អន្តរជាតិ
គណបក្សភឿថៃប្រកាសដាក់កូនស្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាបេក្ខជននាយករដ្ឋមន្ត្រីថៃ
12, Dec 2022 , 8:22 pm        
រូបភាព
លោកស្រី Paetongtarn Shinawatra  កូនស្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា។ រូបភាព៖ AFP
លោកស្រី Paetongtarn Shinawatra កូនស្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា។ រូបភាព៖ AFP

គណបក្សភឿថៃ នៅថ្ងៃទី១១ ខែធ្នូ បានប្រកាសដាក់លោកស្រី Paetongtarn Ung-ing Shinawatra កូនស្រីអតីតនាយករដ្ឋមន្រ្តីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលបច្ចុប្បន្នជាប្រធានបក្ស ជាបេក្ខភាពនាយករដ្ឋមន្ត្រីមួយរូប សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៣។




នៅក្នុងព្រឹត្តិការណ៍យុទ្ធនាការប្រមូលការគាំទ្រមុនការបោះឆ្នោត លោក Nattawut Saikuar ដែលជានាយកគម្រោងរបស់គណបក្សភឿថៃ បានលើកឡើងថា លោកស្រី Paetongtarn Shinawatra ជាបេក្ខភាពនាយករដ្ឋមន្ត្រីដែលសាកសម។ ក្រៅពីបញ្ជាក់ពីបេក្ខភាពនាយករដ្ឋមន្រ្តីម្នាក់របស់បក្ស លោក Nattawut ក៏បានបន្ថែមថា គណបក្សភឿថៃនឹងប្រកាសបេក្ខជនពីររូបទៀតសម្រាប់សាធារណជនពិចារណានៅពេលក្រោយ។

នៅក្នុងសុន្ទរកថាឃោសនាបោះឆ្នោតនេះដែរ លោកបានអំពាវនាវឱ្យអ្នកគាំទ្របក្សភឿថៃនៅភាគខាងត្បូងប្រទេសឱ្យប្រើប្រាស់សំឡេងឆ្នោតរបស់ពួកគេ ដើម្បីរារាំងនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា ពីការវិលត្រឡប់មកកាន់តំណែងវិញ ដោយអះអាងថាមានតែជ័យជម្នះភ្លូកទឹកភ្លូកដីប៉ុណ្ណោះរបស់គណបក្សភឿថៃ ទើបអាចធ្វើឱ្យលោក ប្រាយុទ្ធ នៅឆ្ងាយពីតំណែងកំពូលនេះ។

«ប្រសិនបើអ្នកបោះឆ្នោតឱ្យគណបក្សផ្សេងទៀតនោះ ឧត្តមសេនីយ៍ ប្រាយុទ្ធ អាចត្រឡប់មកវិញ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​បោះឆ្នោត​ឱ្យ (គណបក្ស) ​ភឿថៃ អ្នក​នឹង​ទទួល​បាន​នាយក​រដ្ឋមន្ត្រី​ដែល​ត្រូវ​តែងតាំង​ដោយ​គណបក្ស»។ លោក Nattawut បានសង្កត់ធ្ងន់បែបនេះ។

យុទ្ធនាការប្រមូលការគាំទ្រមុនការបោះឆ្នោតដដែល លោក​ក៏​បានលើកឡើងពីការសន្យា​របស់​គណបក្ស​ក្នុង​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំ​ថ្ងៃ​ដល់​៦០០​បាត។​ ការដំឡើងប្រាក់ឈ្នួលនេះគឺជាផ្នែកមួយនៃចក្ខុវិស័យរបស់លោកស្រី Paetongtarn ប្រសិនបើគណបក្សភឿថៃឈ្នះអាណត្តិបង្កើតរដ្ឋាភិបាលនៅឆ្នាំក្រោយ។ លោក Nattawut បានបន្តបែបនេះ។ 

ក្រៅតែពីបញ្ហាប្រាក់ឈ្នួល លោកស្រី Paetongtarn​ដែលបានចូលរួមក្នុងយុទ្ធនាការនេះដែរ បានលើកឡើងថា គណបក្សនេះក៏នឹងដោះស្រាយបញ្ហាតម្លៃកៅស៊ូទាប ដោះស្រាយបញ្ហាក្នុងវិស័យនេសាទ និងការរីករាលដាលនៃគ្រឿងញៀន និងសន្យាថានឹងពន្លឿនការកែលម្អផ្លូវដែកដែលនឹងតភ្ជាប់ចិន ថៃ និងសិង្ហបុរី។

គួរបញ្ជាក់ថា វិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍ បានបង្ហាញលទ្ធផលស្ទង់មតិចុងក្រោយរបស់ខ្លួន នៅថ្ងៃទី១១ ខែធ្នូ ដែលបង្ហាញថាគណបក្សភឿថៃទំនងជាគណបក្សកាន់អំណាចបន្ទាប់ពីការបោះឆ្នោត បើធៀបនឹងគណបក្សផ្សេងៗទៀត៕

 


© រក្សាសិទ្ធិដោយ thmeythmey.com