ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
ទោះជីវភាពលំបាក តែម្ចាស់មេដាយមាសអាស៊ាន ខ្មីឃ្មាតបើកក្លិប ដើម្បីលើកស្ទួយកីឡាកាយវប្បកម្ម
10, Dec 2022 , 5:29 pm        
រូបភាព
លោក សំបូរ នន់  គ្រូបង្វឹកកីឡាកាយវប្បកម្ម និងជាម្ចាស់ក្លិបហាត់ប្រាណ «សំបូរ នន់»..
លោក សំបូរ នន់ គ្រូបង្វឹកកីឡាកាយវប្បកម្ម និងជាម្ចាស់ក្លិបហាត់ប្រាណ «សំបូរ នន់»..
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ កីឡាករកាយវប្បកម្មឈ្នះមេដាយមាសអាស៊ាន​ឆ្នាំ២០១៨ លោក សំបូរ នន់ បានបើកក្លិបហាត់ប្រាណមួយ ព្រោះក្តីស្រឡាញ់ដ៏លើសលប់ក្នុងអាជីពនេះ ទោះជាត្រូវពឹងកម្ចីពីសាច់ញាតិ និងធនាគារខ្លះក៏ដោយ។ មួយវិញទៀត លោកចង់ប្រើជំនាញនេះ ដើម្បីចូលរួមលើកកម្ពស់កីឡានេះ ឱ្យមានភាពរីកចម្រើនទៅមុខ ទាំងលើឆាកជាតិ និងអន្តរជាតិ ។

 

លោក សំបូរ នន់ ក្នុងបទសម្ភាសជាមួយ កម្មវិធី  «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ
 
ដើម្បីកាន់តែលម្អិត សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង កញ្ញា សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី» នៃសារព៌ត៌មានថ្មីៗ ជាមួយ លោក សំបូរ នន់ ម្ចាស់ក្លិបហាត់ប្រាណ « សំបូរ នន់» ដូចតទៅ៖



 
កញ្ញា សុង សុធាវី៖ លោកជាអតីតពលករពីប្រទេសថៃ ហើយក៏ជាម្ចាស់មេដាយមាសនៃកីឡាកាយវប្បកម្មអាស៊ានឆ្នាំ ២០១៨! ថ្មីៗនេះ លោកបានដំណើរការក្លិបហាត់ប្រាណផ្ទាល់ខ្លួន តើលោកជំនះអ្វីខ្លះ? 
 
លោក សំបូរ នន់៖ ទម្រាំតែចេញជារូបរាងក្លិបនេះឡើង យើងជំនះឧបសគ្គច្រើន និងមានបងប្អូនជួយជ្រោមជ្រែងគ្នា បងជួយបន្តិចទៅ ប្អូនជួយបន្តិចទៅ ហើយលុយយើងមានខ្លះ យើងយកពីខាងក្រៅខ្លះ។ល។ សម្រាប់គេ ប្រហែលជាមិនសូវច្រើនទេ តែសម្រាប់ខ្ញុំពិតជាច្រើនណាស់! កន្លងមក កាលពីឆ្នាំ២០១៨ យើងក៏ធ្លាប់ដួលម្តង នៅឯខេត្តបន្ទាយមានជ័យ ដែលនេះជាបទពិសោធន៍ សម្រាប់យើង។ 
 
កញ្ញា សុង សុធាវី៖ ចាស នេះជាលើកទី២ តើលោកគិតថា វានឹងដំណើរការបានទៅមុខកំរិតណា?  
លោក សំបូរ នន់៖ យើងមិនដឹងថាអាចទៅមុខបានកំរិតណា តែនឹងព្យាយាមរក្សាឱ្យនៅបានយូរ។ ឥឡូវបើកបានមួយខែហើយ មានបញ្ហាតិចតួច តែនៅទប់បានមិនទាន់អីទេ។ 
 
កញ្ញា សុង សុធាវី៖ សម្រាប់លោក ជាគ្រូបង្វឹកមានឈ្មោះបោះសំឡេងនៅក្នុងប្រទេសកម្ពុជា និងជាម្ចាស់ក្លិបហាត់ប្រាណផ្ទាល់ តើមានការគ្រប់គ្រងពេលវេលាដូចម្តេច?
 
លោក សំបូរ នន់៖ យើងបង្ហាត់សិស្សខ្លះ យើងគ្រប់គ្រងក្លិបផង ហើយរាល់ថ្ងៃយើងមិនហ៊ានយកគ្រូពីខាងក្រៅមកទេ ដោយសារតែចំណូលរបស់យើងនៅមានកំរិត។ តែយើងព្យាយាមឱ្យឈរបានខ្លួនឯងសិន ប្រៀបបាននឹងមានគ្រឹះរឹងមាំសិន ទើបហ៊ានយកគ្រូមកបង្រៀននៅក្លិប។ ទី២ គឺការគ្រប់គ្រងក្លិប យើងត្រូវបែងចែកម៉ោង ម៉ោងសម្រាប់បង្ហាត់សិស្ស ដែលឥឡូវនេះមិនទាន់មានសិស្សច្រើនទេ ប្រហែល៨នាក់ ដែលគិតទៅជាង ៦ ម៉ោង និងម៉ោងពិនិត្យមើលការងារទូទៅមួយចំនួនផង។
 
កញ្ញា សុង សុធាវី៖ យើងឃើញថាក្លិបហាត់ប្រាណនៅភ្នំពេញមានច្រើនហើយ តើលោកមានយុទ្ធសាស្រ្តបែបណាខ្លះ ដើម្បីទាក់ទាញ ដល់អតិថិជនរបស់ខ្លួនក្នុងតំបន់នេះ?
 
