ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
គ្រូបង្វឹក សំបូរ នន់ ប្រាប់គន្លឹះពីរយ៉ាងក្នុងការហាត់យកសាច់ធំស្អាត និងសក្តានុពលកីឡាកាយវប្បកម្ម
11, Dec 2022 , 10:29 am        
រូបភាព
លោក សំបូរ នន់  គ្រូបង្វឹកកីឡាកាយវប្បកម្ម និងជាម្ចាស់ក្លិបហាត់ប្រាណ «សំបូរ នន់»
លោក សំបូរ នន់ គ្រូបង្វឹកកីឡាកាយវប្បកម្ម និងជាម្ចាស់ក្លិបហាត់ប្រាណ «សំបូរ នន់»
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ ម្ចាស់មេដាយមាសអាស៊ាន ឆ្នាំ២០១៨ នៃប្រភេទកីឡាកាយវប្បកម្ម លោក សំបូរ នន់ បានពន្យល់ថា អ្នកចង់បានសាច់ដុំធំស្អាត និងឈានទៅដល់ការប្រកួតនានា គឺត្រូវមានឆន្ទៈខ្ពស់ ជំនះតស៊ូទៅមុខជានិច្ច ទាំងរបៀបក្នុងការហាត់ ។ ជាពិសេសការផ្តល់នូវរបបអាហារត្រឹមត្រូវ សម្រាប់ខ្លួនឯងឱ្យបានគ្រប់គ្រាន់។ ចំពោះសក្តានុពលនៃកីឡានេះ លោកយល់ថា នឹងល្អប្រសើរទៅថ្ងៃក្រោយ បើភាគីពាក់ព័ន្ធបន្តជួយជ្រោមជ្រែងថែមទៀត ។

 

លោក សំបូរ នន់  ក្នុងបទសម្ភាសជាមួយ អ្នកសារព័ត៌មានថ្មីៗ  
 
ដើម្បីកាន់តែលម្អិត សូមលោកអ្នកនាងទស្សនាបទសម្ភាសរវាង លោក សំបូរ នន់ គ្រូបង្វឹកផ្នែកកីឡាកាយវប្បកម្ម  ជាមួយ កញ្ញា សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី»  នៃសារព័ត៌មានថ្មីៗ ដូចតទៅ៖



 
កញ្ញា សុង សុធាវី៖ លោកគឺជាអ្នកជំនាញផ្នែកកីឡាកាយវប្បកម្មនៅកម្ពុជា សម្រាប់អ្នកចង់បានសាច់ដុំធំស្អាត តែគាត់មិនដែលបានហាត់សោះ តើលោកមានតិចនិកយ៉ាងណា ដើម្បីជួយពួកគាត់ដល់គោលដៅ?
 
លោក សំបូរ នន់៖ បាទ ចំពោះអ្នកដែលមិនធ្លាប់ហាត់សោះ អាចថាពិបាកសម្រាប់យើងបន្តិច  តែយើងព្យាយាមជាមួយគាត់ ដំបូងតែងមានត្រូវខ្លះ ខុសខ្លះ ហើយយើងត្រូវសន្សឹមៗ ដោយមិនឱ្យគាត់ធុញទេ។ មួយទៀត យើងមិនដាក់សំពាធឱ្យគាត់ដឹងតែធ្វើឱ្យត្រូវតាម ១០០% ទេ តែត្រឹម ៧០ ទៅ ៨០% គឺគាត់អាចទៅមុខបានហើយ។ ប៉ុន្តែផលលំបាក គឺគាត់ត្រូវជួបច្រើនជាងអ្នកធ្លាប់ហាត់ប្រាណបន្តិច ទាំងសុខភាពគឺឆាប់ហត់ ពេលខ្លះហាត់ល្មមៗគាត់វិលមុខ ដែលខុសពីអ្នកធ្លាប់ហាត់ប្រាណពីមុន។ 
 
កញ្ញា សុង សុធាវី៖ តាមរយៈបទពិសោធន៍ជាមួយកីឡានេះជាង ១០ឆ្នាំ និងធ្លាប់ទទួលបានពានរង្វាន់អាស៊ាន និងច្រើនទៀត តើត្រូវការពេលហាត់ប៉ុន្មាន ដើម្បីបានសាច់ដុំធំស្អាតគ្រប់គ្រាន់?
 
