អន្តរជាតិ
ឥណ្ឌូណេស៊ីកោះហៅមន្ត្រី UN ក្រោយការរិះគន់លើច្បាប់ហាមឃាត់ការរួមភេទក្រៅអាពាហ៍ពិពាហ៍
× ក្រសួងការរបទេសឥណ្ឌូណេស៊ី បានកោះហៅមន្ត្រីអង្គការសហប្រជាជាតិ (UN) ប្រចាំទីក្រុងហ្សាការតាទៅសួរនាំក្រោយអង្គការមួយនេះបានបង្ហាញកង្វល់ពីការរាមកំហែងលើសេរីភាពជនស៊ីវិលក្រោមច្បាប់ហាមឃាត់ការរួមភេទក្រៅអាពាហ៍ពិពាហ៍។
សភាឥណ្ឌូណេស៊ីកាលពីសប្ដាហ៍មុន បានអនុម័តវិសោធនកម្មក្រមព្រហ្មទណ្ឌដែលនឹងហាមឃាត់ការរួមភេទក្រៅអាពាហ៍ពិពាហ៍ ការរួមរស់ជាមួយគ្នារវាងដៃគូមិនទាន់រៀបការ និងការកែប្រែដ៏ចម្រូងចម្រាសផ្សេងទៀត។ ឯ UN វិញក៏រិះគន់កំណែទម្រង់នេះ និងព្រមានថា អាចបណ្តាលឱ្យមានការថយចុះនៃសេរីភាពសារព័ត៌មាន ឯកជនភាព និងសិទ្ធិមនុស្សតាមលទ្ធិប្រជាធិបតេយ្យ។
អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូណេស៊ីលោក Teuku Faizasyah លើកឡើងថា ក្រសួងការ បរទេសបានកោះហៅអ្នកសម្របសម្រួល UN ប្រចាំនៅទីក្រុងហ្សាការតាជុំវិញការលើកឡើងខាងលើ ហើយស្នើឱ្យស្ថាប័នអន្តរជាតិមួយនេះប្រឹក្សាយោបល់ជាមួយរដ្ឋាភិបាលជាមុនសិន មុននឹងផ្សព្វផ្សាយការយល់ច្រឡំ។
«ពួកគេគួរតែមកពិគ្រោះដូចអ្នកតំណាងអន្តរជាតិដទៃទៀតដែរ។ យើងសង្ឃឹមថាពួកគេមិនប្រញាប់ប្រញាល់បញ្ចេញទស្សនៈ នៅពេលដែលមិនមានព័ត៌មានគ្រប់គ្រាន់»។ លោក Teuku ក៏បានបញ្ជាក់បែបនេះ។ មន្ត្រី UN ដែលត្រូវបានកោះហៅ គឺលោកស្រី Valerie Julliand ។
ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលបានប្រញាប់ប្រញាល់បន្ធូរបន្ថយកង្វល់ពីឥទ្ធិពលរបស់ច្បាប់ថ្មីលើអ្នកទេសចរណ៍ផង។ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់ឥណ្ឌូណេស៊ី Edward Omar Sharif Hiariej បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃដដែលថា ច្បាប់ខាងលើមិនរំខានដល់ផលប្រយោជន៍របស់អ្នកវិនិយោគបរទេស ឬភ្ញៀវទេសចរ ហើយរដ្ឋាភិបាលនឹងចំណាយពេល៣ ឆ្នាំខាងមុខដើម្បីធានាការអនុវត្តច្បាប់៕
© រក្សាសិទ្ធិដោយ thmeythmey.com