អន្តរជាតិ
អាម៉េរិកថា រុស្ស៊ីនឹងត្រូវអញ្ជើញឱ្យចូលរួមកិច្ចប្រជុំ APEC ពេលខ្លួនធ្វើម្ចាស់ផ្ទះឆ្នាំ២០២៣
12, Dec 2022 , 4:59 pm        
រូបភាព
មន្ត្រីជាន់ខ្ពស់អាម៉េរិកមួយរូប បានលើកឡើងថា រុស្ស៊ីនឹងត្រូវអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅឆ្នាំ២០២៣ ដែលរៀបចំដោយអាម៉េរិក។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។



ក្នុងសន្និសីទសារព័ត៌មានមួយនៅសិង្ហបុរី មន្ត្រីជាន់ខ្ពស់អាម៉េរិកទទួលបន្ទុកកិច្ចប្រជុំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) លោក Matt Murray បានលើកឡើងថា អាម៉េរិកនឹងអញ្ជើញរុស្ស៊ីឱ្យចូលរួមកិច្ចប្រជុំ APEC ដែរ ពេលខ្លួនធ្វើជាអ្នករៀបចំនាឆ្នាំ២០២៣ ដែលប្រទេសនេះក៏ជាសមាជិក APEC មួយក្នុងចំណោមប្រទេសទាំង២១។ 
 
លោក Murray មិន​បាន​បញ្ជាក់ទេ​ថា ​តើប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ​នឹង​ចូល​រួម​កិច្ច​ប្រជុំ​ថ្នាក់​ដឹក​នាំ APEC ដោយផ្ទាល់នៅឆ្នាំ​ក្រោយ ក្នុង​ទីក្រុង San Francisco ឬយ៉ាងណា។ កិច្ចប្រជុំមេដឹកនាំ APEC ឆ្នាំ ២០២២ នៅទីក្រុងបាងកក លោក ពូទីន មិនមានវត្តមានឡើយ ហើយត្រូវតំណាងដោយឧបនាយករដ្ឋមន្ត្រីទីមួយ លោក Andrei Belousov។ 
 
ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូបានធ្លាក់ចុះដល់កម្រិតអាក្រក់បំផុតក្នុងរយៈពេល ៦០ឆ្នាំចុងក្រោយ ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ហើយអះអាងថាវាជាប្រតិបត្តិការយោធាពិសេស។ ទីក្រុងមូស្គូបានរងទណ្ឌកម្ម និងការថ្កោលទោសពីប្រទេសជាច្រើនក្នុងពិភពលោក ពិសេសបណ្ដាប្រទេសលោកខាងលិច។ 
 
នាកិច្ចប្រជុំ G20 ប្រតិភូអាម៉េរិកធ្លាប់ដើរចេញពីកិច្ចប្រជុំ ពេលតំណាងរុស្ស៊ីថ្លែង ដើម្បីបង្ហាញការមិនពេញចិត្តចំពោះទង្វើឈ្លានពានរបស់រុស្ស៊ី។ ឯក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីពាណិជ្ជកម្ម APEC ក្នុងខែឧសភាវិញ  តំណាងអាម៉េរិក កាណាដា នូវែលសេឡង់ ជប៉ុន និងអូស្ត្រាលីជាដើម បានដើរចេញពីកិច្ចប្រជុំ ពេលរដ្ឋមន្ត្រីសេដ្ឋកិច្ចរុស្ស៊ី លោក Maxim Reshetnikov ថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ។ 
 
ជុំវិញការអញ្ជើញរុស្ស៊ីឱ្យចូលរួមកិច្ចប្រជុំ កន្លងមកវាក៏មានការមិនពេញចិត្ត និងការដាក់សម្ពាធពីប្រទេសលោកខាងលិចផងដែរ។ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានអញ្ជើញលោក ពូទីន ឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ (G20) នៅកោះបាលី របស់ឥណ្ឌូណេស៊ីកាលពីខែវិច្ឆិកា។ បណ្តាប្រទេសលោកខាងលិចបានជំរុញឱ្យឥណ្ឌូណេស៊ីផ្អាកការអញ្ជើញលោក ពូទីន ហើយថែមទាំងឱ្យលុបសមាជិកភាពរុស្ស៊ីចេញពីក្រុមប្រទេស G20 ទៀត។ 
 
នាកិច្ចប្រជុំកំពូល G20 លោក ពូទីន មិនបានចូលរួមឡើយ ដោយឱ្យរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ ចូលរួមជំនួសនៅកោះបាលី៕ 
 
 

Tag:
 អាម៉េរិក
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com