ជាតិ
​​កងទ័ពមួកខៀវកម្ពុជា ៧៣នាក់ បានវិលមកមាតុភូមិវិញ ក្រោយបំពេញបេសកកម្មជោគជ័យនៅស៊ូដង់ខាងត្បូង
13, Dec 2022 , 10:29 am        
រូបភាព
ភ្នំពេញ៖ កងកម្លាំងមួកកម្ពុជាសរុប ៧៣នាក់ ដែលមានយោធិននារី ៣៤នាក់ បានមកដល់ទឹកកំណើត នាថ្ងៃទី១២ ធ្នូ ក្រោយបញ្ចប់បេសកកម្មជោគជ័យនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។ កងអនុសេនាធំរាជអាវុធហត្ថលេខ ៧៣៩ ជាកងទី១០ដែលបានបញ្ចប់បេសកកម្មនៅ UNMISS។



កងអនុសេនាធំរាជអាវុធហត្ថលេខ ៧៣៩ បានឈរជើងនៅរដ្ឋចំនួន១០ ដែលមានទីបញ្ជាការនៅរដ្ឋធានី Juba។ កងកម្លាំងទាំង៧៣នាក់ មានភារកិច្ចក្នុងការពង្រឹងវិន័យសណ្តាប់ធ្នាប់ល្អ លើកងកម្លាំងរក្សាសន្តិភាព និងការពារការរំលោភបំពានច្បាប់របស់សាម៉ីប្រទេស និងសិទ្ធិរបស់ប្រជាពលរដ្ឋ ដោយគោរពតាមច្បាប់របស់សាធារណរដ្ឋស៊ូដង់ខាងត្បូង។ ទន្ទឹមនោះ កងកម្លាំងមួកខៀវកម្ពុជា ក៏មានប្រតិបត្តិការស៊ើបអង្កេតករណីចោទប្រកាន់នានាផងដែរ។ 
  


នាពិធីទទួលស្វាគមន៍កងកម្លាំង នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានថ្លែងថា បេសកកម្មនៅសាធារណរដ្ឋខាងត្បូងនេះ គឺឆ្នាំទី១១ ដែលកងរាជអាវុធហត្ថបានចូលរួមបំពេញភារកិច្ច​ប្រកបដោយផ្លែផ្កាដូចកងមុនៗ ទោះស្ថិតក្នុងបរិបទកូវីដ-១៩ក្តី។ 
 
បើតាមរបាយការណ៍របស់ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី កងនេះ ជាកងដែលមាននារីចូលរួមបំពេញបេសកកម្មច្រើនជាងគេ រហូតដល់ ៤៦,៥ភាគរយ ដែលស្របតាមការស្នើសុំរបស់អង្គការសហប្រជាជាតិ។ 
 
គួរបញ្ជាក់ផងដែរថា កម្ពុជា បានចល័តកម្លាំងនារីដល់ទៅ១៥,២ភាគរយ លើសពីការរំពឹងទុករបស់ក្នុងការបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ។ ផ្អែកតាមយុទ្ធសាស្រ្តសមភាពយែនឌ័ររបស់ អ.ស.ប. ប្រទេសបរិច្ចាគ​កងកម្លាំងទាំងអស់​កំណត់​ឱ្យចល័តកម្លាំងនារីជានាយទាហានសេនាធិការដល់ទៅ២៥% និងក្នុង​កងឱ្យបានដល់ទៅ១៥ភាគរយ នាឆ្នាំ២០២៨។ ដោយឡែក កម្ពុជាបានសម្រេច​នូវគោលការណ៍​នេះត្រឹម​ឆ្នាំ២០២២៕
 

 នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព





Tag:
 កងកម្លាំងមួកខៀវ
  អង្គការសហប្រជាជាតិ
  សាធារណរដ្ឋស៊ូដង់ខាងត្បូង
  UNMISS
© រក្សាសិទ្ធិដោយ thmeythmey.com