អន្តរជាតិ
មេដឹកនាំ G7 ឯកភាពបង្កើតប្រព័ន្ធផ្គត់ផ្គង់លុយឱ្យអ៊ុយក្រែនដើម្បីកសាងប្រទេសឡើងវិញ
13, Dec 2022 , 2:59 pm        
រូបភាព
ដោយ:
មេដឹកនាំប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧(G7) នៅថ្ងៃទី១២ ខែធ្នូ ឯកភាពបង្កើតប្រព័ន្ធហិរញ្ញវត្ថុមួយដើម្បីចាក់បញ្ចូលលុយជំនួយទាំងរយៈពេលវែង និងរយៈពេលខ្លីដល់អ៊ុយក្រែន។ ទន្ទឹមនេះនឹងអរគុណមេដឹកនាំG7  ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី អរគុណក្រុមប្រទេស G7 ចំពោះកាយវិការនេះ តែក៏ឆ្លៀតសុំជំនួយយោធាភ្លាមៗជាមុនសិនដើម្បីយកទៅតតាំងនឹងរុស្ស៊ី។

 
នាជំនួបតាមប្រព័ន្ធអនឡាញជាមួយប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី១២ ខែធ្នូមេដឹកនាំប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) ប្តេជ្ញាគាំទ្រអ៊ុយក្រែនប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៊ីទាល់តែដល់ទីបញ្ចប់ ហើយនៅខែក្រោយគ្រោងនឹងរៀបចំកិច្ចប្រជុំស្តីពីគោលនយោបាយសម្របសម្រួលដល់ម្ចាស់ជំនួយសម្រាប់អ៊ុយក្រែន។
 
បើតាមអធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្ហូល ដែលបច្ចុប្បន្នជាប្រធាន G7 បញ្ជាក់ថា ផែនការនេះមានបំណងជួយអ៊ុយក្រែនទទួលបានហិរញ្ញវត្ថុដើម្បីបន្តដង្ហើម និងកិច្ចប្រឹងប្រែងនៅប៉ុន្មានឆ្នាំខាងមុខក្នុងការកសាងប្រទេសឡើងវិញពីការបំផ្លិចបំផ្លាញដោយសារការឈ្លានពានរបស់រុស្ស៊ី។
 
«គោលបំណងឥឡូវនេះគឺ បង្កើតគោលនយោបាយនេះឱ្យបានឆាប់រហ័សជាមួយការចូលរួមពីអ៊ុយក្រែន ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងដៃគូផ្សេងទៀត»។ លោក ស្ហូល លើកឡើងបែបក្នុងសន្និសីទកាសែតក្រោយកិច្ចប្រជុំ ហើយបន្តថាការកសាងអ៊ុយក្រែនឡើងវិញនឹងជាកិច្ចការរបស់មនុស្សស្រដៀងទៅនឹងផែនការ Marshall Plan ដែលជាគម្រោងជំនួយហិរញ្ញវត្ថុរបស់អាម៉េរិកជួយអឺរ៉ុបស្តារសេដ្ឋកិច្ចឡើងវិញក្រោយត្រូវបំផ្លិចបំផ្លាញដោយសារសង្រ្គាមលោកលើកទី២។
 
មេដឹកនាំ G7 អះអាងនឹងបង្កើតលេខាធិការដ្ឋានសម្រាប់គោលនយោបាយខាងលើ ហើយប្រទេសសមាជិកនីមួយៗនឹងត្រូវចាត់តាំងអ្នកតំណាងដែលជារដ្ឋាភិបាលជាន់ខ្ពស់ម្នាក់មើលការខុសត្រូវលើការបង្កើតគោលនយោបាយនេះ និងកិច្ចប្រឹងប្រែងសម្របសម្រួលជាបន្ត។ បើតាមមេដឹកនាំ G7 អ្នកតំណាងទាំងនោះគួរតែជួបប្រជុំឱ្យបានលឿនតាមដែលអាចធ្វើទៅបានក្នុងខែមករា ឆ្នាំ២០២៣។
 
ស្របគ្នានេះ មេដឹកនាំ G7 ក៏បានអំពាវនាវឱ្យបណ្តារដ្ឋមន្រ្តីហិរញ្ញវត្ថុនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿននេះជួបប្រជុំនាពេលខ្លីខាងមុខនេះជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិដើម្បីសម្របសម្រួលការផ្គត់ផ្គង់ថវិកាដល់អ៊ុយក្រែនសម្រាប់ឆ្នាំ២០២៣។
 
ថ្លែងក្នុងសុន្ទរកថាទៅកាន់មេដឹកនាំ G7 ប្រធានាធិបតីអរគុណយ៉ាងខ្លាំងសម្រាប់ការគាំទ្រជាបន្តបន្ទាប់របស់ប្រទេសទាំងនេះ។ ប៉ុន្តែក្នុងចំណោមសំណើទាំងអស់ លោកក៏ទាមទារឱ្យផ្តល់អាវុធជាមុនសិនដើម្បីប្រយុទ្ធតទល់នឹងរុស្ស៊ី ខណៈការស្តារសេដ្ឋកិច្ច និងសង្គមជាតម្រូវការធំទីពីរ។
 
«ជាអកុសល រុស្ស៊ីនៅតែមានប្រៀបលើកាំភ្លើងធំ និងមីស៊ីល» លោក ហ្សេលេនស្គី ថ្លែងបែបនេះដោយស្នើសុំកាំភ្លើងធំ និងរថក្រោះទំនើបបន្ថែមដែលជាយុទ្ធោបករណ៍អ៊ុយក្រេនស្នើសុំម្តងហើយម្តងទៀតជាមួយយន្តហោះចម្បាំង និងមីស៊ីលចម្ងាយឆ្ងាយ។
 
ទន្ទឹមនេះ មេដឹកនាំអ៊ុយក្រែនរូបនេះក៏បានស្នើសុំហ្គាសពីម្ចាស់ជំនួយលោកខាងលិចផងដែរ ខណៈប្រទេសហែកហួរដោយសារសង្រ្គាមមួយនេះប្រឈមនឹងកង្វះខាតអគ្គិសនីដោយសារតែការវាយប្រហារជាបន្តបន្ទាប់របស់រុស្ស៊ីលើ់ហេដ្ឋារចនាសម្ព័ន្ធថាមពលដែលបណ្តាលឱ្យប្រជាជនអ៊ុយក្រែនជាច្រើននាក់ស្ថិតក្នុងភាពត្រជាក់ ហើយគ្មានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់៕
 
 

Tag:
 អ៊ុយក្រែន
  G7
© រក្សាសិទ្ធិដោយ thmeythmey.com