FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
Zlatan Ibrahimovic ៖ ខ្ញុំគិតថា Messi នឹងជួយអាហ្សងទីនលើកពាន World Cup 2022
13, Dec 2022 , 3:59 pm        
រូបភាព
Zlatan Ibrahimovic ខ្សែប្រយុទ្ធវ័យចំណាស់សញ្ជាតិស៊ុយអែត ជឿជាក់ថាខ្សែប្រយុទ្ធ Lionel Messi នឹងអាចជួយអាហ្សង់ទីនលើកពាន ​FIFA World Cup 2022 នៅប្រទេសកាតា។ សមាជិកក្រុម AC Milan បានប្រាប់អ្នកកាសែតបែបនេះក្នុងទីក្រុងឌូបៃថ្ងៃទី១២ ខែធ្នូ។



បង្ហាញវត្តមានលើកទី៥ នៅក្នុងព្រឹត្តិការណ៍ World Cup តារាឆ្នើម Lionel Messi កំពុងតែសម្លឹងក្នុងការឈានជើងឡើងដល់វគ្គផ្តាច់ព្រ័ត្រជាលើកទីពីរក្នុងអាជីពជាកីឡាកររបស់ខ្លួន នៅពេលអាហ្សង់ទីនប្រកួតតទល់ក្រូអាស៊ីក្នុងជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររាត្រីថ្ងៃទី១៣ ខែធ្នូ ក្នុងកីឡដ្ឋាន Lusail Iconic។
 
វ័យ៣៥ឆ្នាំ Messi កំពុងបង្ហាញទៅកាន់ពិភពលោកអំពីដំណើរផ្សងព្រេងនៃការប្រកួត World Cup 2022 លើកចុងក្រោយរបស់គេ ខណៈដែលក្រុមខ្លាំងៗដូចប្រេស៊ីល ព័រទុយហ្កាល់ អាល្លឺម៉ង់ អេស្ប៉ាញ និងអង់គ្លេស សុទ្ធតែបានធ្លាក់ចេញពីការប្រកួត។ អាហ្សង់ទីន ស្រែកឃ្លានការឈ្នះពានរង្វាន់បាល់ទាត់កំពូលលើកដំបូងសារជាថ្មីចាប់តាំងពីឆ្នាំ ១៩៨៦។
 
Ibrahimovic ដែលកំពុងតែបន្តព្យាបាលរបួសជង្គង់ ខណៈចូលរួមជាមួយមិត្តរួមក្រុម AC Milan របស់គេក្នុងជំរុំហ្វឹកហាត់នាទីក្រុងឌូបៃ បានសរសើរក្រុម៣ ផ្សេងទៀតសុទ្ធតែខ្លាំងដែលបង្ហាញវត្តមាននៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តែមានក្រុមមួយប៉ុណ្ណោះនឹងដើរចេញជាមួយពានរង្វាន់នោះគឺអាហ្សង់ទីន និង Messi។
 
«ខ្ញុំគិតថាវាត្រូវបានកត់ត្រារួចរាល់ហើយថានរណានឹងឈ្នះ អ្នកដឹងអំពីអ្វីដែលខ្ញុំចឹងនិយាយហើយ ខ្ញុំគិតថា Messi នឹងលើកពានរង្វាន់នេះ វាត្រូវបានគេកត់ត្រានឹងរៀបចំរួចហើយ។»។ នេះបើតាមសម្តី Ibrahimovic វ័យ ៤១ឆ្នាំធ្លាប់បានបង្ហាញខ្លួននៅ World Cup ២លើកឆ្នាំ ២០០២ និង ២០០៦។
 
ដោយឡែក អាហ្សង់ទីន និងម៉ារ៉ុកដែលជាក្រុមកំពុងបង្កើតប្រវត្តិសាស្ត្រ នឹងព្យាយាមបញ្ឈប់បារាំង និង ក្រូអាស៊ី រៀងខ្លួន ដើម្បីឡើងទៅជួបគ្នាវគ្គផ្តាច់ព្រ័ត្រ។ វគ្គផ្តាច់ព្រ័ត្រនៅរុស្ស៊ីឆ្នាំ ២០១៨ បារាំងឈ្នះ ក្រូអាស៊ី ៤-២។ 
 
ទោះបីជាបារាំង និងក្រូអាស៊ីបង្ហាញភាពខ្លាំងខ្លួនក្នុងនាមជាក្រុមមកពីអឺរ៉ុបក្តី ប៉ុន្តែ Ibrahimovic នៅតែបង្ហាញភាពជឿជាក់ខ្លួនថា Messi នៅតែលើកពានរង្វាន់ World Cup 2022 នេះដដែល៕
 

Tag:
 World Cup
  Zlatan Ibrahimovic
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com