ជាតិ
សង្គមជាតិ
លោក សុខ ទូច គ្រោងស្នើឲ្យរដ្ឋឈប់បើកប្រាក់ខែជូនមន្រ្តីរាជបណ្ឌិតសភាតាមធនាគារ ព្រោះអ្នកខ្លះ ទទួលប្រាក់ខែ តែមិនធ្វើការ
13, Dec 2022 , 10:00 pm        
រូបភាព
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងក្នុងពិធីស្តីពីទិវាទូតសុច្ឆន្ទៈ ភាពជាអ្នកដឹកនាំ និងគតិបណ្ឌិតអ្នកដឹកនាំ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ (រូបពីវីដេអូលើទំព័រហ្វេសប៊ុករបស់លោក)។
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងក្នុងពិធីស្តីពីទិវាទូតសុច្ឆន្ទៈ ភាពជាអ្នកដឹកនាំ និងគតិបណ្ឌិតអ្នកដឹកនាំ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ (រូបពីវីដេអូលើទំព័រហ្វេសប៊ុករបស់លោក)។
ដោយ៖ ទេពញាណ

លោក សុខ ទូច ចាត់ទុកការទទួលប្រាក់ខែ តែមិនទៅធ្វើការ ថាជាការជិះជាន់កម្លាំងពលរដ្ឋ ដែលបង់ពន្ធ។



ក្នុងពិធីស្តីពីទិវាទូតសុច្ឆន្ទៈ ភាពជាអ្នកដឹកនាំ និងគតិបណ្ឌិតអ្នកដឹកនាំ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលាតត្រដាងជាសាធារណៈថា មន្រ្តីខ្លះនៅរាជបណ្ឌិត្យសភា អាងប្រាក់ខែធ្លាក់ទៅតាមធនាគារស្រាប់ ពួកគេ ក៏មិនសូវទៅបំពេញការងារ។ មូលហេតុនេះ ធ្វើឲ្យលោក មានបំណងដាក់សំណើទៅរដ្ឋាភិបាលក្នុងអាណត្តិក្រោយ ដែលជាអាណត្តិទី៧ ដើម្បីឲ្យបញ្ឈប់ការបញ្ជូនប្រាក់ខែទៅមន្រ្តីរាជការនៃរាជបណ្ឌិត្យសភាតាមប្រព័ន្ធធនាគារ ដោយប្តូរមកបើកប្រាក់ខែឲ្យពួកគេតាមទម្លាប់ចាស់វិញ គឺបើកផ្ទាល់ដៃ។

លោក សុខ ទូច ដែលមានគោរមងារជាបណ្ឌិតសភាចារ្យ សង្កេតឃើញថា ការបើកប្រាក់ខែឲ្យមន្រ្តីរាជការតាមប្រព័ន្ធធនាគារនេះ ធ្វើឲ្យពួកគេ កើតមានទម្លាប់អាក្រក់ គឺមិនសូវទៅបំពេញការងារ។ ប្រធានរាជបណ្ឌិត្យសភារូបនេះ ថ្លែងដូច្នេះថា៖«បាន [ប្រាក់ខែ] ចូលធនាគារ មានមកធ្វើការឯណា ទៅធ្វើការក្រុមហ៊ុន [ឯកជន] ទៅបង្រៀនឯណាណោះវិញ»។

លោក លើកឧទាហរណ៍ថា ក្រុមហ៊ុនខ្លះ ផ្តល់ប្រាក់ខែដល់ទៅ៥០០ដុល្លារ ឬ១០០០ដុល្លារ តែអ្នកដែលដាក់ពាក្យសុំប្រឡង ឬដាក់ពាក្យសុំចូលបម្រើការងារឲ្យក្រុមហ៊ុននោះ មិនសូកលុយ ដើម្បីបានជាប់ឡើយ។ លោក បន្តក្នុងសេចក្តីឧទាហរណ៍នេះទៀតថា ឯការងាររាជការខ្លះ ទទួលបានប្រាក់ខែតែ៣៥០ដុល្លារប៉ុណ្ណោះ តែគេ ហ៊ានសូកលុយ ដើម្បីបានក្របខ័ណ្ឌ។

