ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
ស្ថាបនិកសាលាគ្រូយើង៖ ​គុណភាពអប់រំនៅជនបទត្រូវមាន​សមត្ថភាព​ប្រកួតប្រជែងជាមួយទីក្រុង
12, Dec 2022 , 2:59 pm        
រូបភាព
 លោក យិន សុភាព ស្ថាបនិកនិងជានាយកសាលារៀនគ្រូយើង កំពុងផ្តល់បទសម្ភាសឱ្យសារព័ត៌មានថ្មីៗ កាលចុងខែវិច្ឆិកា ឆ្នាំ២០២២
លោក យិន សុភាព ស្ថាបនិកនិងជានាយកសាលារៀនគ្រូយើង កំពុងផ្តល់បទសម្ភាសឱ្យសារព័ត៌មានថ្មីៗ កាលចុងខែវិច្ឆិកា ឆ្នាំ២០២២
​​​ផ្តើម​ចេញពី​សាលាសហគមន៍ បច្ចុប្បន្ន «សាលារៀន​គ្រូយើង» ក្លាយ​ជា​គ្រឹះស្ថាន​អប់រំ​ឯក​ជន​គំរូ​មួយ​ដែល​ពង្រឹង​សមត្ថភាព​កូន​ចៅអ្នក​ជន​បទឱ្យមាន​កម្រិត​ប្រកួត​ប្រជែង​ដូចកូន​ចៅអ្នកទីក្រុង។ លោក យិន សុភាព ដែល​ជា​ស្ថាបនិក មាន​ចក្ខុវិស័យ​ខ្ពស់​ក្នុងការ​រួម​ចំណែក​លើកកម្ពស់​វិស័យអប់រំ ដោយដាក់​ឲ្យ​ដំណើរ​ការ​សាលា​រៀនដំបូង​កាលពី​ជាង​២២ឆ្នាំនៅក្រុង​បានលុង ខេត្ត​រតនគិរី ហើយ​បន្ត​ពង្រីក​សាខា​ដល់ខេត្តស្ទឹង​ត្រែង និង​រាជធានីភ្នំពេញ។

 
ជនជាតិ​បរទេសមួយចំនួន​ចាប់អារម្មណ៍ និងអាណិត​ស្រឡាញ់​កម្ពុជា ក្រោយពី​បាន​មក​​បេសកកម្ម​នៅ​ប្រទេសនៃស្នាមញញឹមមួយនេះ ដោយ​ក្នុងចំណោម​នោះ មាន លោក Scott Neeson បាន​លាឈប់ពី​ការងារ​ដ៏ខ្ពង់ខ្ពស់​ក្នុង​ពិភពភាពយន្ត​ហូលីវូដ មក​បង្កើត​អង្គការ​មូលនិធិកុមារកម្ពុជា  (CCF) ដើម្បីជួយ​ដល់​កុមារ​រស់នៅ​តំបន់​ចាក់សំរាម​ស្ទឹងមានជ័យ។ ដូចគ្នា​ផងដែរ លោក យិន សុភាព មាន​ដើម​កំណើត​នៅ​ខេត្ត​សៀមរាប ប៉ុន្តែ​លោកជាប់ចិត្ត​ជាមួយ​នឹងទឹក​ដីភូមិភាគឦសាន ក្រោយ​ឆ្លង​កាត់​បេសកកម្ម​ការងារ​របស់​លោក​នៅ​ខេត្ត​រតនគិរី។

«ចង់ឱ្យ​ពលរដ្ឋជន​បទនៅ​រតនគិរី ជាពិសេសនៅទឹកដី​ឦសាន មាន​ចំណេះដឹង និងជំនាញ​ខ្លាំង មិន​ចាញ់អ្នកនៅ​ភ្នំពេញ»។ នេះជាសុបិន​ដ៏ធំ​​របស់​លោក យិន សុភាព តាមរយៈ​ការ​ផ្តួចផ្តើម​បង្កើត​សាលារៀនគ្រូយើង តាំងពី​ឆ្នាំ២០០១ ដើម្បី​រួម​ចំណែក​លើកកម្ពស់​វិស័យ​អប់រំនៅកម្ពុជា។ 
 
