ជាតិ
ឆ្នាំសិក្សាថ្មី! សាលាបឋមសិក្សារដ្ឋទាំងអស់ នឹង​​ចូល​រៀន​នៅថ្ងៃទី​២ មករា​ និង​បញ្ចប់​នៅ​ថ្ងៃទី​៣០ វិច្ឆិកា
11, Dec 2022 , 7:59 am        
រូបភាព
រូបភាពតំណាងសិស្សថ្នាក់បឋមសិក្សា រូបភាពពី ថ្មីៗ ២៥ រាជធានី - ខេត្ត
រូបភាពតំណាងសិស្សថ្នាក់បឋមសិក្សា រូបភាពពី ថ្មីៗ ២៥ រាជធានី - ខេត្ត
ដោយ៖ សុង សុធាវី

ភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​កំណត់​យក​ថ្ងៃទី​២ ខែ​មករា ឆ្នាំ ២០២៣ ជា​ថ្ងៃ​បើក​បវេសនកាល​ជា​ផ្លូវការ​ នៅ​គ្រប់គ្រឹះស្ថានបឋមសិក្សា​សាធារណៈទាំងអស់ទូទាំងប្រទេសកម្ពុជា។  បើតាម​សេចក្ដីណែនាំ​របស់​ក្រសួង​អប់រំ ឆ្នាំសិក្សា២០២២-២០២៣នេះ នឹងត្រូវបញ្ចប់ទៅវិញនាថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។


ក្នុងឆ្នាំសិក្សា ២០២២-២០២៣នេះ​ ​ដំណើរការនៃការអប់រំបឋមសិក្សា ផ្តោតសំខាន់លើកំណែទម្រង់សាលារៀន តាមរយៈការអនុវត្តកម្មវិធីសាលាកុមារមេត្រី និងការគ្រប់គ្រងតាមសាលារៀន។ ក្រសួង​អប់រំ អះអាងថា ការកំណែ​ទម្រង់​សាលារៀន​ ក្នុងគោលបំណងធានាឱ្យបាននូវការអប់រំមានគុណភាព ប្រកបដោយសមធម៌ បរិយាបន្ន និងលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិត សម្រាប់ទាំងអស់គ្នា ស្របតាមគោលដៅ និងចំណុចដៅ នៃកំណែទម្រង់វិស័យអប់រំ និងផែនការយុទ្ធសាស្រ្តវិស័យអប់រំ។
 
ជាមួយគ្នានេះ ថ្ងៃបើកបវេសនកាលជាផ្លូវការ សម្រាប់គ្រឹះ​ស្ថានអប់រំបឋមសិក្សាសាធារណៈទាំងអស់ នឹងប្រារព្ធឡើងនៅថ្ងៃទី ២ ខែមករា ឆ្នាំ២០២៣ ខាងមុខ។ ក្នុងឆ្នាំសិក្សា ២០២២-២០២៣ វិស្សមកាលតូចមានរយៈពេល​យូរជាង មហាវិស្សមកាល ដោយ​វិស្សមកាលតូច ចាប់ពីថ្ងៃទី ៦ ខែមេសា ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៣ និងមហាវិស្សមកាល ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣។
 
ចំពោះករណី ថ្ងៃវិស្សមកាលតូច មានរយៈពេលយូរជាង ថ្ងៃមហាវិស្សមកាល លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធតេឡេក្រាមថា៖ «សម្តេចនាយករដ្ឋមន្រ្តីលើកទឹកចិត្តសិស្ស-និស្សិតឱ្យស្ម័គ្រចិត្តចូលរួមតាមរូបភាពផ្សេងៗក្នុងការរៀបចំ និងអបអរសាទរព្រឹត្តិការណ៍SEA Games ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ព្រឹត្តិការណ៍SEA Gamesនឹងប្រព្រឹត្តទៅស្របពេលវិស្សមកាលតូច។ ដូចនេះ ក្រសួងអប់រំ យុវជន និងកីឡា មានគោលការណ៍ករណីវិស្សមកាលតូច និងមហាវិស្សមកាល ដូចបានចែងក្នុងលិខិតណែនាំ ដើម្បីអនុញ្ញាត្តិសិស្ស-និស្សិតមានឱកាសស្ម័គ្រចិត្តចូលរួមតាមរូបភាពផ្សេងៗក្នុងការរៀបចំ និងអបអរសាទរព្រឹត្តិការណ៍SEA Games តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី»៕
 
 

Tag:
 វិស័យអប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com