ជាតិ
សង្គមជាតិ
សមត្ថកិច្ចព្រះសីហនុ ចាប់បានគ្រឿងញៀនជិត៩០០គីឡូក្រាមទៀត
12, Dec 2022 , 11:22 am        
រូបភាព
គ្រឿងញៀនជិត៩០០គីឡូក្រាម ត្រូវសតម្ថកិច្ចចាប់បាន នៅខេត្តព្រះសីហនុ កាលពីអំឡុងខែសីហា ឆ្នាំ២០២២។ រូបពីមន្ទីរប្រឆាំងគ្រឿងញៀន
គ្រឿងញៀនជិត៩០០គីឡូក្រាម ត្រូវសតម្ថកិច្ចចាប់បាន នៅខេត្តព្រះសីហនុ កាលពីអំឡុងខែសីហា ឆ្នាំ២០២២។ រូបពីមន្ទីរប្រឆាំងគ្រឿងញៀន
កម្លាំងសមត្ថកិច្ច បានស្រាវជ្រាវរកឃើញសម្បុកគ្រឿងញៀនដ៏ធំ១បន្ថែមទៀត ក្នុងខេត្តព្រះសីហនុ និងឈានដល់ការចុះបង្ក្រាបបានជោគជ័យ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២។



លោក មាស វីរិទ្ធ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រាប់សារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី១២ ខែធ្នូថា គ្រឿងញៀន ដែលត្រូវរឹបអូសបានក្នុងប្រតិបត្តិការនេះ មានទម្ងន់ជិត៩០០គីឡូក្រាម (៨៨៤គីឡូក្រាម)។ យ៉ាងណា លោក ពុំទាន់អាចបញ្ជាក់បានឡើយថា មានជនសង្ស័យប៉ុន្មាននាក់ ដែលត្រូវសមត្ថកិច្ចចាប់បាន និងមានជនសង្ស័យប៉ុន្មានទៀត ដែលកំពុងស្ថិតក្នុងការតាមចាប់ខ្លួន។ 
 
លោក គ្រាន់តែផ្តល់ព័ត៌មានជាបឋមថា ជនសង្ស័យដែលចាប់បាន កំពុងស្ថិតក្នុងការសួរចម្លើយ ខណៈកម្លាំងសមត្ថកិច្ច កំពុងកំណត់មុខសញ្ញាតាមចាប់អ្នកពាក់ព័ន្ធផ្សេងទៀត។ លោក មានប្រសាសន៍ដូច្នេះថា៖«យើង កំពុងបន្តនីតិវិធី និងកំពុងប្រមូលព័ត៌មាន»។ 
 
អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំងគ្រឿង អះអាងថា ជនល្មើស បម្រុងនឹងដឹកគ្រឿងញៀនទាំងនោះចេញពីកម្ពុជា ទៅកាន់ប្រទេសទី៣ ហើយត្រូវកងកម្លាំងសមត្ថកិច្ចចាប់បាន។ គ្រឿងញៀនទាំងនោះ ត្រូវសមបត្ថកិច្ចចាប់បាន នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ។ 
 
ជាការកត់ស្គាល់ សមត្ថកិច្ច ឧស្សាហ៍រកឃើញករណីគ្រឿងញៀនទ្រង់ទ្រាយធំជាបន្តបន្ទាប់នៅខេត្តព្រះសីហនុ។ ជាក់ស្តែង កាលពីអំឡុងខែសីហា ឆ្នាំ២០២២ សមត្ថកិច្ច ចាប់បានជនល្មើសជាជនជាតិចិន៥នាក់ និងរឹបអូសបានគ្រឿងញៀនជិត៩០០គីឡូក្រាម នៅខេត្តព្រះសីហនុ៕ 
 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com