កីឡាអន្តរជាតិ
អន្តរជាតិ
ប្រដាល់សកល៖ Manny Pacquiao ឈ្នះពិន្ទុគ្រូគុនកូរ៉េខាងត្បូង DK Yoo
11, Dec 2022 , 4:59 pm        
រូបភាព
ការប្រកួតរវាងបង្គោលខៀវ Manny Pacquiao (ខោ,ស) និងបង្គោលក្រហម DK Yoo (ខោ ក្រហម)។ រូបCapture From youtube
ការប្រកួតរវាងបង្គោលខៀវ Manny Pacquiao (ខោ,ស) និងបង្គោលក្រហម DK Yoo (ខោ ក្រហម)។ រូបCapture From youtube
ដោយ:
ស្តេចប្រដាល់អាស៊ីជនជាតិហ្វីលីពីន Manny Pacquiao បានយកឈ្នះគ្រូគុនកូរ៉េខាងត្បូង DK Yoo ដោយពិន្ទុ បន្ទាប់ពីឆ្លងកាត់ការប្រកួតពេញ៦ទឹក ក្នុងកម្មវិធីពិព័រណ៍ Fighter នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នាសង្វៀនមជ្ឈមណ្ឌលតាំងពិព័រណ៍អន្តរជាតិកូរ៉េខាងត្បូង ក្រុង Goyang  ប្រទេសកូរ៉េខាងត្បូង។



ទោះមានវ័យចាស់បន្តិចមែនតែស្តេចប្រដាល់អាស៊ី Manny Pacquiao នៅតែបន្តធ្វើបានល្អដោយបានយកឈ្នះគូប្រកួតរបស់ខ្លួន DK Yoo ដែលជាគ្រូគុនកូរ៉េខាងត្បូង បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញអស់រយៈពេល៦ទឹកពេញ។
 
ក្នុងទឹកទី១ បង្គោលខៀវ Pacman ជ្រលរបន្តិចហើយក៏លូកស្តាំមួយទៅលើបង្គោលក្រហម DK Yoo តែមិនយូរក៏សងបកមកវិញភ្លាមៗ។ បង្គោលខៀវ មិនហ៊ានបុកចូលនោះទេ ដោយនៅតែបន្តជ្រលរឆ្វេងស្ដាំលក្ខណៈស្ទាបស្ទង់មើលសមត្ថភាព ក៏ដូចជាកម្លាំងគូប្រកួតរបស់ខ្លួន មិនខុសអ្វីពីគ្នាទេបង្គោលក្រហមក៏មិនមានការបុកតបតវិញនោះដែរ។
 
ឈានចូលដល់ទឹកទី២ Manny Pacquiao ក៏នៅតែមិនទាន់បុកខ្លាំងទៅលើ DK Yoo ដដែល។ យ៉ាងណាអ្នកទាំងពីរសុទ្ធមានបច្ចេកទេសសន្សំកម្លាំងដូចគ្នាគ្រាន់តែបោះចំគោលដៅមួយទៅមួយមក ចូលដល់ទឹកទី៣ បង្គោលខៀវ Pacman វាយសម្រុកចូលចំពោះទឹក បង្គោលក្រហម DK Yoo ចំបីដៃជាប់ៗគ្នា ធ្វើឱ្យបង្គោលក្រហមរៀងថមថយកម្លាំងចុះ។
 
បន្តនៅទឹកទី៤ Pacman នៅតែបន្តដើរចូល តែការរារាំង និងការលើកឃុមរងកណ្តាប់ដៃពីកីឡាករបង្គោលក្រហមក៏មិនមានការបែកធ្លាយឡើយ ប៉ុន្តែការធ្វេសប្រហែសរបស់ DK Yoo ធ្វើឱ្យ Manny Pacquiao មានការវាយសន្លប់រហូតអាជ្ញាកណ្តាលរាប់ចំនួន៨មួយលើក។ ចូលដល់ទឹកទី៥ បង្គោលក្រហមព្យាយាមដកថយសន្សំកម្លាំង ដើម្បីវាយបកទៅកាន់បង្គោលខៀវវិញដែរតែមិនមានការថ្លោះធ្លោយអ្វីខ្លាំងក្លានោះដែរ។ រហូតដល់ទឹកទី៦ Pacman ដាក់សម្ពាធសាជាថ្មីទៅកាន់ DK Yoo ឆ្វេងស្ដាំធ្ងន់ៗធ្វើឱ្យបង្គោលក្រហមដួល ខណៈពេលនោះសំឡេងជួងក៏ដល់ទីបញ្ចប់។ ចៅក្រមទាំងបី សម្រេចផ្តល់ពិន្ទុជាឯកច្ឆ័នដោយឱ្យ Manny Pacquiao ឈ្នះ DK Yoo ដោយពិន្ទុ៕
 
 
 
 

Tag:
 កីឡាប្រដាល់សកល
  Manny Pacquiao
 DK Yoo
© រក្សាសិទ្ធិដោយ thmeythmey.com