ជាតិ
សង្គមជាតិ
Oikocredit នឹង​សហការ លើ​បណ្ដឹង​របស់ GNO ដែល​ចោទថា​រួមចំណែក​រំលោភសិទ្ធិ​មនុស្ស​នៅ​កម្ពុជា
13, Dec 2022 , 6:40 pm        
រូបភាព
រូបតំណាង៖ ពលរដ្ឋមានជាប់បំណុល ត្រូវបង្ខំចិត្តជិតលក់ដីធ្លី។ រូបពី លីកាដូ
រូបតំណាង៖ ពលរដ្ឋមានជាប់បំណុល ត្រូវបង្ខំចិត្តជិតលក់ដីធ្លី។ រូបពី លីកាដូ
​ភ្នំពេញ​៖ ក្រុមហ៊ុន Oikocredit អះអាងថា ខ្លួន​នឹងចូលរួម ចូលរួម​សហការ​ផ្ដល់​ព័ត៌មាន​ដល់​ស្ថាប័ន​ទទួល​ពាក្យបណ្តឹង​ថ្នាក់ជាតិ​របស់​រដ្ឋាភិបាល​ប្រទេស​ហូ​ឡង់ សម្រាប់​ការទទួលខុសត្រូវ​សកម្មភាព​អាជីវកម្ម (National Contact Point for Responsible Business Conduct) ជុំវិញ​បណ្ដឹង​របស់ សង្គម​ស៊ីវិល​ចំនួន​បី​។ ប្ដឹង​នេះ បាន​ចោទ Oikocredit ថា​មិន​គោរព​តាម​គោល​ការ​នោ​យោគ ហើយ​រួមចំណែក​បង្កើត​ឲ្យ​មាន​វិបត្តិ​សិទ្ធិមនុស្ស​។​

 
​អង្គការ​ចំនួន​បី រួមមាន អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស លីកាដូ និង អង្គការ​សមធម៌​កម្ពុជា និង​អង្គការ FIAN អាល្លឺម៉ង់ បានរួម​គ្នា ប្ដឹង​ក្រុមហ៊ុន អយ​កូ​ក្រេ​ឌី​ត (Oikocredit)​។ ពួកគេ បានដាក់​ពាក្យបណ្ដឹង​ទៅ​ស្ថាប័ន​ទទួល​ពាក្យបណ្តឹង​ថ្នាក់ជាតិ របស់​រដ្ឋាភិបាល​ប្រទេស​ហូ​ឡង់​សម្រាប់​ការទទួលខុសត្រូវ​សកម្មភាព​អាជីវកម្ម (National Contact Point for Responsible Business Conduct) ដោយ​ចោទថា​ក្រុមហ៊ុន Oikocredit បរាជ័យ​ក្នុងការ​អនុវត្ត​វិធានការ​ត្រួតពិនិត្យ ឱ្យបាន​គ្រប់​ជ្រុងជ្រោយ និង​វិនិយោគ​លើ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ទាំង​ដែល​បានដឹង​ជាមុន​ថា សកម្មភាព​វិនិយោគ​របស់ខ្លួន​រួមចំណែក​ដល់​ការរំលោភបំពាន​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ក៏ដោយ​។ 
 
​ក្នុង​សេចក្ដី​ថ្លែង​ការ​របស់​អង្គការ​ទាំងបី បញ្ជាក់ថា ក្រុមហ៊ុន Oikocredit មិន​អនុវត្ត​វិធានការ​ត្រួតពិនិត្យ​ឲ្យ​គ្រប់​ជ្រុងជ្រោយ និង​វិនិយោគ​ទាំង​ផល​អវិជ្ជមាន ចាំ​តាំងពី​ឆ្នាំ​២០១៧​មកម្ល៉េះ​។ នៅ​ចន្លោះ​ឆ្នាំ ២០១៧ ដល់​២០២២ ក្រុមហ៊ុន Oikocredit បាន​បង្កើន​ការវិនិយោគ​ទៅលើ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ដែល​ក្នុងនោះ​កើនឡើង​ពី ៥០​លាន​អឺរ៉ូ ទៅ​ជាង​៧៦​លាន​អឺរ៉ូ​។ ហេតុនេះ កម្ពុជា បានក្លាយ​ប្រទេស​ទទួលបាន​ការវិនិយោគ​ធំ​ទី​ពីរ ពី​ក្រុមហ៊ុន Oikocredit​។ 
 
