ជាតិ
សង្គមជាតិ
សម្ដេច ស ខេង ជំរុញឲ្យចាប់មេខ្លោងជួញដូរមនុស្ស និងគ្រឿងញៀន ដើម្បីទាញកម្ពុជាចេញពីបញ្ជីប្រផេះ
13, Dec 2022 , 2:29 pm        
រូបភាព
សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងទិវាប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។
សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងទិវាប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។
ភ្នំពេញ៖ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញឲ្យសមត្ថកិច្ចតាមចាប់មេខ្លោងជួញដូរមនុស្ស និងគ្រឿងញៀន រួមទាំងស៊ើបអង្កេតបទល្មើសពាក់ព័ន្ធផ្សេងទៀត ជុំវិញការលាងលុយកខ្វក់ ដើម្បីទាញកម្ពុជាចេញពីបញ្ជីប្រផេះ។

 
នៅទិវាជាតិប្រឆាំងការជួញដូរមនុស្ស លើកទៅ១៦ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព» សម្ដេច ស ខេង សង្កត់ធ្ងន់ថា ការបង្ក្រាបបទល្មើសមួយបានជោគជ័យ លុះត្រាតែវែករកមុខមេខ្លោង ហើយចាប់ផ្តន្ទាទោសតាមច្បាប់។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កម្ពុជា មានពេលយ៉ាងយូរត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ ដើម្បីខិតខំធ្វើយ៉ាងណា ឲ្យកម្ពុជាចេញពីបញ្ជីប្រផេះ របស់អង្គការ​ឃ្លាំមើល​ការ​លាងលុយកខ្វក់​អន្តរជាតិ «FATF» ដែលមានមូលដ្ឋាននៅប្រទេសបារាំង។ 
 
ចំពោះការបង្ក្រាបបទល្មើសជួញដូរមនុស្ស និងគ្រឿងញៀន ជាពិសេសការសំអាតប្រាក់កខ្វក់ គឺជារឿងសំខាន់មួយរបស់កម្ពុជា​ ដើម្បីធ្វើរបាយកាណ៍ ទៅកាន់អង្គការឃ្លាំមើល FATE។ ក្នុងទិវាជាតិប្រឆាំងការជួញដូរមនុស្ស នាថ្ងៃទី១២ ធ្នូ សម្ដេច ស ខេង លើកឡើងបែបនេះ៖ «បញ្ហានេះ(បទល្មើសសំអាតប្រាក់) ជាបញ្ហាសំខាន់របស់កម្ពុជាយើងបច្ចុប្បន្នេះ។ ពេលនេះ រហូតដល់ត្រីមាសទីមួយឆ្នាំ២០២៣ អង្គការ FATF មានមូលដ្ឋាននៅបារាំង ទទួលស្គាល់លទ្ធផលរបាយការណ៍ពីការងាររបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំង ការសំអាតប្រាក់កម្ពុជា ដែលអង្គការនោះនឹងមកត្រួតពិនិត្យ ផ្ទៀតផ្ទាត់ របាយការណ៍កម្ពុជា ដែលបញ្ជូនទៅ តើវាពិតកម្រិតណា ដើម្បីដកកម្ពុជាចេញពីបញ្ជីប្រផេះ»។ 
 
សម្ដេច ស ខេង បានកត់សម្គាល់ឃើញការរាយការណ៍ពីបទល្មើសជួញដូរមនុស្ស និងការទទួលបានពាក្យបណ្ដឹង មានការថយចុះ បើធៀបនឹងមុនពេលសមត្ថកិច្ចផ្ដើមយុទ្ធនាការបង្ក្រាបការជួញដូរមនុស្ស នាថ្ងៃទី១៨ សីហាកន្លងមក។ មុនពេលចាប់ផ្ដើមយុទ្ធនាការនេះ ក្នុងមួយថ្ងៃ សមត្ថកិច្ចទទួលជាងបានជាង១០បណ្ដឹង ប៉ុន្តែបច្ចុប្បន្ននេះ មានត្រឹមតែ១ ទៅ៣បណ្ដឹងប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ បើគិតជាបណ្ដឹងសរុប ដែលសមត្ថកិច្ចទទួលបានជាង៦០០បណ្ដឹង។ ដូច្នេះ សម្ដេច ស ខេង សន្មតថា ករណីជួញដូរមនុស្សអាចនឹងធូរស្រាល។ យ៉ាងណាក្ដី សម្ដេច ស ខេង ជំរុញឲ្យបន្តសហការគ្នាទប់ស្កាត់ទៀត។ 
 
បន្ថែមពីនេះសម្ដេច ស ខេង សង្កត់ធ្ងន់ថា ការបង្ក្រាបករណីជួញដូរមនុស្ស មិនមែនត្រឹមតែជួយសង្គ្រោះជនរងគ្រោះ ហើយបញ្ចប់សំណុំរឿងឡើយ ពោលគឺត្រូវតាមចាប់អ្នកប្រព្រឹត្តបទល្មើស ឬឧក្រិដ្ឋជន ទៅផ្តន្ទាទោស។ លើសពីនេះ ត្រូវស្រាវជ្រាវបទល្មើសបន្ថែម ទាក់ទងនឹងការលាងលុយកខ្វក់ រួមទាំងបទល្មើសគ្រឿងញៀនជាដើម៕ 
 

Tag:
 ការជួញដូរមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com