FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ម៉ារ៉ុកជាក្រុមអាហ្វ្រិកដំបូងបំផុតដែលឡើងទៅវគ្គ១/២ ក្រោយទម្លាក់ព័រទុយហ្កាល់
10, Dec 2022 , 11:57 pm        
រូបភាព
ក្រុមខ្លាំងព័រទុយហ្កាល់ បានរងការខកចិត្តយ៉ាងខ្លាំង ដោយបានធ្លាក់ចេញពីព្រឹត្តិការណ៍ FIFA World Cup 2022 នៅតាកា ដោយសារម៉ារ៉ុក។ ការតែតបាល់បញ្ចូលទីរបស់ខ្សែប្រយុទ្ធ Youssef En-Nesyri នៅនាទី៤២ គ្រប់គ្រាន់ក្នុងការនាំឲ្យម៉ារ៉ុកឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ នេះជាប្រវត្តិសាស្ត្រផងដែរ សម្រាប់ក្រុមដែលដឹកនាំដោយលោក Walid Regragui ក្នុងការក្លាយជាក្រុមអាហ្វ្រិកដំបូងបំផុតដែលឈានដល់វគ្គ៤ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup។

 
ការប្រកួតដ៏អស្ចារ្យរវាងតោកំណាច Atlas មកពីអាហ្រ្វិកទល់ព័រទុយហ្កាល់ក្រុមយក្សតំបន់អឺរ៉ុប ក្នុងការប្រកួតវគ្គទីមួយទាំងព័រទុយហ្កាល់ និងម៉ារ៉ុកបានបើកការវាយសម្រុកគ្នាខ្លាំងដូចគ្នា ខណៈព័រទុយហ្កាល់ព្យាយាមសម្រុកការគ្រប់គ្រងបាល់មួយៗនៅតំបន់មុខទីរបស់ម៉ារ៉ុក ឯម៉ារ៉ុកព្យាយាមប្រើទម្រង់ការពារវាយបកដ៏អស្ចារ្យរបស់ខ្លួនលើព័រទុយហ្កាល់។ ការព្យាយាមព័រទុយហ្កាល់មិនទទួលបានជោគជ័យដូចម៉ារ៉ុកបើទោះខ្លួនសម្រុកខ្លាំងយ៉ាងណាក្តី តែម៉ារ៉ុកទៅវីញទេដែលស៊ុតបំប៉ោងសំណាញ់ទីនាំមុខ ១គ្រាប់មុននៅនាទី៤២ ពីការតែតរបស់កីឡាករ Youssef En-Nesyri។ បញ្ចប់ការប្រកួតវគ្គទីមួយម៉ារ៉ុកនាំមុខ ១-០ លើព័រទុយហ្កាល់។
 
ឈានចូលដល់វគ្គទីពីរ លទ្ធផល ១-០ គ្មានការប្រែប្រួលឡើង ដោយម៉ារ៉ុកបន្តព្យាយាមការពារខ្លាំងពីការវាយសម្រុករបស់ព័រទុយហ្កាល់។ ក្តីរំពឹងនិងការព្យាយាមជាច្រើនលើកច្រើនសាររបស់ព័រទុយហ្កាល់នៅតែមិនអាចកើតមាន ខណៈដែលម៉ារ៉ុករកបានឱកាសវាយបកម្តងៗហៀបបង្កការគ្រោះថ្នាក់ដល់ព័រទុយហ្កាល់។ ម៉ារ៉ុកទប់ព័រទុយហ្កាល់សម្រុក តែលទ្ធផល ១-០ នៅដដែល ការប្រកួតបានអូសបន្លាយដល់បញ្ចប់វគ្គទីពីរ ម៉ារ៉ុករីករាយឡើងវគ្គបន្ត ព័រទុយហ្កាល់សោកស្តាយនិងខកចិត្តធ្លាក់ចេញពី World Cup 2022។
 
ម៉ារ៉ុកធ្វើបានល្អខ្លាំងបង្កើតប្រវត្តិសាស្ត្រក្នុងនាមជាក្រុមតំណាងឱ្យទ្វីបអាហ្រ្វិក ព្រមទាំងប្រជាជាតិអារ៉ាប់ ក្នុងដំណើរបន្តការប្រកួតទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកដំបូងប្រចាំប្រវត្តិសាស្ត្រនៃ World Cup របស់ពួកគេ។ ម៉ារ៉ុកក្លាយជាក្រុមអាហ្រ្វិកលើកដំបូងដែលឈានជើងឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup ក្នុងរយៈពេល ៩២ឆ្នាំ។
 
ម៉ារ៉ុកនឹងត្រូវរង់ចាំក្រុមដែលឈ្នះការប្រកួតរវាងអង់គ្លេស និងបារាំង ដើម្បីជួបប្រកួតគ្នាបន្តដើម្បីដណ្តើមកៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃ World Cup នៅថ្ងៃទី១៤ ខែធ្នូ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com