ដំណើរ​ដំបូងប្រកប​ដោយ​ជោគជ័យ​នៅ​ក្រុង​បាន​លុង ខេត្ត​​រតនគិរី សាលាគ្រូយើង បន្ត​រីក​សាខា​ដល់​ខេត្តស្ទឹង​ត្រែងនៅ​ឆ្នាំ២០១៧ ហើយ​កាលពី​ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ លោក យិន សុភាព​ ដែលជា​ម្ចាស់​ជ័យលាភី​សហគ្រិន​ថ្នាក់ជាតិ​ឆ្នាំ​២០២១ បាន​ដំណើរ​ការ​សាខាទីបី​ក្នុងរាជធានីភ្នំពេញ ដោយមានអគារពណ៌​លឿង​កម្ពស់​១០ជាន់​ស្ថិតនៅតាមបណ្តោយមហាវិថីកងយោធពលខេមរភូមិន្ទ ឬផ្លូវ២៧១។
 
ពីអ្នកច្បាប់កា្លយជាសហគ្រិនក្នុងវិស័យអប់រំ​
 
ព្រោះតែក្តីអាណិតស្រឡាញ់ក្មេងៗនៅតំបន់ដាច់ស្រយាលដែលគ្មានសាលារៀនសូត្រ​ លោក សុភាព បាន​ឆ្លៀតពេលពីការងារស្រាវជ្រាវផ្នែកច្បាប់ទៅ​បង្រៀនភាសាអង់គ្លេសមួយទៅពីរម៉ោងក្នុងមួយថ្ងៃដល់ក្មេងៗ នៅខេត្តរតនគិរី ដោយមិនយកកម្រៃ។ «ក្រោក​ពីព្រលឹមទៅបង្រៀនក្មេងៗនៅសាលាមួយម៉ោងហើយបានទៅការងារធ្វើការងារ។ ​ពេលល្ងាចចេញពីធ្វើការវិញ គឺទៅបង្រៀនក្មេងៗមួយម៉ោងទៀតបានចូលផ្ទះដេកវិញ​»។ នេះជាសកម្មភាពប្រចាំថ្ងៃនាអំឡុងពេល លោក សុភាព ទៅ​បំពេញបេសកកម្មការងារក្នុងទឹកដីភាគឦសាន ដែលបានក្លាយជាឧបនិស្ស័យមួយបង្កើតនូវក្តីស្រឡាញ់ក្នុងវិស័យអប់រំឡើងសម្រាប់អ្នកច្បាប់មានដើមកំណើតមកពីខេត្តសៀមរាបរូបនេះ​។
 
ជាមួយនឹងការគាំទ្រយ៉ាងខ្លាំងពីប្រជាសហគមន៍ ជាពិសេសពីសំណាក់ឪពុកម្តាយ​សិស្សផងនោះ លោក សុភាព សម្រេចជួលដីពីកសិករមួយកន្លែងនៅក្រុងបានលុង ដើម្បីបង្កើតសាលារៀនគ្រូយើងឡើង​។ វត្តមានគ្រូយើងនៅរតនគីរី មានតាំងពីអំឡុងឆ្នាំ២០០០មក ដែល កាលណោះ គ្រូយើងគឺជាសាលារៀនសហគមន៍តូចមួយប៉ុណ្ណោះ។ សាលារៀននេះ​ ដំណើរការដោយរលូនក្រោមការទ្រទ្រង់ថវិកាពីហោប៉ៅផ្ទាល់របស់លោក សុភាព ដែលបានមកពីបំពេញការងារលើជំនាញច្បាប់របស់ខ្លួននៅកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP)។
 