លោក សំបូរ នន់៖ បាទពិតជាមានច្រើនមែនទែន! តែយើងមកបើករាងឃ្លាតពីគេបន្តិច ដើម្បីឱ្យបងប្អូននៅតំបន់នេះមានឱកាសបានហាត់ប្រាណ ព្រោះថាបើនិយាយថា ១០០% មានតែ៣០% ទេ ដែលធ្លាប់ហាត់ប្រាណ ឯ ៧០% ទៀតគឺថ្មីតែម្តង។ អ៊ីចឹងយើងចង់លើកស្ទួយ ទី១ សុខភាពពួកគាត់ល្អ ទី២ យើងចង់លើកស្ទួយវិស័យកីឡាមួយនេះដែរ។ 
 
កញ្ញា សុង សុធាវី៖  បើតាមនាងខ្ញុំដឹង យុជនក្រោមអាយុ ១៨ឆ្នាំ លោកមានការបញ្ចុះតម្លៃ ៥០% ស្របពេលដែលក្លិបទើបតែកកើតថ្មី  តើត្រង់ចំណុចនេះ លោកបារម្ភខ្លាចខាតទេ?
 
លោក សំបូរ នន់៖ និយាយទៅខ្ញុំមិនបានគិតលើរឿងខាត ឬ លុយជាធំទេ តែចង់ជួយសម្រួលជីវភាពពួកគាត់ច្រើនជាង ព្រោះក្មេងអាយុក្រោម ១៨ឆ្នាំ គាត់មិនទាន់មានចំណូលខ្លួនឯងទេ ហើយសឹងតែពឹងលើឪពុកម្តាយទាំងស្រុង។ ដូចនេះខ្ញុំចង់សំរួលដល់បន្ទុកពួកគាត់ផងដែរ និងចង់ឱ្យពួកគាត់បានសុខភាពល្អហើយឃ្លាតឆ្ងាយពីគ្រឿងស្រវឹងវិញ ព្រមទាំងក្តីស្រឡាញ់ពីពួកគាត់តែប៉ុណ្ណឹង។
 
កញ្ញា សុង សុធាវី៖ ឃើញថា បងប្អូនទាំងបីនាក់របស់លោក សុទ្ធតែជាអ្នកមានសមត្ថភាពខ្ពស់លើផ្នែកកីឡានេះ ហើយធ្លាប់ឈ្នះការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិ តើនឹងបន្តលើកកម្ពស់វិស័យកីឡានេះបែបណាទៀត​សម្រាប់កម្ពុជា?
 
លោក សំបូរ នន់៖ ខ្ញុំទាំងបីនាក់បងប្អូន គឺយើងស្រឡាញ់កីឡាមួយនេះខ្លាំងណាស់ ទាំងអស់គ្នា! ហើយខ្ញុំ និង សោភណ្ឌ រាល់ថ្ងៃយើងព្យាយាមជំរុញ និង សាងអ្នកកីឡាថ្មីៗ ដែលគាត់ឡើងមកក្រោយៗ។ តែសម្រាប់ខ្ញុំ និង សំបូរ ណាន រាងជ្រេវ័យបន្តិចហើយ ឯកំលាំងយើងក៏ទៅតាមនោះដែរ។  អ៊ីចឹងយើង ព្យាយាមជំរុញសិស្សថ្មីៗ ឱ្យពួកគាត់បានឡើងទៅមុខទៀត។ល។ 
 
កញ្ញា សុង សុធាវី៖ ជាម្ចាស់អាជីវកម្មថ្មីថ្មោង តើលោករំពឹងទៅលើក្លិបហាត់ប្រាណមួយនេះកំរិតណាទៅថ្ងៃអនាគត? 
 
លោក សំបូរ នន់៖ ក្លិបនេះយើងមិនហ៊ានរំពឹងខ្លាំងពេកទេ!  យើងបើកនេះគឺយើងស្រឡាញ់វិស័យកីឡានេះខ្លាំង ហើយចង់មានអាជីពផ្ទាល់ខ្លួនជាប់លាប់មួយ វាខុសពីកាលដែលយើងនៅជាពលករចំណាកស្រុកប្រទេសថៃជាង ២០ឆ្នាំមុន។ យើងចង់ធ្វើអ្វីជារបស់យើងមួយ! ហើយបន្តបានយូរប៉ុណ្ណា យើងមិនដឹងដែរ តែវាអាស្រ័យលើបងប្អូនយើងនៅតំបន់នេះពួកគាត់គាំទ្របានប៉ុណ្ណា ក្នុងការមកចូលហាត់ជាដើម។ ទី២ ចង់ឱ្យកូនមករៀននៅភ្នំពេញហើយ យើងមានកន្លែងរស់នៅមួយសមរម្យជុំគ្នា ដែលកន្លងមកយើងចាកចេញពីកូនតាំងពីអាយុ ៨ខែ រហូតដល់កូន អាយុ ១៥ និង ១៦ ឆ្នាំទើបបានជុំគ្នាវិញ។ ឥឡូវយើងបានធ្វើវា ដើម្បីរស់នៅជួបជុំគ្រួសារឡើងវិញ៕
 

Tag:
 វិស័យកីឡា
© រក្សាសិទ្ធិដោយ thmeythmey.com