FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup វគ្គ១/២ផ្តាច់ព្រ័ត្រ៖ អាហ្សង់ទីន ប៉ះជើងឯករងក្រូអាស៊ី ដណ្តើមកៅអីវគ្គផ្តាច់ព្រ័ត្រ
13, Dec 2022 , 2:06 pm        
រូបភាព
រូបភាព៖ FIFA World Cup
រូបភាព៖ FIFA World Cup
ព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតាឈានដល់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងរាត្រីថ្ងៃទី១៣ ឈានចូលទី១៤ ខែធ្នូ នេះហើយ។ ជំនួបដំបូង អាហ្សង់ទីនត្រូវតទល់ដៃគូចាស់កាលឆ្នាំ ២០១៨ និងជាក្រុមជើងឯករង ក្រូអាស៊ី នៅក្នុងកីឡដ្ឋាន Lusail Iconic វេលាម៉ោង​ ២យប់រំលងអាធ្រាត្រ(ម៉ោងនៅកម្ពុជា)។



ឆ្លងកាត់មកដល់វគ្គ ១/២ផ្តាច់ព្រ័ត្រ អាហ្សង់ទីនក្រុមខ្លាំងតែមួយគត់មកពីទ្វីបអាម៉េរិកខាងត្បូង ដែលបានបំបាក់ហូឡង់ក្នុងការប្រកួតដ៏មានភាពតានតឹងជាមួយបញ្ហាប៉ះទង្គិចនៅលើទីលាន ហើយឈ្នះក្នុងការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ ក្រោយបញ្ចប់ ១២០នាទីស្មើ ២-២​ នៃវគ្គ ៨ក្រុមចុងក្រោយ។ អាហ្សង់ទីនបញ្ចប់ចំណាត់លេខ១ ពូល E ដោយបានយកឈ្នះប៉ូឡូញ ២-០ ឈ្នះម៉ិកស៊ិក ២-០ និងចាញ់អារ៉ាប៊ីសាអូឌីត ២-១ ចំណែកវគ្គ ១៦ក្រុមចុងក្រោយទម្លាក់អូស្ត្រាលី ២-១។
 
ក្រូអាស៊ី ក្រុមមានភាពមាំទាំក្នុងការប្រកួតចាប់តាំងពីវគ្គចែកពូលមក ក្នុងនាមជាក្រុមលេខ២ ក្នុងពូល F។ ក្រុមជើងឯករងឆ្លងកាត់ការប្រកួតស្មើម៉ារ៉ុក ០-០ ស្មើបែលហ្ស៊ិក ១-១ ឈ្នះកាណាដា ៤-១។ នៅវគ្គ ១៦ក្រុមចុងក្រោយ ក្រូអាស៊ីឆ្លងកាត់ការប្រកួតដ៏តឹងតែងទល់ជប៉ុន ដោយការប្រកួតឈានដល់ស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ ក្រោយបញ្ចប់ ១២០នាទីស្មើ ០-០ រីឯវគ្គ ៨ក្រុមចុងក្រោយ ក្រូអាស៊ីបន្តដំណើរខ្លួនបន្តដោយទម្លាក់ប្រេស៊ីលដោយបាល់កាត់សេចក្តី ១១ម៉ែត្រដដែលក្រោយប្រកួតស្មើ ១-១ ពេញ ១២០នាទី។ អ្នកចាំទី Dominik Livakovic ក្លាយជាវីរបុរសសង្គ្រោះក្រូអាស៊ីទាំងពីរលើក។
 
មិនមែនជាលើកដំបូងដែលក្រុមទាំងពីរនេះបានជួបគ្នាឡើយ ព្រឹត្តិការណ៍ World Cup 2022 នៅកាតាវគ្គ ១/២ផ្តាច់ព្រ័ត្រក្លាយជាការប៉ះគ្នាលើកទី៦ ដោយកាលប៉ះគ្នា​ ២លើកមុនកើតឡើងនៅឆ្នាំ ១៩៩៨ ក្រូអាស៊ីចាញ់ក្នុងលទ្ធផល ១-០ ឆ្នាំ ២០១៨ ក្រូអាស៊ីឈ្នះ ៣-០ ក្នុង World Cup និងជំនួបមិត្តភាពអន្តរជាតិឆ្នាំ ១៩៩៤, ២០០៦, ២០១៤។
 
ការប៉ះគ្នារាត្រីនេះអាហ្សង់ទីនព្រួយបារម្ភជួបបញ្ហាកីឡាកររបួសតែម្នាក់ប៉ុណ្ណោះគឺ Angel Di Maria ប៉ុន្តែកីឡាករជាប់បម្រាមរួមមាន Marcos Acuna និង Gonzalo Montiel ដែលទទួលបានកាតលឿង ២លើក​ដូចគ្នា។ សម្រាប់ក្រូអាស៊ីគ្មានកីឡាកររងរបួស និងបញ្ហាជាប់បម្រាមអ្វីឡើយ សមត្ថភាពក្រូអាស៊ីនឹងអាចទប់ទល់រាល់ការប្រកួត រហូតដល់ការប្រកួតបន្ថែមម៉ោង និងការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រដោយគ្មានបញ្ហា។
 
ការប្រកួតរាត្រីនេះទៀតសោត អាហ្សង់ទីនកំពុងតែស្វែករកការបង្កើតប្រវត្តិសាស្ត្រខ្លួនជាថ្មីដោយឈានជើងដល់ផ្តាច់ព្រ័ត្រនៃ World Cup លើកទី៦ ខណៈក្រូអាស៊ីជាក្តីស្រមៃលើកទី២។ 
មុនការប្រកួតមកដល់ក្នុងសន្និសីទកាសែតលោក Zlatko Dalic គ្រូបង្វឹកក្រូអាស៊ីបាននិយាយថា៖«ក្រូអាស៊ីជាក្រុមមិនធម្មតានោះទេ ដែលក្រុមអាចឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ២លើកជាប់គ្នា។»។ 
 
ចំណែកលោកគ្រូ Lionel Scaloni  ថាអាហ្សង់ទីនមិនអាចមើលស្រាលក្រូអាស៊ីបានឡើយ ស្របពេលរូបលោកគោរពចំពោះក្រូអាស៊ី។ យ៉ាងណាលោកសង្ឃឹមថាអាហ្សង់ទីនធ្វើបានល្អដើម្បីបានកៅអីវគ្គផ្តាច់ព្រ័ត្រ៕
 

Tag:
 World Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com