អន្តរជាតិ
នាយករដ្ឋមន្ត្រីតៃវ៉ាន់ ថ្កោលទោសចិនដែលផ្អាកការនាំចូលស្រាបៀររបស់ខ្លួន
12, Dec 2022 , 3:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីកោះតៃវ៉ាន់ Su Tseng-cheng ។ រូបថត AFP
នាយករដ្ឋមន្រ្តីកោះតៃវ៉ាន់ Su Tseng-cheng ។ រូបថត AFP
នាយករដ្ឋមន្ត្រីកោះតៃវ៉ាន់ លោក Su Tseng-chang នៅថ្ងៃទី១១ ខែធ្នូ បានចោទចិនថាបំពានច្បាប់ពាណិជ្ជកម្មអន្តរជាតិ និងអនុវត្តគោលការណ៍រើសអើង បន្ទាប់ពីទីក្រុងប៉េកាំងបានបញ្ឈប់ការនាំចូលភេសជ្ជៈមានជាតិអាល់កុលមួយចំនួនពីតៃវ៉ាន់។



យោងតាមក្រសួងហិរញ្ញវត្ថុតៃវ៉ាន់ អាជ្ញាធរគយចិននៅថ្ងៃទី៩ ខែធ្នូ បានផ្អាកការនាំចូលភេសជ្ជៈមានជាតិអាល់កុលមួយចំនួនពីតៃវ៉ាន់ភ្លាមៗ។ អាជ្ញាធរចិនបានលើកឡើងថាការបញ្ឈប់ភ្លាមៗនេះ ទាក់ទងទៅនឹងបទប្បញ្ញត្តិដែលទីក្រុងប៉េកាំងបានដាក់តាំងពីដើមឆ្នាំ២០២២ ដែលតម្រូវឱ្យក្រុមហ៊ុននាំចេញអាហារ និងភេសជ្ជៈទាំងអស់ទៅកាន់ចិនដីគោកត្រូវចុះបញ្ជីជាមួយគយចិន។ 
ក្រុមហ៊ុននាំចេញរបស់តៃវ៉ាន់មួយចំនួននៅស្ថិតក្រោមការត្រួតពិនិត្យនៅឡើយ។ជាមួយការផ្អាកការនាំចូលស្រាបៀរនេះ នាយករដ្ឋមន្ត្រីតៃវ៉ាន់ Su Tseng-chang ចោទទីក្រុងប៉េកាំងថារំលោភបំពានបទដ្ឋានរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដោយបង្កើតច្បាប់ដោយខ្លួន និងជ្រៀតជ្រែកក្នុងកិច្ចការពាណិជ្ជកម្មតាមរយៈមធ្យោបាយរដ្ឋបាល។ 
«ចិនរឹតបន្តឹងជាពិសេសទៅលើតៃវ៉ាន់ ហើយជាពិសេសរើសអើងប្រឆាំងនឹងតៃវ៉ាន់។ ពួកគេតែងស្នើឱ្យតៃវ៉ាន់ធ្វើនេះ ធ្វើនោះ»។ លោក Su Tseng-chang លើកឡើងបែបនេះរួចបន្ថែមថា តៃវ៉ាន់គ្រោងនឹងស្នើទៅកាន់ WTO ជុំវិញការបិទនាំចូលនេះ ហើយត្រៀមជួយដល់អាជីវកម្មដែលបានរងផលប៉ះពាល់។ 
ទីភ្នាក់ងារព័ត៌មានកណ្ដាលរបស់តៃវ៉ាន់រាយការណ៍ថា ផលិតផលស្រាបៀរ ដែលបានផ្អាកនាំចូលនៅថ្ងៃទី៩ ខែធ្នូ មាន១១មុខក្នុងចំណោម ២៨ ដែលបានចុះបញ្ជីដោយក្រុមហ៊ុននាំចេញតៃវ៉ាន់។ លើសពីនេះ ការនាំចេញភេសជ្ជៈ១២៣ ក្នុងចំណោម ៣៥៤មុខផ្សេងទៀតក៏ត្រូវបានបញ្ឈប់ដែរ រួមទាំងទំនិញពីក្រុមហ៊ុនអាហារយក្សរបស់តៃវ៉ាន់ Uni-President Enterprises។
បើតាមទីភ្នាក់ងារព័ត៌មាន AFP មន្ត្រីតៃវ៉ាន់អះអាងថា ពាក្យស្នើសុំចុះបញ្ជីនាំចេញទំនិញតៃវ៉ាន់ប្រហែល២៤០០ របស់ក្រុមហ៊ុនអាហារ កែច្នៃចំណីអាហារ នេសាទ និងគ្រឿងស្រវឹង សុទ្ធតែមិនទាន់បានសម្រេច។​ ក្នុងនោះពាក្យស្នើសុំប្រហែល៦០០ តម្រូវឱ្យដាក់ស្នើឡើងវិញ ហើយនៅសល់ទំនងជាត្រូវបរាជ័យ។ 
កន្លងមក ការនាំចូលម្នាស់ពីតៃវ៉ាន់ទៅចិនក៏ធ្លាប់បានផ្អាកដែរ បន្ទាប់ពីអាជ្ញាធរចិនអះអាងថាបានរកឃើញសត្វល្អិតនៅពេលដឹកជញ្ជូន។ ចិនក៏បានបានហាមឃាត់ការនាំចូលផ្លែឈើ និងត្រីមួយចំនួនពីតៃវ៉ាន់ជាការសងសឹកចំពោះការស្វាគមន៍ដំណើរទស្សនកិច្ចប្រធានសភាអាម៉េរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី កាលពីខែសីហា។ 
គួរបញ្ជាក់ថា ចាប់តាំងមានការបោះឆ្នោតប្រធានាធិបតី Tsai Ing-wen ឆ្នាំ២០១៦ ចិនបានបង្កើនសម្ពាធផ្នែកយោធា ការទូត និងសេដ្ឋកិច្ចនៅលើកោះតៃវ៉ាន់ ហើយថែមទាំងបានហាមឃាត់ការនាំចូលផលិតផលផ្សេងៗពីកោះនេះ ខណៈទំនាក់ទំនងរវាងគ្នាកាន់តែយ៉ាប់យ៉ឺន៕ 
 

Tag:
 ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com