ជាតិ
រថយន្ត
យានដ្ឋានកាន់តែច្រើន នាំចូលរថយន្តបុរាណពីបរទេស មកជួសជុល និងលក់វិញ
× ភ្នំពេញ៖ បច្ចុប្បន្ន មានយានដ្ឋានកាន់តែច្រើន បាននាំចូលរថយន្ដចាស់ៗមកជួសជុល និងលក់វិញ ខណៈរថយន្ដបុរាណភាគច្រើនក្នុងប្រទេស ត្រូវបាននាំចូលនៅពេលវាមានសភាពចាស់ ឬមានអាយុកាល២០ ឬ៣០ឆ្នាំរួចទៅហើយ។ ឡានបុរាណដែលត្រូវបាននាំចូលមកកម្ពុជា ដើម្បីប្រើប្រាស់តាំងតែពីវានៅថ្មី ឬទើបតែផលិតនោះ គឺកម្រមានណាស់។ យានដ្ឋានមួយកន្លែងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ បាននាំចូលឡានម៉ាក MERCEDES-BENZ ប្រភេទ W126 ម៉ូឌែល 300SD ម៉ាស៊ីន turbo diesel ពណ៌ក្រហមចាស់ ១គ្រឿង ដែលផលិតឆ្នាំ១៩៨៤។ បន្ទាប់ពីនាំចូលមក វាត្រូវបានជួសជុលផ្នែកមេកានិក, ដូរពូកកៅអី, ថែមពណ៌ក្រហមបន្តិច បង្វិលរូបសញ្ញាឡូហ្គូ MERCEDES-BENZ ខាងក្រោយ ទៅក្រោមវិញ និងបាញ់ថ្នាំពណ៌ដដែល។
ដើម្បីជ្រាបកាន់តែច្បាស់ សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖
MERCEDES-BENZ W126 ត្រូវបានដំឡើងចំនួន ៨៩២ ១២៣ គ្រឿង រវាងឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩១ ក្នុងរោងចក្រមួយនៅប្រទេសអាល្លឺម៉ង់។ គឺជាឡានគុណភាពលេខមួយ ខណៈ MERCEDES-BENZ W123 ដែលជាជំនាន់៤០ឆ្នាំមុនដូចគ្នា និងទ្រង់ទ្រាយស្រដៀងគ្នា មានតម្លៃធូថ្លៃជាង។ ជំនាន់ទី១ ត្រូវបានផលិតរហូតដល់ឆ្នាំ១៩៨៥ និងជំនាន់ទី២ រហូតដល់ឆ្នាំ១៩៩១។ MERCEDES-BENZ W126 300SD ត្រូវបានផលិតពីឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៨៥ ប៉ុណ្ណោះ។ ត្រូវបានចែកចាយទៅប្រទេសជប៉ុន ប្រទេសកាណាដា និងសហរដ្ឋអាម៉េរិកប៉ុណ្ណោះ។ វាមានម៉ាស៊ីន ៥ស៊ីឡាំង ៣លីត្រ ហើយវាប្រើប្រេងម៉ាស៊ូត។
MERCEDES-BENZ ជាក្រុមហ៊ុនអាល្លឺម៉ង់ ដែលបច្ចុប្បន្នស្ថិតនៅក្នុងក្រុមសម្ព័ន្ធ DAIMLERCHRYSLER ។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើង ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩២៦ ដោយលោក DAIMLER Paul លោក BENZ Carl និងលោក JELLINEK Emil ដែលកូនស្រីឈ្មោះ Mercédès ៕
Tag:
យាយន្ត
Mercedes-Benz
ឡានបុរាណ
រថយន្តបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com