អន្តរជាតិ
លោក ហ្សេលេនស្គី ជជែកជាមួយមេដឹកនាំអាម៉េរិក បារាំង និងតួកគីដើម្បីរកជំនួយបន្ថែម
12, Dec 2022 , 8:59 pm        
រូបភាព
 ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ជួបជាមួយប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នាពេលកន្លងមក។ រូបថត AFP
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ជួបជាមួយប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នាពេលកន្លងមក។ រូបថត AFP
ដោយ:
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី១១ ខែធ្នូ ជជែកតាមទូរស័ព្ទដាច់ដោយឡែកជាមួយសមភាគី អាម៉េរិក បារាំង និងតួកគី ដើម្បីបង្កើនចំណងការទូត សំដៅដោះស្រាយវិបត្តិនៅអ៊ុយក្រែន ស្របពេលប្រតិបត្តិការសឹកពិសេសរបស់រុស្ស៊ីឈានចូលដល់ខែទី១០។

 
តាំងពីសង្រ្គាមចាប់ផ្តើមនៅអ៊ុយក្រែនកាលពីចុងខែកុម្ភៈមក ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ជជែកជាមួយប្រធានាធិបតីអាម៉េរិក ចូ បៃឌិន, ប្រធានាធិបតីបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង និងប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ ជាច្រើនដងមកហើយ។ ប៉ុន្តែ កិច្ចពិភាក្សាតាមទូរស័ព្ទជាមួយមេដឹកនាំទាំងបីក្នុងថ្ងៃតែមួយបែបនេះជារឿងកម្រ។
 
«យើងធ្វើការឥតឈប់ឈរជាមួយដៃគូ»។ លោក ហ្សេលេនស្គី លើកឡើងបែបនេះក្នុងសុន្ទរកថាតាមវីដេអូនាយប់ថ្ងៃទី១១ ខែធ្នូ ហើយបន្ថែមថា លោកសង្ឃឹមនឹងទទួលបានលទ្ធផលខ្លះក្នុងកិច្ចប្រជុំរវាងបណ្តាប្រទេសលោកខាងលិចដែលមានវត្តមានអ៊ុយក្រែនដែរនៅសប្តាហ៍ក្រោយ។ 
 
អធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្ហូល នៅថ្ងៃទី១២​ ខែធ្នូ នឹងដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញរវាងមេដឹកនាំប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧(G7) និងរដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុបដើម្បីចរចាលើការដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី និងអ៊ីរ៉ង់ ក៏ដូចជាផ្តល់ជំនួយយោធាទៅអ៊ុយក្រែនបន្ថែម។ 
 
ទាក់ទងនឹងកិច្ចពិភាក្សាជាមួយមេដឹកនាំលោកខាងលិចវិញ លោក ហ្សេលេនស្គី អរគុណលោក បៃឌិន សម្រាប់ជំនួយហិរញ្ញវត្ថុ និងការការពារជាតិ ហើយក៏បាននិយាយជាមួយប្រធានាធិបតីអាម៉េរិករូបនេះពីតម្រូវការប្រព័ន្ធការពារប្រឆាំងយន្តហោះដើម្បីការពារប្រជាជនអ៊ុយក្រែនផងដែរ។
 
«លោក បៃឌិន បញ្ជាក់ជាថ្មីពីការប្តេជ្ញារបស់អាម៉េរិកក្នុងការបន្តផ្តល់ជំនួយមនុស្សធម៌ សេដ្ឋកិច្ច និងសន្តិសុខដល់អ៊ុយក្រែន, ឱ្យរុស្ស៊ីទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្រ្គាម និងអំពើឃោរឃៅរបស់ខ្លួន និងឱ្យរុស្ស៊ីទទួលរងផលវិបាកចំពោះការឈ្លានពានរបស់ខ្លួន»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន។ 
 
ជាមួយប្រធានាធិបតីបារាំងវិញ មេដឹកនាំអ៊ុយក្រែនលើកឡើងថា លោកបានសន្ទនាជាមួយលោក ម៉ាក្រុង ជាងមួយម៉ោងដែលប្រកបដោយអត្ថន័យទាក់ទងនឹងការការពារជាតិ ថាមពល សេដ្ឋកិច្ច ការទូត។ 
 
រីឯជាមួយលោក អ៊ែរដូហ្កាន់វិញ លោក ហ្សេលេនស្គី ពិភាក្សាអំពីបង្កើនការនាំគ្រាប់ធញ្ញជាតិចេញ។ បើតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីតួកគី លោក អ៊ែរដូហ្កាន់ ប្រាប់សមភាគីអ៊ុយក្រែនថា តួកកីបន្តធ្វើការឆ្ពោះទៅរកតម្រូវការមនុស្សធម៌របស់ប្រជាជនអ៊ុយក្រែនក្នុងរដូវរងាដ៏ពិបាកនេះ។ 
 
ប្រធានាធិបតីតួកគីដែលដើរតួជាអ្នកសម្របសម្រួលជាមួយអង្គការសហប្រជាជាតិស្វែងរកសន្តិភាពនៅអ៊ុយក្រែន ក៏ដូចជាបើកផ្លូវនាំធញ្ញជាតិអ៊ុយក្រែនចេញបញ្ជាក់ថា ច្រកនាំធញ្ញជាតិអ៊ុយក្រែនតាមសមុទ្រខ្មៅនេះគួរតែពង្រីកបន្ថែមដោយរួមបញ្ចូលទំនិញ និងស្បៀងប្រភេទផ្សេងៗទៀត៕
 
 
 
 
 
 
 

Tag:
 អ៊ុយក្រែន
  អាម៉េរិក
  បារាំង
  តួកគី
© រក្សាសិទ្ធិដោយ thmeythmey.com