អន្តរជាតិ
នយោបាយអន្តរជាតិ
ប៉េរូ៖ យ៉ាងតិច២នាក់ស្លាប់ និង៤នាក់រងរបួសក្នុងបាតុកម្មទាមទារឱ្យបោះឆ្នោតរើសប្រធានាធិបតីថ្មី បាតុករនៅប៉េរូ ប៉ះទង្គិចជាមួយកម្លាំងសន្តិសុខក្នុងការតវ៉ាទាមទារឱ្យបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី។ រូបថត AFP
× នៅប៉េរូ មនុស្សវ័យជំទង់ពីរនាក់បាត់បង់ជីវិត ហើយបួននាក់រងរបួសនៅថ្ងៃទី១១ ខែធ្នូ អំឡុងបាតុកម្មទាមទារឱ្យមានការរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ក្រោយលោក លោក ប៉េដ្រូ កាស្ទីយ៉ូ ត្រូវបានទម្លាក់ចេញពីតំណែង។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរប៉េរូ។
លោកស្រី ឌីណា បូលូយ៉ាត ស្បថចូលជាប្រធានាធិបតីប៉េរូថ្មីកាលពីសប្តាហ៍មុន បន្ទាប់ពី លោក ប៉េដ្រូ កាស្ទីយ៉ូ ត្រូវបានសភាបោះឆ្នោតទម្លាក់ចេញពីតំណែង ហើយត្រូវឃុំខ្លួនពីបទប៉ុនប៉ងរំលាយសភា។
បាតុករដែលភាគច្រើនជាអ្នកគាំទ្រលោក កាស្ទីយ៉ូ នៅថ្ងៃទី១១ ខែធ្នូ ចេញតវ៉ាតាមបណ្តាក្រុងជាច្រើនហើយទាមទារឱ្យរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ជាជាងអនុញ្ញាតឱ្យលោកស្រី បូលូយ៉ាត បន្តអាណត្តិលោក កាស្ទីយ៉ូ រហូតដល់ឆ្នាំ២០២៦។ បាតុករខ្លះអំពាវនាវឱ្យរំសាយសភាទៀតផង។
បើតាមមន្រ្តីប៉េរូទទួលបន្ទុកការស៊ើបអង្កេត និងទទួលពាក្យបណ្តឹងរបស់ពលរដ្ឋប្រាប់វិទ្យុក្នុងស្រុក RPP អ្នកមានវ័យ១៥ឆ្នាំម្នាក់ និង១៨ឆ្នាំម្នាក់បានបាត់បង់ជីវិតដែលអាចមកពីរងរបួសដោយសារគ្រាប់កាំភ្លើង អំឡុងការប៉ះទង្គិចគ្នាជាមួយប៉ូលិសក្នុងទីក្រុង Andahuaylas ក្នុងតំបន់ Apurimac ។
បន្ថែមពីលើនេះ អភិបាលតំបន់ Apurimac ប្រាប់ទូរទស្សន៍ Canal N ថា អំឡុងការប៉ះទង្គិចនៅថ្ងៃទី១១ ខែធ្នូ មនុស្ស៤នាក់បានរងរបួស ហើយកំពុងព្យាបាលនៅមជ្ឈមណ្ឌលសុខភាព។ បើនៅថ្ងៃទី១០ ខែធ្នូ វិញ ប្រជាជនស៊ីវិល១៦នាក់ និងប៉ូលិស៤នាក់រងរបួស។
បើតាមវិទ្យុ RPP ក្រុមអ្នកតវ៉ាបានបាញ់កាំភ្លើងខ្លី និងគប់ដុំថ្ម ខណៈប៉ូលិសឆ្លើយតបដោយបាញ់ឧស្ម័នបង្ហូរទឹកភ្នែក។ ប៉ូលិសបង្រ្កាបបាតុកម្មត្រូវបានដាក់ពង្រាយនៅអាកាសយានដ្ឋាន Andahuaylas ដែលស្ថិតនៅតំបន់ស្រុកកំណត់របស់លោកស្រី បូលូតយ៉ាត ដែរដើម្បីទប់ស្កាត់ក្រុមបាតុកររាប់ពាន់នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com