ជាតិ
យុវជនសកម្ម សេវាល្អ
កំពង់ធំ៖ ចៅសង្កាត់ស្រយ៉ូវថា ​ការចូលរួមរបស់ពលរដ្ឋ នឹង​ជំរុញការអភិវឌ្ឍសង្កាត់បានលឿន
10, Dec 2022 , 8:59 pm        
រូបភាព
 ដោយ៖ ហ៊ម តុងហេវ (យុវជនកំពង់ធំ)
 
ក្រុងស្ទឹងសែន, កំពង់ធំ៖ លោក សោម ធី ចៅសង្កាត់ស្រយ៉ូវ នៃក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានលើកឡើងថា ដើម្បីអភិវឌ្ឍភូមិឃុំ ឬសង្កាត់បានល្អប្រសើរ គឺត្រូវមានការចូលរួមពីប្រជាពលរដ្ឋ ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ និងក្រុមហ៊ុនវិនិយោគនានា ដែលបានចូលមកក្នុងមូលដ្ឋាន។



លោក សោម ធី បានបញ្ជាក់ថា ក្នុង​សង្កាត់ស្រយ៉ូវ ​ប្រជាពលរដ្ឋមានតម្រូវការអភិវឌ្ឍន៍ច្រើន ហើយប្រជាពលរដ្ឋ ក៏បានលើកឡើងសំណើជាច្រើនដែរ នាពេលកន្លងមក។ ​ ប៉ុន្តែអាជ្ញាធរ មិនអាចដោះស្រាយបានរាល់ការស្នើសុំរបស់ពលរដ្ឋទាំងអស់នោះទេ ព្រោះផែនការអភិវឌ្ឍន៍នៅក្នុងសង្កាត់ គឺត្រូវធ្វើតាមលំដាប់លំដោយ ពោលគឺចាប់អភិវឌ្ឍលើបញ្ហាអាទិភាព និងចាំបាច់ជាងគេ។ ក្រៅពី​ប្រើប្រាស់ថវិការបស់រដ្ឋាភិបាលឱ្យស្របតាមផែនការអភិវឌ្ឍន៍ហើយនោះ ​​​ចៅសង្កាត់ស្រយ៉ូវ ក៏អះអាងថា អាជ្ញាធរ ក៏បានបន្តស្វែងរកដៃគូសហការ ដើម្បីចូលមកវិនិយោគក្នុង​សង្កាត់ខ្លួនផងដែរ។ លោក សោម ធី បន្ថែម៖ «​​យើងបានរៀបចំឱ្យមានគណៈកម្មការទទួលខុសត្រូវលើគម្រោងផ្សេងៗ ដែលនឹងត្រូវអភិវឌ្ឍជាបន្តបន្ទាប់ទៀតនៅឆ្នាំ២០២៣។ ផែនការវិនិយោគ​គឺយើងបានរៀបចំរួចហើយ គឺផែនការថវិកា និងផែនការថវិកាសម្រាប់ឧបត្ថម្ភ និងអភិវឌ្ឍន៍»។ 
 

សង្កាត់ស្រយ៉ូវត្រៀមថវិកា ៩លានរៀល ដើម្បីជួយស្រ្តី និងកុមារ

លោក សោម ធី បន្ថែមថា ដើម្បីការអភិវឌ្ឍនៅក្នុងសង្កាត់បានល្អប្រសើរ គឺទាមទារឱ្យមានការចូលរួមពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានឱ្យបានច្រើន។ លោកចៅសង្កាត់ បានលើកឧទាហរណ៍បញ្ជាក់បន្ថែមថា៖«ឧទាហរណ៍ ការធ្វើផ្លូវថ្នល់ ដាក់ភ្លើង និងតភ្ជាប់ទឹកស្អាត គឺជៀសមិនផុតទេ ពីផលប៉ះពាល់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ ដូច្នេះទើបត្រូវឱ្យពួកគេចូលរួមទាំងអស់គ្នា។ ​មិនមែនធ្វើតែឃុំ ឬចៅសង្កាត់ ហើយការអភិវឌ្ឍសង្កាត់មួយ មានភាពរីកចម្រើននោះទេ ត្រូវតែមានពលរដ្ឋក្នុងសហគមចូលរួមជាមួយ»។
 
លោក សោម ធី បានសង្កេតឃើញថា នៅក្នុងសង្កាត់ស្រយ៉ូវមានប្រជាពលរដ្ឋបានចូលរួមយ៉ាងសកម្ម ដូចជាការចូលរួមបដិភាគជាថវិកា ការចូលរួមជួយជួសជុលផ្លូវ និងចូលបើកផ្លូវឱ្យអាជ្ញាធរសាងសង់បានងាយស្រួល។ សម្រាប់ឆ្នាំ២០២៣ខាងមុខនេះ អាជ្ញាធរសង្កាត់ស្រយ៉ូវ នឹងអភិវឌ្ឍធ្វើផ្លូវបេតុងចំនួន ២ខ្សែ គឺនៅស្រុកស្រយ៉ូវត្បូង និងស្រយ៉ូវជើង ដែលមានប្រវែង ១៩៨៥ម៉ែត្រ ទទឹងជាង ៦ម៉ែត្រ៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំង អំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com