ជាតិ
យុវជនសកម្ម សេវាល្អ
កំពង់ធំ៖ សិស្សបឋមសិក្សាស្រយ៉ូវខាងត្បូង ទទួលបានអាហារូបករណ៍ ២៣នាក់
10, Dec 2022 , 7:59 pm        
រូបភាព
ដោយ៖ ថុង ស្រីឡា(យុវជនកំពង់ធំ) 
 
សង្កាត់ស្រយ៉ូវ, កំពង់ធំ៖សិស្សសាលាបឋមសិក្សស្រយ៉ូវខាងត្បូង ទទួលបានអាហារូបករណ៍មានចំនួន ២៣នាក់ ក្នុងនោះស្រី១៥នាក់ ដោយពួកគេសុទ្ធសឹងតែជាអ្នកមានជីវភាពខ្វះខាត។ នេះបើតាមលោក ប៉ាត មី ​នាយសាលាបឋមសិក្សាស្រយ៉ូវខាងត្បូង។

 
លោក ប៉ាត មី បានលើកឡើងថា មុននឹងសិស្សានុសិស្សទាំងនោះទទួលបានអាហារូបករណ៍គឺ​លោកគ្រូទទួលបន្ទុកផ្នែកអាហារូបករណ៍ បានចុះសិក្សាទៅលើគ្រួសាររបស់ពួកគេដើម្បីបញ្ជាក់ថា គ្រួសាររបស់ពួកគេពិតជាមានភាពខ្វះខាតនិងស្ថិតនៅក្នុងលក្ខខណ្ឌដែលទទួលបានអាហារូបករណ៍ពិតមែន ទើបខាងក្រសួងឬសាលាអាចផ្ដល់ឱ្យពួកគេ។


 
លោក ប៉ាត មី បានរៀបរាប់យ៉ាងដូច្នេះ៖ «អ្នកបានអាហារូបបករណ៍ ត្រូវគោរពតាមលក្ខខណ្ឌដូចជាខិតខំរៀនឱ្យបានយ៉ាងតិច ៨០ភាគរយ រៀនឱ្យជាប់ចំណាត់ថ្នាក់ជារៀងរាល់ឆ្នាំ។ តែបើរៀនត្រួតថ្នាក់​គឺត្រូវដាច់អាហារូបករណ៍វិញ»។ 
 
អាហាររូបករណ៍បានផ្តល់អត្ថប្រយោជន៍ច្រើនដល់សិស្សានុសិស្សដូចជា ជួយដោះស្រាយផលលំបាករបស់ពួកគេ ធ្វើឱ្យសិស្សប្រឹងប្រែងរៀនសូត្រនិងជួយឱ្យជីវភាពរបស់ពួកគេប្រសើរជាងមុន។ នេះបើតាមលោក ប៉ាត មី។
 
នាយកសាលារូបនេះ បានបន្តែមថាកន្លងមានសិស្សចំនួន ២នាក់ ដែលត្រូវបានរៀនត្រួតថ្នាក់ ហើយត្រូវបានដកយកអាហារូបករណ៍ពីពួកគេវិញ។ចំពោះសិស្សដែលត្រូវបានក្រសួងដកយកអាហារូបករណ៍វិញនេះ ដោយសារពួកគេរៀនមិនចេះនិងឈប់ច្រើន។
 

កុមារី អុល ស្រីតី សិស្សសាលាបឋមសិក្សាស្រយ៉ូវខាងត្បូង។
 
លោក ប៉ាត មី បានរំពឹងថានៅឆ្នាំ២០២៣ខាងមុខ​ សិស្សដែលទទួលបានអាហារូបករណ៍នៅឆ្នាំ២០២២ពួកគេនឹងនៅបន្តទទួលបានទៀត និងត្រូវខិតខំរៀនសូត្រកុំឱ្យដាច់អាហារូបករណ៍។ ចំពោះសិស្សដែលត្រូវឡើងទៅថ្នាក់ទី៧គឺអាស្រ័យទៅលើគោលការណ៍របស់អនុវិទ្យាល័យ ដែលត្រូវតាមដានបន្ត។
 
វ៉ត សុជីតា ជាសិស្សរៀនថ្នាក់ទី៦ក្នុងសាលាបឋមសិក្សាស្រយ៉ូវខាងត្បូង និងជាសិស្សដែលទទួលបានអាហារូបករណ៍រយៈពេល ១ឆ្នាំបាននិយាយថា អាហារូបករណ៍ដែលពួកគេទទួលបានកន្លងមកបានជួយសម្រួលដល់រូបគេច្រើនដូចជាយកថវិកានោះទៅទិញសម្ភារសិក្សា និងចាយវាយប្រចាំឆ្នាំ ដែលកាត់បន្ថយការសុំអាណាព្យាបាលផងដែរ។ កុមារីរូបនេះបញ្ជាក់ថា៖« ខ្ញុំសប្បាយចិត្តណាស់ដែលទទួលអាហារូបករណ៍ព្រោះវាជួយជីវភាពគ្រួសាររបស់ខ្ញុំបានច្រើន។ ខ្ញុំមានការតាំងចិត្តហើយខិតខំរៀនសូត្រឲ្យបានចំណាប់ថ្នាក់ល្អ»។
 

សិស្សានុសិស្សបឋមសិក្សាស្រយ៉ូវខាងត្បូង។ រូបភាព៖ យុវជនកំពង់ធំ

ចំណែក អុល ស្រីតី ក៏ជាសិស្សទទួលបានអាហារូបករណ៍ រយៈពេល ២ឆ្នាំមកហើយ នៅក្នុងសាលាបឋមសិក្សាស្រយ៉ូវត្បូងដូចគ្នា។​ ​ ស្រីតី រៀបរាប់ថា អាហារូបករណ៍នេះ បានផ្ដល់អត្ថប្រយោជន៍ច្រើនដល់រូបគេ គឺធ្វើឱ្យគេខិតខំរៀនសូត្រ មានលុយទិញសៀវភៅ និងសម្ភារសិក្សា ព្រមទាំងរួមចំណែកជួយកាត់បន្ថយការចំណាយរបស់គ្រួសារផងដែរ។ ស្រីតី បានរៀបរាប់យ៉ាដូច្នេះ៖ «ខ្ញុំយកលុយទៅទិញសៀវភៅ ប៊ិច និងចាយប្រចាំថ្ងៃ។
 
បើគ្មានអាហារូបករណ៍នេះ គ្រួសាររបស់ខ្ញុំនឹងជួបផលវិបាក»។     
                                     
សូមជម្រាបថា សាលាបឋមសិក្សាស្រយ៉ូវខាងត្បូងសរុបមានចំនួន ១៧១នាក់ ស្រី ៩១នាក់ ក្នុងនោះសិស្សដែលទទួលបានអាហារូបករណ៍មាន ២៣នាក់ ស្រី១៥នាក់។ អាហារូករណ៍ដែលសិស្សទទួលបាន ២៤ម៉ឺនរៀលក្នុងមួយឆ្នាំ៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 

(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជានិងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះគឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 


 កុមារី វ៉ត សុជីតា សិស្សសាលាបឋមសិក្សាស្រយ៉ូវខាងត្បូង។ រូបភាព៖ យុវជនកំពង់ធំ
 
 

Tag:
 អាហារូបករណ៍
  សិស្សក្រីក្រ
© រក្សាសិទ្ធិដោយ thmeythmey.com