អន្តរជាតិ
ប្រមុខការទូតកូរ៉េខាងត្បូង ទទូចឱ្យចិនគាំទ្រកិច្ចចរចាជាមួយកូរ៉េខាងជើង
13, Dec 2022 , 11:18 am        
រូបភាព
លោក ផាក ជីន រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង (ខាងឆ្វេង) ជាមួយសមភាគីចិន លោក វ៉ាង យី នៅក្នុងក្រុង Qingdao ប្រទេសចិន នាពេលកន្លងទៅ។ រូបភាពយកពីក្រសួងការបរទេសកូរ៉េខាងត្បូង
លោក ផាក ជីន រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង (ខាងឆ្វេង) ជាមួយសមភាគីចិន លោក វ៉ាង យី នៅក្នុងក្រុង Qingdao ប្រទេសចិន នាពេលកន្លងទៅ។ រូបភាពយកពីក្រសួងការបរទេសកូរ៉េខាងត្បូង
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក ផាក ជីន នៅថ្ងៃទី១២ ខែធ្នូ បានប្រាប់សមភាគីចិន លោក វ៉ាង​ យី ថា រដ្ឋាភិបាលក្រុងសេអ៊ូល រំពឹងថា ចិននឹងគាំទ្រដ៏សកម្មចំពោះកិច្ចខិតខំរបស់កូរ៉េខាងត្បូងលើកិច្ចចរចាជាមួយកូរ៉េខាងជើង។ ជំនួបតាមប្រព័ន្ធវីដេអូនេះ ធ្វើឡើងស្របពេលឧបទ្វីបកូរ៉េ កំពុងមានភាពតានតឹងយ៉ាងខ្លាំង។

 
មួយរយៈចុងក្រោយ ឧបទ្វីបកូរ៉េ តានតឹងយ៉ាងខ្លាំង ដោយសារកូរ៉េខាងជើង បានបាញ់មីស៊ីល និងបាញ់កាំភ្លើងធំជាច្រើនលើក ស្របពេលកូរ៉េខាងត្បូង និងអាម៉េរិក តែងធ្វើសមយុទ្ធយោធាជាមួយគ្នាជាញឹកញាប់ ដើម្បីឆ្លើយតប។ ខណៈមានភាពស្មុគស្មាញបែបនេះ ប្រមុខការទូតកូរ៉េខាងត្បូង លោក ផាក ជីន បានជួបជាមួយសមភាគីចិន លោក វ៉ាង យី តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១២ ខែធ្នូ។ 
 
តាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកូរ៉េខាងត្បូង លោកវ៉ាង បានប្រាប់ភាគីកូរ៉េខាងត្បូងថា ចិន នឹងដើរតួនាទីប្រកបដោយការស្ថាបនានៅក្នុងបញ្ហាលើឧបទ្វីបកូរ៉េ។ ស្របគ្នានេះ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង បានបង្ហាញក្តីបារម្ភជុំវិញសកម្មភាពរបស់កូរ៉េខាងជើង ដូចជាការបាញ់មីស៊ីលប៉ាលីស្ទិកជាច្រើនគ្រាប់នៅក្នុងឆ្នាំនេះផង។ 
 
មិនតែប៉ុណ្ណោះ លោកផាក បានស្នើឱ្យចិន គាំទ្រគំនិតផ្តួចផ្តើមខ្លួន ក្នុងការផ្តល់ជំនួយសេដ្ឋកិច្ចទ្រង់ទ្រាយធំទៅកូរ៉េខាងជើង ដើម្បីជាការដោះដូរនឹងការរំសាយកម្មវិធីនុយក្លេអ៊ែរ និងកិច្ចខិតខំរបស់កូរ៉េខាងត្បូងលើកិច្ចចរចាជាមួយកូរ៉េខាងជើងផង។ 
 
ក្នុងសេចក្តីថ្លែងការណ៍ដដែល រដ្ឋាភិបាលក្រុងសេអ៊ូល បានជំរុញឱ្យក្រុងព្យុងយ៉ាង បញ្ចៀសសកម្មភាពបង្ករឿង ដូចជាការសាកល្បងនុយក្លេអ៊ែរ ហើយងាកមកចូលតុចរចាវិញ៕ 
 

Tag:
 ចិន
  កូរ៉េខាងត្បូង
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com