ជាតិ
លោក សែម សុវណ្ណនី ផ្ដាំទៅកងទ័ពមួកខៀវទាំងអស់ ឱ្យតម្កល់កិត្តិយសជាតិជាធំ នាយឧត្តសេនីយ៍ សែម សុវណ្ណនី អគ្គនាយកនៃមជ្ឈមណ្ឌលជាតិ។ រូបភាព៖ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព
× ភ្នំពេញ៖ កងកម្លាំងរាជអាវុធហត្ថលេខ១៧១ ចំនួន៧៣នាក់ ក្នុងនោះមានយោធិននារី៣៤នាក់ បានចេញដំណើរទៅបំពេញបេសកកម្មនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ។
នាយឧត្តសេនីយ៍ សែម សុវណ្ណនី អគ្គនាយកនៃមជ្ឈមណ្ឌលជាតិ បានណែនាំកងកម្លាំងចេញបំពេញបេសកកម្មឱ្យអនុវត្តភារកិច្ច ដោយមិនត្រូវមើលស្រាលស្ថានការណ៍ណាមួយឡើយ។ ទន្ទឹមនោះកងកម្លាំងទាំងអស់ ត្រូវចេះដកបទពិសោធន៍ និងក្រេបយកមេរៀនល្អៗ ដើម្បីកែតម្រូវរាល់កំហុសឆ្គង ដែលបានកើតមានឡើង។
ទិដ្ឋភាពកងកម្លាំងរាជអាវុធហត្ថលេខ១៧១ ធ្វើដំណើរឡើងយន្តហោះ។ រូបភាព៖ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ថា៖ «ត្រូវចងចាំថា វត្តមានរបស់កងកម្លាំងយើងនីមួយៗ មិនត្រឹមតែតំណាងអង្គការសហប្រជាជាតិ កងយោធពលខេមរភូមិន្ទ ឬមជ្ឈមណ្ឌលជាតិប៉ុណ្ណោះទេ គឺតំណាងឱ្យប្រទេសកម្ពុជាទាំងមូល។ ដូច្នេះ គ្រប់សកម្មភាពទាំងក្នុង និងក្រៅម៉ោងធ្វើការត្រូវតម្កល់កិត្តិយសជាតិជាតិជាចម្បង»។
គួរបញ្ជាក់ផងដែរថា តាំងពីឆ្នាំ២០០៦ រហូតដល់ពេលនេះ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ចំនួន៨៤៧៥នាក់ ទៅបំពេញបេសកកម្មមនុស្សធម៌ ជាមួយអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, ស៊ីរី, ម៉ាលី, អាហ្វ្រិកកណ្តាល សាយប្រឺស និងយ៉េមែន។ បច្ចុប្បន្ន កម្ពុជា មានកម្លាំងកងទ័ពមួកខៀវជាង ៨០០នាក់ កំពុងបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិនៅ សាធារណរដ្ឋស៊ូដង់ខាងត្បូង ម៉ាលី លីបង់ និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕
យោធិននារី ត្រៀមចេញបំពេញបេសកកម្មនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។ រូបភាព៖ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព
Tag:
អង្គការសហប្រជាជាតិ
កងទ័ពមួកខៀវ
ស៊ូដង់ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com