កីឡាអន្តរជាតិ
អន្តរជាតិ
ចេញពីតំណែងគ្រូអេស្ប៉ាញ លោក Enrique ចង់រកកៅអីដឹកនាំតាមក្លិបវិញ
13, Dec 2022 , 9:29 pm        
រូបភាព
លោក Luis Enrique អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ ថ្ងៃទី១២ ខែធ្នូ បាននិយាយថា លោករួចរាល់ហើយសម្រាប់ទទួលយកការប្រកួតប្រជែងថ្មី ហើយរំពឹងថាគម្រិតដឹកនាំនៅតាមក្លិបនឹងនៅតែមានគម្រិតខ្ពស់ដដែល។ លោក Enrique ចាកចេញពីតំណែងគ្រូបង្វឹកអេស្ប៉ាញក្រោយក្រុមធ្លាក់ចេញពី World Cup 2022 ក្រោយដឹកនាំរយៈពេល ៤ឆ្នាំចាប់តាំងពី​ ២០១៨ មក។



លោក Luis Enrique បានចែកផ្លូវជាមួយក្រុមកីឡាបាល់ទាត់អេស្ប៉ាញកាលពីថ្ងៃ៦ ខែធ្នូ ក្រោយពេលក្រុមធ្លាក់ចេញពី World Cup ក្រោមថ្វីជើងម៉ារ៉ុកក្នុងវគ្គ ១៦ក្រុមចុងក្រោយ ដោយការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រលទ្ធផល ៣-០។ លោក Luis de La Fuente គ្រូបង្វឹកក្រុមអេស្ប៉ាញអាយុក្រោម ២១ឆ្នាំ ចូលមកដឹកនាំជំនួសលោក Enrique វិញ។
 
និយាយក្នុងបទសម្ភាសន៍មួយនៅលើបណ្តាញសង្គម Twitter ជាមួយលោក Ibai Llanos ដែលជាអ្នករៀបចំកម្មវិធីដ៏ល្បីមួយរូបនៅលើបណ្តាញអ៊ិនធឺណិត អតីតគ្រូបង្វឹកអេស្ប៉ាញរូបនេះថាលោកចង់ទទួលបានការអភិវឌ្ឍសមត្ថភាពថ្មីបន្ថែមទៀត ដើម្បីកែប្រែភាពខ្វះខាត់របស់លោកនៅជម្រើសជាតិ។
 
«ខ្ញុំចង់បន្តដឹកនាំ ខ្ញុំឃើញថាខ្លួនខ្ញុំផ្ទាល់ចង់ទទួលយកការប្រកួតប្រជែងតាមក្លិប ហើយនិងអាចអភិវឌ្ឍដោយភាពម្មត់ចត់និងច្បាស់លាស់ជាងមុននូវអ្វីដែលខ្ញុំមិនអាចធ្វើបាននៅក្រុមជម្រើសជាតិ។ ប៉ុន្តែខ្ញុំនឹងរង់ចាំរហូតដល់រដូវកាលក្រោយ។»។ លោក Luis Enrique បាននិយាយបែបនេះ។
 
គ្រូបង្វឹកវ័យ ៥២ឆ្នាំ រូបនេះក៏បានបន្ថែមថា លោកធ្លាប់បានត្រូវបានផ្តល់ឱកាសបន្តកុងត្រាជាមួយអេស្ប៉ាញបន្ទាប់ពីព្រឹត្តិការណ៍ Euro 2020 ដែរលេងក្នុងឆ្នាំ ២០២១ បើទោះអេស្ប៉ាញធ្លាក់ចេញត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយបាល់កាត់សេចក្តី១១ម៉ែត្រក្រោមថ្វីជើងអ៊ីតាលី។ យ៉ាងណាអតីតអ្នកចាត់ការ Barcelona រូបនេះ បានបដិសេធ៕
 

Tag:
 Luis Enrique
© រក្សាសិទ្ធិដោយ thmeythmey.com