ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ញ៉េប ប៊ុនជិន អតីតអនុប្រធានបក្សហ៊្វុនស៊ិនប៉ិច ឡើងឋានៈស្មើ «រដ្ឋមន្រ្តី» ក្រោយចូលជាមួយបក្សកាន់អំណាច
12, Dec 2022 , 3:59 pm        
រូបភាព
លោក ញ៉េប ប៊ុនជិន (មុខក្បាលមីក្រូ) ស្ថិតក្នុងសន្និសីទកាសែត កាលពីខែកុម្ភៈ ឆ្នាំ២០២២ ស្តីពីការចុះចូលជាមួយគណបក្សខ្មែររួបរួមជាតិ។ រូបពីវីដេអូ Rasmei Kampuchea Daily
លោក ញ៉េប ប៊ុនជិន (មុខក្បាលមីក្រូ) ស្ថិតក្នុងសន្និសីទកាសែត កាលពីខែកុម្ភៈ ឆ្នាំ២០២២ ស្តីពីការចុះចូលជាមួយគណបក្សខ្មែររួបរួមជាតិ។ រូបពីវីដេអូ Rasmei Kampuchea Daily
ដោយ៖ ទេពញាណ

លោក ញ៉េប ប៊ុនជិន អតីតអនុប្រធានម្នាក់នៃគណបក្សហ៊្វុនស៊ិនប៉ិច ត្រូវបានព្រះករុណាជាម្ចាស់ជីវិតលើត្បូង ប្រោសព្រះរាជទានឋានៈជាទីប្រឹក្សារដ្ឋាភិបាល ដែលមានឋានៈស្មើ «រដ្ឋមន្រ្តី» តាមរយៈព្រះរាជក្រឹត្យ ដែលចេញនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ទៅតាមការក្រាបបង្គំថ្វាយសុំពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។


 
លោក ញ៉េប ប៊ុនជិន ប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី១២ធ្នូ ថា លោក ទើបនឹងបានដាក់លិខិតជូនទៅសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានាពេលថ្មីៗនេះ ដើម្បីសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាចមួយនេះ។ លោក លើកឡើងថា វាល្មមដល់ពេលដែលលោក ត្រូវភ្ញាក់ខ្លួនក្នុងការសម្រេចចិត្តទៅចូលរួមជាមួយរដ្ឋាភិបាលហើយ។

លោក តាំងចិត្តថា លោក នឹងខិតខំជួយកសាងប្រទេសជាតិជាមួយរដ្ឋាភិបាល។ លោក ថ្លែងដូច្នេះថា៖«ខ្ញុំ យល់ថា ការសម្រេចចិត្តរបស់ខ្ញុំ គឺត្រឹមត្រូវ។ ខ្ញុំ មើលឃើញថា សម្តេច មានឆន្ទៈមុះមុតក្នុងការនាំសន្តិភាពជូនប្រទេសជាតិ»។
 
អតីតអ្នកនយោបាយជើងចាស់នៃគណបក្សរាជានិយមរូបនេះ ថែមទាំងបង្ហាញការពេញចិត្តចំពោះសម្តេច ហ៊ុន សែន ទៀតថា សម្តេច តែងការពាររបបរាជានិយម និងតែងការពារព្រះកិត្តិនាមព្រះមហាក្សត្រ ខណៈមានអ្នកនយោបាយខ្លះ ធ្វើឲ្យប៉ះពាល់ដល់ព្រះកិត្តិនាមព្រះអង្គ។ លើសពីនេះ លោក លើកតម្កើងប្រមុខគណបក្សកាន់អំណាចថាជា «វីរបុរស» ដែលនាំឲ្យប្រទេសជាតិមានកិត្យានុភាព។   
 
មួយរយៈចុងក្រោយនេះ មានអ្នកនយោបាយជំទាស់មួយចំនួន បានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ អ្នកទាំងនោះ រួមមាន លោក ដាំ សិទ្ធ អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ និងថ្នាក់ដឹកនាំ៣នាក់នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គឺ លោក យ៉ង សាំងកុមារ លោក ឡឹក សុធារ និងលោក ខាត់ សុធី។ 
 
ក្រោយចូលរួមជាមួយគណបក្សកាន់អំណាច លោក យ៉ង សាំងកុមារ ទទួលបានតំណែងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីផង និងជារដ្ឋលេខាធិការក្រសួងកសិកម្មផង លោក ឡឹក សុធារ និងលោក ខាត់ សុធី ទទួលបានតំណែងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្មដូចគ្នា ហើយលោក ដាំ សិទ្ធ ទទួលបានតំណែងជាទីប្រឹក្សារដ្ឋាភិបាល ដែលមានឋានៈស្មើរដ្ឋលេខាធិការ។ 
 
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា សរសេរសារក្នុងបណ្តាញតេឡេក្រាមទៅកាន់ក្រុមអ្នកកាសែត នៅថ្ងៃទី១២ធ្នូនេះ យ៉ាងដូច្នេះថា៖«គណបក្សប្រជាជនកម្ពុជា រង់ចាំស្វាគមន៍អស់លោកជាបញ្ញាវន្តជានិច្ច និងគ្រប់ពេលវេលា»។ 
 
ត្រឡប់មកនិយាយពីរឿងលោក ញ៉េប ប៊ុនជិន វិញ! លោក និងមន្រ្តីជាន់ខ្ពស់មួយចំនួនរបស់គណបក្សហ៊្វុនស៊ិនប៉ិច បាននាំគ្នាទៅចូលរួមជាមួយគណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីពួកគាត់ ចេះតែប៉ះទង្គិចគ្នាជាមួយថ្នាក់ដឹកនាំផ្សេងទៀតក្នុងគណបក្សហ៊្វុនស៊ិនប៉ិច។ ប៉ុន្តែ លោក ញ៉េប ប៊ុនជិន អះអាងក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ ថា ចំពោះករណីលោក គឺលោក ពុំទាន់បានចូលជាសមាជិកគណបក្សខ្មែររួបរួមជាតិជាផ្លូវការឡើយ។ 
 
លោក បន្តថា បំណងរបស់លោក ដែលទៅចូលរួមជាមួយគណបក្សខ្មែររួបរួមជាតិនាពេលនោះ គឺដើម្បីជួយឲ្យមានការរួបរួមគ្នារវាងគណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។ លោក បន្ថែមថា ក្រោយសង្កេតឃើញថា គណបក្សទាំង២នេះ មិនអាចរួបរួមគ្នាបាន លោក ក៏សម្រេចចិត្តដើរចេញពីគណបក្សខ្មែររួបរួមជាតិតែម្តង។  
 
លោក ញ៉េប ប៊ុនជិន រម្លឹកថា លោក ដើរតាមសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងបានរួមរស់ជាមួយគណបក្សរាជានិយមមួយនេះតាំងពីដើមមក ពោលគឺចាប់តាំងពីទសវត្សរ៍ទី៨០មកម៉្លេះ។ លោក ធ្លាប់ធ្វើជារដ្ឋមន្រ្តីក្រសួងការងារពីកូតាគណបក្សហ៊្វុនស៊ិនប៉ិច កាលពីអាណត្តិទី៣ ក្នុងឆ្នាំ២០០៣។ លោក កាន់តំណែងរដ្ឋមន្រ្តីការងារនេះ បានជិត២ឆ្នាំ៕  
 

Tag:
 ញ៉េប ប៊ុនជិន
© រក្សាសិទ្ធិដោយ thmeythmey.com