​ក្នុង​សេចក្ដីថ្លែងការណ៍ អង្គការ​ទាំង​បានលើកឡើង​បែបនេះ​៖ «​ការវិនិយោគ​របស់​ក្រុមហ៊ុន Oikocredit បានរួម​ចំណែក​ក្នុងការ​បង្កើតឱ្យមាន​វិបត្តិ​សិ​ទិ្ធ​មនុស្ស ដោយសារ​បញ្ហា​បំណុល​នៅ​កម្ពុជា ។ វិបត្តិ​នេះ បង្កឱ្យមាន​ការលក់​ដី​ដោយ​បង្ខំ អសន្តិសុខ​ស្បៀង និង​ការបាត់បង់​ជីវភាព​រស់នៅ​សមរម្យ​របស់​ពលរដ្ឋ​ដែល​ជំពាក់​បំណុល​រាប់សែន​នាក់​»​។ ជាមួយគ្នា​ដែរ ពួកគេ ការរំលោភ​សិទ្ធិមនុស្ស​ជា​ប្រព័ន្ធ នៅក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ គឺមាន​ការរួមចំណែក​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ទទួលបាន​មូលនិធិ​ដោយផ្ទាល់ ពី Oikocredit ផងដែរ​។​
 
​ជុំវិញ​ករណីនេះ អ្នកស្រី ណា​លី ពី​ឡូ​ក នាយិកា​ទទួលបន្ទុក​កិច្ចការ​ក្រៅ​តំបន់​នៃ​អង្គការ​លីកាដូ បានលើកឡើង​ចំណុចៗ ទៅ​ក្រុមហ៊ុន Oikocredit ថា​ពួកគេ​តែង​អះអាងថា​ខ្លួន ជា​វិនិយោគិន​មួយរូប ដើម្បី​អភិវឌ្ឍ​សង្គម ប៉ុន្តែ​ការវិនិយោគ​របស់​ពួកគេ​នៅ​កម្ពុជា បាន​ប៉ះពាល់​ដល់​អ្នក​ខ្ចីប្រាក់​យ៉ាងធ្ងន់ធ្ងរ​។ ហេតុនេះ អ្នកស្រី បានបង្ហាញ​ក្ដីសង្ឃឹម​បែបនេះ​៖ «​ក្ដីសង្ឃឹម​របស់​យើង​គឺថា ពាក្យបណ្ដឹង​នេះ នឹង​បង្ខំ​ឱ្យ Oikocredit ក៏ដូចជា​វិនិយោគិន​ផ្សេងទៀត ដែល​បាន​អះអាងថា ធ្វើ​វិនិយោគ​ដើម្បី​សង្គម​ប្រកបដោយ​ប្រសិទ្ធភាព ប៉ុន្តែ​បង្កើតឱ្យមាន​វិបត្តិ​សិទ្ធិមនុស្ស​នេះ ឱ្យ​ជួសជុល​ការខូចខាត​ដែល​ពួកគេ​បានរួម​ចំណែក និង​ផ្ដល់​ការអនុគ្រោះ​ពិតប្រាកដ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ដែលជា​អ្នក​ខ្ចីប្រាក់​»​។ 
 