លោក សំបូរ នន់៖ អ្នកដែលមានឆន្ទៈខ្ពស់មិនលំបាកទេ! អាចធ្វើបាន! និងរបបអាហារជារឿងចាំបាច់។ ការហាត់ធ្វើឱ្យយើងសាងនូវសាច់ដុំមួយផ្នែកទេ ក៏ដូចជាចំណុចដែលយើងត្រូវការ។ តែអ្វីដែលសំខាន់បំផុតគឺ របបអាហារ បើគ្មានសារធាតុជីវជាតិពីរបបអាហារគ្រប់គ្រាន់ទៅជួយក្នុងតំបន់សំខាន់ទាំងនោះទេ វាពិបាកនឹងឡើងសាច់បាន ហើយបើឡើងគឺឡើងយឺតមែនទែន។ ដូច្នេះ សម្រាប់អ្នកចង់ឡើងទម្ងន់ ឬ ចង់សម្រក សំខាន់បំផុតគឺការតាំងចិត្ត ដាក់ចិត្តរបស់គាត់ និង ការយកចិត្តទុកដាក់ខ្ពស់លើរបបអាហារឱ្យបានគ្រប់គ្រាន់។ ខ្ញុំតែងប្រាប់ និងដាស់តឿងពួកគាត់រាល់ថ្ងៃ រហូតទាល់តែពួកគាត់ព្រមអនុវត្តន៍តាម ហើយបង្ហាញពីផលប៉ះពាល់របស់ស្រា ។ល។ ដូចនេះ ពួកគាត់ក៏បានរូបរាងមកលឿនតាមហ្នឹងទៅ។ 
 
 កញ្ញា សុង សុធាវី៖ សម្រាប់អ្នកហាត់ទូទៅក្នុងមួយខែ តើពួកគាត់ចំណាយប្រហែលប៉ុន្មាន ហើយអ្នកហាត់យកសាច់ដុំវិញចំណាយប៉ុន្មានដែរលោក?
 
លោក សំបូរ នន់៖ សម្រាប់អ្នកទូទៅ រួមទាំងការហូបចុកផង មិនអស់ប៉ុន្មានទេ  ប្រហែល៥ ទៅ ៦​ដុល្លារបើគាត់គ្រាន់តែដើម្បីសុខភាព និងសាច់ស្អាតល្មមៗ ។  តែបើសម្រាប់អ្នកហាត់យកសាច់ដុំ ឬ ត្រៀមឡើងប្រកួតវិញ ក្នុងមួយថ្ងៃគាត់ចំណាយប្រហែល ១០ដុល្លារ ដើម្បីទទួលបានប្រតេអ៊ីនគ្រប់គ្រាន់។ 
 
កញ្ញា សុង សុធាវី៖ សម្រាប់លោកផ្ទាល់ ដើម្បីឱ្យកីឡាប្រភេទនេះកាន់តែរីកចម្រើនទៅមុខ តើស្ថាប័នណាគួរចូលរួមជំរុញថែមទៀត?
 
លោក សំបូរ នន់៖ ផ្នែកកីឡាកាយវប្បកម្មនេះ យើងគិតថាក្នុងសហព័ន្ធក៏ល្អ ក្រៅសហព័ន្ធក៏ល្អម្នាក់ម្យ៉ាង។ ក្នុងសហព័ន្ធមានប្រាក់រង្វាន់ និងការលើកទឹកចិត្តផ្សេងៗ។  តែបើយើងធ្វើក្រៅក្របខណ្ឌ យើងបានកិត្តិនាមរបស់យើងមួយដែរ ក៏ដូចជាមោទនភាពសម្រាប់ជាតិមួយ តែប៉ុណ្ណឹងឯង។  សម្រាប់ខ្ញុំ ព្យាយាមប្រកួតក្រៅស្រុកជាង តែដូចសិស្សអ្នកណាដែលចង់ចូលរួមប្រកួតតាមរយៈវិធីណាមួយ យើងមានតែជំរុញបន្ថែម ព្រោះទៅថ្ងៃមុខកីឡាមួយនេះ យើងសង្ឃឹមថាក្រសួង និងរាជរដ្ឋាភិបាលយើង លោកនឹងមានការលើកទឹកចិត្ត និងលើកស្ទួយថែមទៀត។ បច្ចុប្បន្ននេះ យើងឃើញថាមានភាពប្រសើរច្រើនហើយ បើធៀបនឹងជំនាន់ខ្ញុំប្រឡងកាលពីមុនមក គឺខុសគ្នាឆ្ងាយ ។ 
 
កញ្ញា សុង សុធាវី៖ ចំពោះអ្នកស្រឡាញ់ប្តូរផ្តាច់ក្នុងអាជីពនេះ តើលោកមើលឃើញពីសក្តានុពលទៅថ្ងៃក្រោយបែបណា?
 
លោក សំបូរ នន់៖  ខ្ញុំគិតថាល្អ! ទី១ សុខភាពគាត់បានល្អផង ហើយរូបរាងកាយគាត់បានមាំមួនស្ងាតផង។ ទី២  គាត់ធ្វើដើម្បីជាតិ សាងកេរ្តិ៍ឈ្មោះ ដើម្បីជាតិ តំណាងឱ្យកម្ពុជា គឺជាមោទកភាពរបស់គាត់មួយដែរ។ យើងមានតែជំរុញពួកគាត់ថែមទៀត មិនមែនជាការក្តិចត្រួយគ្នានោះទេ តាមដែលយើងអាចធ្វើមុខទៀតបាន៕
 

Tag:
 វិស័យកីឡាកាយវប្បកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com