«ខ្ញុំធ្វើការនៅ UNDP ដំបូងបានប្រាក់ខែជាង៣០០ដុលា្លរ។ ខ្ញុំចំណាយផ្ទាល់ខ្លួនផង ជាមួយក្មេងៗលើការរៀនសូត្រហ្នឹងផង ​​អស់ជាង១០០ដុល្លារ។ សល់ប្រហែល២០០ដុល្លារទៀត ខ្ញុំសន្សំទិញដីដែលជួយគេបើកសាលារៀនហ្នឹងយកទៅ»។​ លោក សុភាព បានលើកឡើងបែបនេះដោយបន្តរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះ៖​«ខ្ញុំធ្វើកិច្ចការងារទាំងអស់ហ្នឹង គឺខ្ញុំសប្បាយរីករាយ​ដោយគ្មានខ្វល់ខ្វាវពីអ្វីឡើយឱ្យតែក្មេងនៅតំបន់ហ្នឹងបានរៀន»។​ 
 

លោក យិន សុភាព ផ្តល់បណ្ណសរសើរដល់ឆ្នើមនៅសាលារៀនគ្រូយើងនៅខេត្តរតនគិរី នាពេលកន្លងមក»។ រូបថត៖ ផេកហ្វេកប៊ុក«សាលារៀនគ្រូយើង»
 
បន្ទាប់ពីគ្រូយើងដំណើរការបាន៥ឆ្នាំ លោក សុភាព ​ក៏ប្រគល់សាលារៀននេះឱ្យក្រុមប្រឹក្សាសហគមន៍ ជាអ្នកគ្រប់គ្រងបន្ត ហើយលោកត្រលប់មកធ្វើការងារនៅភ្នំពេញវិញ ព្រោះតែ​ការរងារស្រាវជ្រាវច្បាប់ប្រពៃណីជនជាតិដើមភាគតិច​ត្រូវបានបិទបញ្ចប់។​ ពេលនៅភ្នំពេញ បុរសសម្បូរសំនួនវោហាររូបនេះ បន្តធ្វើការនៅ UNDP បានមួយរយៈក៏ប្តូរទៅធ្វើការជាមួយអង្គការពលកម្មអន្តរជាតិ (ILO) តួនាទីជាអ្នកស្រាវជ្រាវ និងប្រឹក្សាផ្នែកច្បាប់នៃជំនាញច្បាប់ដីធ្លី និងធនធានធម្មជាតិដែលបានពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងសេដ្ឋកិច្ច។
 
ដោយមើលឃើញជីវិតជាអ្នកច្បាប់ដូចជារូបខ្លួនផ្តល់ផលប្រយោជន៍បានតិចណាស់សម្រាប់សង្គម​ ហើយក៏មិនសូវមានខ្លឹមសារសម្រាប់ជីវិតផងនោះ ទីបំផុតលោក សុភាព បានសម្រេចចិត្តទៅរតនគិរីដើម្បីធ្វើជាគ្រូបង្រៀនវិញនាអំឡុងឆ្នាំ២០១១។ គ្រានោះហើយដែលលោកសម្រេចបោះបង់ចោលទាំងស្រុងនូវការងារអាជីពជាអ្នកច្បាប់ក្នុងរយៈពេល១០ឆ្នាំ នៅស្ថាប័នអន្តរជាតិ។​ លើសពីនេះលោក ក៏សម្រេចខ្ចីប្រាក់ពីធនាគារ​មកវិនិយោគលើសាលារៀនគ្រូយើង ដោយបានប្រែក្លាយសាលារៀនសហគមន៍ទៅជាសាលារៀនឯកជន​ដែលមានកម្រិតអប់រំខ្ពស់មកទល់បច្ចុប្បន្ន។​
 
