អន្តរជាតិ
ចិន ដាក់ពាក្យបណ្តឹងទៅ WTO ជុំវិញសំណុំរឿងអាម៉េរិករឹតបន្តឹងលើការនាំចេញបន្ទះឈីប
13, Dec 2022 , 4:39 pm        
រូបភាព
ដោយ:
ចិនបញ្ជូនពាក្យបណ្តឹងប្រឆាំងអាម៉េរិកទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក បន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនរឹតបន្តឹងលើការនាំចេញបន្ទះឈីបទៅចិន។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មចិននៅថ្ងៃទី១៣ ខែធ្នូ ។

 
រដ្ឋាភិបាលលោក ចូ បៃឌិន កាលពីខែតុលាបានអនុម័តបញ្ញត្តិគ្រប់គ្រងការនាំចេញបន្ទះឈីប និងសឺមីកុងឌុចទ័រទៅចិន។ វិធានការនេះនាំឱ្យសមាគមឧស្សាហកម្មសឺមីកុងឌុចទ័រចិនខកចិត្តជាខ្លាំង ដោយព្រមានថាវានឹងប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល។ 
 
ទាក់ទងរឿងនេះ ចិនបានដាក់ពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដោយស្នើឱ្យអាម៉េរិកពិភាក្សាជុំវិញបញ្ហានេះ។ ការស្នើសុំពិភាក្សានេះជាជំហានដំបូងក្នុងនិតិវិធីដ៏វែងក្នុងការដោះស្រាយជម្លោះនៅអង្គការពាណិជ្ជកម្មពិភពលោកមួយនេះ។ 
 
«ចិនចាត់វិធានការក្រោមក្រមខណ្ឌ WTO ដែលជាវិធីដ៏ចាំបាច់ដើម្បីដោះស្រាយការព្រួយបារម្ភរបស់យើង និងការពារប្រយោជន៍ស្របច្បាប់របស់យើង»។ សេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មចិនបញ្ជាក់បែបនេះដោយបន្ថែមថា ការរឹតបន្តឹងរបស់អាម៉េរិកគំរាមដល់ស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ឧស្សាហកម្មសកល។
 
បើតាមទីភ្នាក់ងារព័ត៌មាន Reuters លោក Adam Hodge អ្នកនាំពាក្យការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិកបញ្ជាក់ថា ខ្លួនបានទទួលសំណើពិភាក្សាពីចិនទាក់ទងនឹងទង្វើរបស់អាម៉េរិកដែលប៉ះពាល់ដល់សឺមីកុងឌុចទ័រហើយ។ ប៉ុន្តែលោកអះអាងថា វិធានការទាំងនេះអនុម័តឡើងដើម្បីធានាសន្តិសុខជាតិប៉ុណ្ណោះ។
 
«ដូចដែលយើងបានទាក់ទងជាមួយសាធារណរដ្ឋប្រជាមានិតចិនរួចហើយ​ វិធានការទាំងនេះទាក់ទងនឹងសន្តិសុខជាតិ ហើយ WTO មិនមែនជាវេទិកាសមរម្យដើម្បីពិភាក្សាបញ្ហាទាក់ទងនឹងសន្តិសុខជាតិទេ»។ លោក Hodge លើកឡើងបែបនេះក្នុងសេចក្តីថ្លែងការណ៍។
 
ពាក្យបណ្តឹងរបស់ចិនប្រឆាំងអាម៉េរិកជុំវិញការរឹតបន្តឹងលើការនាំចេញបន្ទះឈីបនេះធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពី WTO ចេញសេចក្តីសម្រេចប្រឆាំងនឹងក្រុងវ៉ាស៊ីនតោនជុំវិញពាក្យបណ្តឹងផ្សេងទៀតរបស់ចិន និងប្រទេសដទៃទៀតទាក់ទងនឹងការយកពន្ធនាំចូលលើដែកថែប និងអាលុយមីញ៉ូម។ WTO សម្រេចថាអាម៉េរិកបំពានច្បាប់ពាណិជ្ជកម្មអន្តរជាតិ ប៉ុន្តែក្រុងវ៉ាស៊ីនតោនរិះគន់ WTO ហើយច្រានចោលការរកឃើញនេះ៕
 

Tag:
 ចិន
  អាម៉េរិក
  WTO
© រក្សាសិទ្ធិដោយ thmeythmey.com