​ឆ្លើយតប​ទៅ​ហ្នឹង​បណ្ដឹង​ខាងលើ នៅ​ថ្ងៃទី​១២​ធ្នូ​នេះ Oikocredit បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ថា 
​គោលដៅ​របស់ Oikocredit ក្នុងនាម​ជា​អ្នកវិនិយោគ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ គឺ​ដើម្បី​លើកកម្ពស់​ជីវភាព​រប​ស់​អ្នកមាន​ប្រាក់ចំណូល​ទាប​។ ក្នុងន័យនេះ ពួកគេ​ពន្យល់​បន្ថែមថា គឺ​ជួយ​ជំរុញ​អ្នក​ទាំងនោះ ឲ្យ​មាន​ចំណូល​និរន្តរភាព តាមរយៈ​ការគាំទ្រ​ដៃគូ ដោយ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​ការទទួលខុសត្រូវ​។ «​ដូច្នេះ យើង​ទទួលយក​របាយការណ៍​ណាមួយ អំពី​អាកប្បកិរិយា​មិន​សមគួរ ឬ​គ្មាន​ក្រមសីលធម៌ ដែល​អាច​កើតមាន​ដោយ​ដៃគូ​របស់​យើង​យ៉ាងធ្ងន់ធ្ងរ​»​។ Oikocredit សង្កត់ធ្ងន់​បែបនេះ ។​
 
​ជាមួយគ្នា​ដែរ Oikocredit  បញ្ជាក់ថា ពួកគេ​នឹង​ស្រាវជ្រាវ​លើ​ករណី​ដែល​សង្គម​ស៊ីវិល​លើកឡើង ហើយនឹង​បង្កើន​ការ​ប្រុយ​ប្រយ័ត្ន​លើ ហើយ​ចូលរួម​ធ្វើការ​ជាមួយ​ដៃគូ​នានា ដើម្បី​ការពារ​អតិថិជន ប្រកបដោយ​ស្ដង់ដារ និង​មាន​ក្រមសីលធម៌​។ លើសពីនេះ ក្រុម​ហ៊ុ​នេះ បាន​បញ្ជាក់ថា​៖ «Oikocredit International នឹង​សហការ​យ៉ាង​ពេញលេញ​ជាមួយ​ស្ថាប័ន​ទទួល​ពាក្យបណ្តឹង​ថ្នាក់ជាតិ​របស់​រដ្ឋាភិបាល​ប្រទេស​ហូ​ឡង់ ក្នុងការ​ផ្តល់ព័ត៌មាន​ចាំបាច់​ទាំងអស់​»​។ 
 
​កន្លងមក អង្គការ​ទាំងបី​ដែល​ប្ដឹង​ខាងលើ បាន​ប៉ាន់ប្រមាណ​ថា អ្នក​ខ្ចីប្រាក់​រហូតដល់ ១៦​ម៉ឺន​នាក់   នៅក្នុង​កម្ពុជា បាន​លក់​ដី ដើម្បី​បង់​សងបំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ​។ ហើយ​កាលពី​ខែតុលា ឆ្នាំ​២០២១ ធនាគារ​អភិវឌ្ឍ​នៅ​ហូ​ឡង់​ឈ្មោះ FMO បាន​វិនិយោគ​ទឹកប្រាក់ ៥០​លាន​ដុល្លារ នៅក្នុង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការរំលោភបំពាន​។ អំឡុង​ពេលនោះ មូលនិធិ​ជំនួយ​មួយ​ដែល​បាន​ម្ចាស់​ភាគហ៊ុន​ដូចជា សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ KfW, BMZ និង​ស្ថាប័នរដ្ឋ​នៅ​អឺរ៉ុប​ផ្សេងទៀត បាន​បង្កើន​ការវិនិយោគ​របស់​ពួកគេ នៅក្នុង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ផងដែរ​។ ក្នុង​ខែមេសា ឆ្នាំ​២០២២ ធនាគារ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB)​បានអនុម័ត​យ៉ាង​ប្រញាប់ប្រញាល់ នូវ​ការវិនិយោគ​ដំបូង​របស់ខ្លួន នៅក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ដោយ​សន្យាថា​នឹង​ផ្ដល់​ទឹកប្រាក់​ចំនួន ១៧៥​លាន​ដុល្លារ ទៅកាន់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​២ ដែល​បច្ចុប្បន្នកំពុងរ​ង​បណ្ដឹង​នៅ ការិយាល័យ​ភាព​អនុលោម ទីប្រឹក្សា​ដោះស្រាយ​វិវាទ​៕ 
 

Tag:
 Oikocredit
  ហិរញ្ញវត្ថុ​
  សិទ្ធិមនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com