«ពីសាលារៀនដែលគ្មានជញ្ជាំង ក្លាយជាអគារសិក្សាល្អដែលមានបំពាក់នូវបរិក្ខាសិក្សាទំនើប និងមានគ្រូបណ្តុះបណ្តាលត្រឹមត្រូវ។ សូម្បីតែការរៀនរបស់សិស្សក៏យើងប្រើកុំព្យូទ័រភាគច្រើន យើងប្រើបច្ចេកវិទ្យាដែលមានលក្ខណៈទំនើបអស់ហើយ។ យើងប្រែប្រួលខ្លាំងមែនទែន ហើយយើងក៏បានវិវត្តខ្លួនមកទាន់សម័យអប់រំបែបឌីជីថល ផងដែរ»។​ នេះជាភាពរីកចម្រើនខ្លាំងរបស់សាលារៀនគ្រូយើងនារយៈពេល១០ឆ្នាំចុងក្រោយមកនេះ​ ក្រោមទស្សនវិស័យកសាងធនធានមនុស្សសម្រាប់ការអភិវឌ្ឍប្រទេសជាតិ​  និងកាត់បន្ថយគម្លាតការរស់នៅរវាងអ្នកទីក្រុង​និងអ្នកនៅខេត្តរតនគិរី តាមរយៈការអប់រំ។ 
 
ក្នុងសម្លៀកបំពាក់ខោវពណ៌ខ្មៅជាមួយអាវដៃវែងពណ៌ផ្ទៃមេឃ ដែលមានពាក់ខ្សែកាតសាលារៀនគ្រូយើងផងនោះ លោក សុភាព បានលើកឡើងយ៉ាងដូច្នេះ៖ «ការអប់រំដែលខ្លាំងធ្វើឱ្យពលរដ្ឋនៅជនបទនៃខេត្តរតនគិរី មានចំណេះដឹង និងជំនាញខ្លាំង មិនចាញ់ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញទេ។ មានន័យថា សាលារៀននៅខេត្តរតនគិរី ក៏មិនចាញ់សាលារៀននៅភ្នំពេញដែរ។ អ៊ីចឹងហើយ! បានជាខ្ញុំវិនិយោគលើការអប់រំធំមែនទែននៅខេត្តរតនគីរី មុននឹងឈានដល់ការពង្រីកសេវាថ្មីនៅភ្នំពេញ»។
 
វិថីកសាងធនធានមនុស្ស
 
លោក សុភាព មានគោលដៅឱ្យខេត្តទាំងអស់មានសាលារៀនល្អ និងផ្តល់ការអប់រំខ្ពស់​ បើទោះបីខេត្តនោះស្ថិតនៅតំបន់ដាច់ស្រយាល ឬខេត្តជាក្រីក្រកម្រិតណាក៏ដោយ គឺធ្វើយ៉ាងណាកុំឱ្យការអប់រំនៅខេត្តមានគម្លាតឆ្ងាយគ្នាខ្លាំងពេកពីការអប់រំនៅភ្នំពេញ។ ដើម្បីសម្រេចទិសដៅនេះនាអនាគត លោក សុភាព ក៏សម្រេចពង្រីកគ្រូយើងសាខាទី៣នៅភ្នំពេញឡើងបន្ទាប់ពីសាខាទី២ មានទីតាំងនៅខេត្តស្ទឹងត្រែង។ សាលារៀនគ្រូយើង​នៅខេត្តទាំង២នេះ គឺមានសិស្សប្រមាណ៤០០០នាក់ ។
 
«យើងមកភ្នំពេញ ក្នុងគោលដៅមិនត្រឹមតែបង្កើតសាលារៀន​មួយឡើងទេ។ ប៉ុន្តែ យើងមកនេះគគឺបង្កើតទីស្នាក់ការធំរបស់សាលារៀនគ្រូយើង ដើម្បីកសាងក្រុមធានាគុណភាព និងស្តង់ដារអប់រំ សម្រាប់ចុះទៅបង្កើតសាលារៀន និងត្រួតពិនិត្យ​ បណ្តុះបណ្តាល ដោយធានាគ្រូយើងគ្រប់កន្លែងនៃខេត្តគោលដៅទាំងអស់គឺដើរបានល្អដូចៗគ្នា។ យើងជួយជ្រោមជ្រែងដោយធ្វើយ៉ាងម៉េចឱ្យការអប់រំរបស់ពលរដ្ឋនៅខេត្តងើបខ្លាំងឡើង»។​ នេះជាការលើកឡើងរបស់លោក សុភាព ដោយបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ថា នៅពេលពលរដ្ឋខ្មែរមានចំណេះដឹងខ្ពង់ខ្ពស់ហើយនោះ ភាពក្រីក្រ នឹងត្រូវកាត់បន្ថយ ហើយការអភិវឌ្ឍប្រទេសជាតិ កាន់តែជឿលឿន។​ 