បន្ទាប់មក លោក ក៏ចោទសួរថា ហេតុអ្វីបានជាមានករណីបែបនេះ? ចម្លើយរបស់លោក គឺ ក្រោយបានក្របខ័ណ្ឌ គេ អាចចេញទៅធ្វើការងារផ្សេង ដោយមិននៅបំពេញការងាររដ្ឋនោះទេ ព្រោះអាងប្រាក់ខែ ត្រូវបានដាក់ចូលទៅក្នុងលេខគណនីធនាគាររួចជាស្រេច ហើយប្រាក់ខែ ដែលត្រូវបញ្ចូលទៅក្នុងលេខគណនីធនាគារនោះទៀតសោត មិនអាចត្រូវបានកាត់ឡើយ។

បន្ថែមលើអ្វីដែលខ្លួនលើកឡើងក្នុងពិធីខាងលើ លោក សុខ ទូច ប្រាប់សារព័ត៌មានថ្មីៗថា លោក មានការស្រាវជ្រាវច្បាស់លាស់ ពីករណីមន្រ្តីមិនទៅបំពេញការងារនេះ។ លោក អះអាងថា ភាគច្រើននៃមន្រ្តីអសកម្មទាំងនោះ គឺជាមន្រ្តីដែលមានវ័យចំណាស់។

លោក មានប្រសាសន៍បែបនេះថា៖«គាត់ អត់ឈឺក្បាល ព្រោះប្រាក់ខែបញ្ចូលទៅតាមធនាគារអស់ហើយ អត់មក [ធ្វើការ] ក៏អត់មានបញ្ហាដែរ។ […] ទម្លាប់យូរណាស់មកហើយ ២០ឆ្នាំមកហើយ អ៊ីចឹង កែទម្លាប់ហ្នឹងអត់បាន។ មកខ្ញុំនេះ ខ្ញុំរៀងកាច បាន [មន្រ្តី] មក [ធ្វើការ] បានច្រើន តែអ្នកខូច នៅតែខូចដដែល»។

លោក យល់ថា ការបើកប្រាក់ខែផ្ទាល់ នឹងជំរុញឲ្យមន្រ្តីរាជការនៅរាជបណ្ឌិត្យសភា ទៅបំពេញការងារបានគ្រប់គ្នា។ លោក បន្តថា អ្នកដែលមិនទៅធ្វើការ នឹងមិនមានស៊ីញេអំពីវត្តមានរបស់គេឡើយ ហើយគេ នឹងមិនត្រូវបើកប្រាក់ខែឲ្យនោះទេ។ លោក ទិតៀនដូច្នេះថា៖«យើង គ្រាន់តែមកដាក់ឈ្មោះ ហើយយើងអត់មកធ្វើការ អាហ្នឹងយើងជិះជាន់កម្លាំងប្រជាជនដែលបង់ពន្ធ»។

ពេលរកឃើញមន្រ្តីណាម្នាក់ បំពេញការងារមិនបានគ្រប់ តើប្រាក់ខែរបស់គាត់ ដែលបញ្ចូលទៅក្នុងធនាគារ មិនអាចកាត់បានទេឬ ហើយប្រាក់ខែ ដែលបើកដោយផ្ទាល់ តើអាចកាត់បានពិតមែនទេ? លោក សុខ ទូច មិនបកស្រាយលម្អិតទៅនឹងសំណួរនេះឡើយ ដោយលោក គ្រាន់តែផ្តល់ចម្លើយកាត់ៗថា ប្រាក់ខែដែលបញ្ចូលទៅក្នុងធនាគារ មិនអាចកាត់បានទេ ហើយបើចង់កាត់ គឺត្រូវឆ្លងកាត់ច្រើនគន្លាក់ ឯប្រាក់ខែដែលបើកផ្ទាល់ រាជបណ្ឌិត្យសភា ត្រូវស្នើទៅរដ្ឋបាលថ្នាក់ជាតិ ដើម្បីសុំឲ្យកាត់ គឺមិនមែនរាជបណ្ឌិត្យសភាកាត់ដោយផ្ទាល់នោះទេ។ បើតាមប្រធានរាជបណ្ឌិត្យសភា ប្រាក់ខែដែលកាត់នោះ នឹងត្រូវបញ្ចូលទៅជាថវិការដ្ឋវិញ៕

Tag:
 សុខ ទូច
© រក្សាសិទ្ធិដោយ thmeythmey.com