FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ៖ ក្រុមការពារតំណែងជើងឯកបារាំងកក់កៅអីក្រោយគេវគ្គ ១/២ផ្តាច់ព្រ័ត្រ ក្រោយបញ្ចប់ក្តីស្រមៃអង់គ្លេស ២-១
11, Dec 2022 , 4:02 am        
រូបភាព
ក្រុមការពារតំណែងជើងឯកបារាំងនៅតែធ្វើបានល្អសឹងមិនគួរឱ្យជឿដោយបន្តឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រសារជាថ្មីម្តងទៀត ក្រោយយកឈ្នះលើអង់គ្លេសលទ្ធផល ២-១។ បារាំងឡើងវគ្គ ១/២ផ្តាច់ព្រ័ត្រលើកទី២ ចជាប់គ្នា និងលើកទី៧ ប្រចាំប្រវត្តិសាស្ត្រខ្លួន និងបានបញ្ចប់ក្តីស្រមៃឈ្នះពានរបស់អង់គ្លេស។

 
ជំនួបដ៏អស្ចារ្យរវាងតោកំណាចអង់គ្លេស ទល់មាន់គកបារាំងដែលជាក្រុមយក្សតំបន់អឺរ៉ុបដូចគ្នា ក្នុងការប្រកួតវគ្គទីមួយទាំងអង់គ្លេស និងបារាំងបានបើកការវាយសម្រុកគ្នាខ្លាំងដូចគ្នា ការប្រកួតបានត្រឹមតែ១៧នាទី បារាំងរកបានគ្រាប់នាំមុខមុនលើអង់គ្លេសដោយការស៊ុតពីចម្ងាយយ៉ាងល្អពី Aurelien Tchouameni។ ក្រោយត្រូវបារាំងនាំមុខមុន អង់គ្លេសបានវាយសម្រុកខ្លាំងលើបារាំង រហូតដល់កើតមានឱកាសគ្រាប់ជាច្រើនលើកកើតឡើងតែមិនមានសំណាង។ បញ្ចប់វគ្គទីមួយលទ្ធផលអង់គ្លេសត្រូវបារាំងនាំមុខ ១-០។ 
 
ចាប់ផ្តើមការប្រកួតនៅវគ្គទីពីរបានត្រឹមតែ ៧នាទីអង់គ្លេសទទួលបានបាល់ពិន័យ ១១ម៉ែត្រ ក្រោយ Tchouameni ទៅទាក់ជើង Bukayo Saka ក្នុងប្រអបគ្រោះថ្នាក់ខ្លួន។ Harry Kane ជាអ្នកសម្រេចស៊ុតបាល់ពិន័យ ១១ម៉ែត្របំប៉ោងសំណាញ់ទីចូលបារាំង ធ្វើឱ្យតោកំណាចអង់គ្លេសតាមស្មើ ១-១ ទល់បារាំងមកវិញ។ ការប្រកួតបន្តក្រោយលទ្ធផលស្មើ បារាំងនិងអង់គ្លេសបន្តសម្រុកគ្នាខ្លាំងទៅវិញទៅមកជាងវគ្គទីមួយ រហូតដល់នាទី៧៨ Olivier Giroud វីរបុរសបារាំងបានរកបានឱកាសតែតបាល់បញ្ចូលទីបានយ៉ាងល្អបន្តជួយឱ្យក្រុមមាន់គកនាំមុខលើតោអង់គ្លេសសារជាថ្មី។ 
 
អង់គ្លេសរកបានឱកាសគ្រាប់តាមស្មើមកវិញទៅហើយដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រលើកទីពីរក្រោយកីឡាកររបស់បារាំងបង្កកំហុសបុក Mason Mount ក្នុងប្រអប់គ្រោះថ្នាក់ ប៉ុន្តែឱកាសមាសរសាយក្រោយ Harry Kane ស៊ុតបង្ហើរលើរបាទី។ បារាំងរក្សាក្តីសង្ឃឹមខ្លួនដោយលទ្ធផល ២-១ បន្តរហូតដល់ចប់ការប្រកួតបារាំងទម្លាក់អង់គ្លេសត្រឹមវគ្គ ៨ក្រុម។
 
ក្រុមការពារតំណែងជើងឯកនៅតែធ្វើបានល្អដោយបានឈានជើងឡើងដល់វគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ ២លើកចុងក្រោយជាប់គ្នាតាំងពីឆ្នាំ ២០១៨ មកដែលពួកគេបានឈ្នះពាន World Cup នេះ។ នេះក្លាយជាលើកទី៧ សម្រាប់បារាំងដែលឈានជើងឡើងដល់វគ្គ ១/២ផ្តាច់ព្រ័ត្រ ពីការបង្ហាញខ្លួន ១៦លើកក្នុងព្រឹត្តិការណ៍នេះ ហើយបារាំងឈ្នះពាន ២លើកឆ្នាំ ១៩៩៨ និង ២០១៨។ 
 
ប៉ះគ្នាលើកទី៣ នៅព្រឹត្តិការណ៍ World Cup 2022 បារាំងសងសឹកអង់គ្លេសបានសម្រេចវិញ ក្រោយជួបគ្នា ២លើកមុននៅឆ្នាំ ១៩៦៦ និង ១៩៨២ អង់គ្លេសយកឈ្នះទាំងអស់៕
 
 

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com