 សាលារៀនគ្រូយើង សាខារាជធានីភ្នំពេញដែលស្ថិតនៅតាមបណ្តោយមហាវិថីកងយោធពលខេមរភូមិន្ទឬ ផ្លូវ២៧១។

បើតាមសហគ្រិនវ័យ៥០ឆ្នាំរូបនេះ ការដាក់ទីតាំងសាលារៀនគ្រូយើងនៅរាជធានីភ្នំពេញ គឺជាចំណុចស្នូលដ៏រឹងមាំក្នុងការពង្រីកទីតាំងគ្រូយើងដល់ខេត្តព្រះវិហារ ក្រចេះ មណ្ឌលគិរី ព្រៃវែង  ស្វាយរៀង និងខេត្តតូចៗឯទៀតនៅកម្ពុជា។  លោក សុភាព បានបញ្ជាក់ថា៖ «បើយើងមិនមកភ្នំពេញទេ គឺយើងពិបាកក្នុងការពង្រីកខ្លួន​ដល់ខេត្តគោលដៅផ្សេងៗ បើទោះបីគ្រូយើងមានឈ្មោះល្បីជាង២០ឆ្នាំនៅរតនគីរីក៏ដោយ»។​ 
 
លោកបន្តពន្យល់ដូច្នេះ៖ « ភ្នំពេញជាកន្លែងដែលយើងងាយក្នុងការកៀរគរធនធានមនុស្ស ហិរញ្ញវត្ថុ និងចាប់ដៃគូជាមួយស្ថាប័នផ្សេងៗជាពិសេសសាលារៀនដៃគូនៅបរទេស ដើម្បីអនុវត្តផែនការយើង»។​ លើសពីនេះ យើងមកភ្នំពេញក៏ដើម្បីកសាងឈ្មោះបន្ថែមតាមរយៈការផ្តល់សេវាអប់រំដល់សិស្សដែលមានគុណភាពនិងការប្រកួតជែងខ្លាំង»។​   
 
សាលារៀននៅជនបទមួយមានស្តង់ដារ គឺត្រូវមានហេដ្ឋារចនាសម្ព័ន្ធល្អ ការរៀបចំកម្មវិធីសិក្សាល្អ ជាមួយគុណភាពនៃប្រព័ន្ធគ្រប់គ្រងក្នុងសាលារៀន។ បច្ចុប្បន្ន គ្រូយើងក្រៅតែផ្តល់សេវាអប់រំដល់សិស្សដែលឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្ម៤.០ហើយនោះ ក៏ផ្តោតសំខាន់លើការបណ្តុះបណ្តាលដែលធ្វើឱ្យសិស្សមានការច្នៃប្រឌិត មានភាពក្លាហាន​ ការចែករំលែក មានទំនួលខុសត្រូវ ចេះប្រើប្រាស់បច្ចេកវិទ្យា និងប្រព័ន្ធឌីជីថល ប្រើប្រាស់ភាសាជាតិ-អន្តរជាតិបានល្អ​ រួមទាំងរបៀបរស់នៅក្នុងសង្គមបានល្អប្រសើរ ជាពិសេសសុជីវធម៌ និងគុណធម៌។ លក្ខណៈអប់រំទាំងអស់នេះហើយដែលធ្វើឱ្យសាលារៀន គ្រូយើងមានភាព​ល្បីខ្លាំងប្រចាំតំបន់ភាគឦសាននៃប្រទេស៕
 

Tag:
 ជីវព័ត៌មាន
 អប់រំ
  លោក យិន សុភាព
  រតនគិរី
© រក្សាសិទ្ធិដោយ thmeythmey.com