្ហក់ រសាប់រសល់ និង​ស្រវាំងភ្នែក​។ ម្ដងម្កាល​ការ​លើសឈាម​ធ្ងន់ធ្ងរ​អាច​ធ្វើ​ឱ្យ​ខួរក្បាល​រីក​ធំ​ឡើង ហើយ​ធ្វើ​ឱ្យទៅ​ជា មានការ​ក្អួតចង្អោរ ឈឺក្បាល​ខ្លាំង ដេក​រលីវ​ៗ វង្វេងវង្វាន់ ប្រកាច់ ងងុយដេក និង​សន្លប់​បាន​។ ករណី​បែប​នេះ​ដែល​គេ​ហៅ​ថា hypertensive encephalopathy ទាមទារ​ឱ្យ​មានការ​ព្យាបាល​ជា​បន្ទាន់​។
 
បើសិនជា​ជំងឺលើសឈាម​បណ្ដាល​មក​ពី pheochromocytoma (​មាន​ដុះ​សាច់​នៅ​ក្នុង​ក្រពេញ​អា​ដ្រេ​ណា​ល់​) រោគ​សញ្ញា​អាច​រួម​មាន ឈឺក្បាល​ខ្លាំង ព្រួយបារម្ភ ការ​ដឹងខ្លួន​ថា​បេះដូង​ដើរ​ញាប់​និង​មិន​ទៀងទាត់ បែកញើស​ច្រើន ញ័រ​ដៃជើង ស្លេកស្លាំង​)​។ រោគ​សញ្ញា​ទាំង​អស់នេះ​លេច​ចេញ​មក​ពី​ការ​បញ្ចេញ​អ័រម៉ូន​អេ​ពី​នេ​ហ្វ្រ៉ី​ន និង​ណូ​រេ​ពី​នេ​ហ្វ្រី​ន​ក្នុង​កម្រិត​ច្រើន​។
 
កាលណា​សម្ពាធ​ឈាម​ក្នុង​អាកទែរ​មាន​លើស​ពី ១៤០/៩០ បេះដូង​រីក ហើយ​ជញ្ជាំង​បេះដូង​ឡើង​ក្រាស់ ព្រោះ​បេះដូង​ត្រូវ​ប្រឹង​កន្ដ្រាក់​ច្របាច់​ឈាម​ចេញ​។ ជញ្ជាំង​ដែល​ឡើង​ក្រាស់​ទៅ​ជា​ស្ពឹក មិន​ដូច​នៅ​ក្នុង​ករណី​ធម្មតា​ទេ​។ ជា​លទ្ធផល​គឺ​បន្ទប់​បេះដូង​មិន​អាច​រីក​ដូច​ធម្មតា​បាន​ទេ ហើយ​មានការ​លំបាក​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ឈាម​ពេញ​ម្ល៉ោះហើយ​រឹតតែ​ធ្វើ​ឱ្យ​បេះដូង​ប្រឹង​ធ្វើការ​ឡើង​ថែម​ទៀត​។ កា​ផ្លាស់​ប្ដូរ​នេះ​អាច​ធ្វើ​ឱ្យ​ចង្វាក់​កន្ដ្រាក់​របស់​បេះដូង​ខុសធម្មតា រួច​ធ្វើ​ឱ្យ​មានការ​ខ្សោយបេះដូង​។

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com