ជាតិ
សាសនា / ធម៌
មន្រ្តីសង្ឃទូទាំងប្រទេស បើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣០
12, Dec 2022 , 1:22 pm        
រូបភាព
ព្រះសង្ឃ ស្ថិតក្នុងអនុសំវច្ចរមហាសន្និបាតលើកទី៣០
ព្រះសង្ឃ ស្ថិតក្នុងអនុសំវច្ចរមហាសន្និបាតលើកទី៣០
មន្រ្តីសង្ឃទូទាំងប្រទេស បាននិមន្តជួបជុំគ្នានៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ ដើម្បីចូលរួមអនុសំវច្ចរមហាសន្និបាតលើកទី៣០ ដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។ អនុសំវច្ចរមហាសន្និបាត គឺសំដៅដល់កិច្ចប្រជុំរបស់ព្រះសង្ឃទូទាំងប្រទេស ដែលតែងតែត្រូវបានរៀបចំឡើងជារៀលរាល់ឆ្នាំ។



ពិធីបើកអនុសំវច្ចរៈលើកទី៣០ នៅព្រឹកថ្ងៃទី១២ធ្នូនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជានាយករដ្ឋមន្រ្តីស្តីទី ដែលជាព្រះរាជតំណាងព្រះករុណាជាម្ចាស់ជីវិតលើត្បូង។ លោក ឈិន សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា សរសេរលើទំព័រហ្វេសប៊ុកថា សម្តេចសង្ឃ មន្ត្រីសង្ឃ តំណាងស្ថាប័នជាតិ និងតំណាងសាសនាផ្សេងៗ មាន៤៥០រូប ដែលចូលរួមអនុសំវច្ចរៈនេះ។

រដ្ឋមន្រ្តីក្រសួងសាសនា អះអាងថា អនុសំវច្ចរៈ នឹងមានកិច្ចពិភាក្សាលើការងារព្រះពុទ្ធសាសនា នាពេលបច្ចុប្បន្ន និងលើកទិសដៅសម្រាប់អនុវត្តនៅឆ្នាំបន្ត ដើម្បីធ្វើឲ្យវិស័យព្រះពុទ្ធសាសនាមានការរីកចម្រើនបន្ថែមទៀត។

ជាធម្មតា ក្រោយបញ្ចប់អនុសំវច្ចរមហាសន្និបាត ព្រះសង្ឃតែងចេញសេចក្តីសម្រេចរួម១  ដែលហៅថា «សង្ឃប្រកាស»។ សង្ឃប្រកាស គឺជាការកំណត់គោលការណ៍ និងទិសដៅ ដើម្បីឲ្យព្រះសង្ឃ ប្រតិបត្តិឲ្យបានត្រឹមត្រូវ ក្នុងព្រះពុទ្ធសាសនា។ សង្ឃប្រកាសនេះ ក៏អាចកំណត់ពី អ្វីដែលព្រះសង្ឃគួរប្រព្រឹត្ត និងអ្វីដែលមិនគួរប្រព្រឹត្តដែរ ដើម្បីធ្វើឲ្យព្រះពុទ្ធសាសនា កាន់តែមានតម្លៃ និងរីកចម្រើន។

របាយការណ៍ពីក្រសួងធម្មការ បានឲ្យដឹងថា បច្ចុប្បន្ន កម្ពុជា មានវត្តជាង៥ពាន់វត្ត មានអាស្រមព្រះពុទ្ធសាសនាជិត១៥០កន្លែង មានមណ្ឌលវិបស្សនាព្រះពុទ្ធសាសនាជិត១៥០កន្លែង និងមានព្រះសង្ឃជាង៧ម៉ឺនអង្គ៕

Tag:
 អនុសំវច្ចរៈ
© រក្សាសិទ្ធិដោយ thmeythmey.com