FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo នឹងមិនសប្បាយចិត្តទេ បើអាហ្សង់ទីនឈ្នះ World Cup 
×![]()
Ronaldo វីរបុរសប្រេស៊ីល នឹងមិនសប្បាយចិត្តឡើយ ប្រសិបបើអាហ្សង់ទីនឈ្នះ FIFA World Cup នៅកាតា។ ការលើកឡើងរបស់ម្ចាស់ស្បែកជើងមាស World Cup រូបនេះ បន្ទាប់ពីអតីតក្រុមគូប្រជែងខ្លួនអាហ្សង់ទីនទម្លាក់ក្រូអាស៊ីនៅវគ្គ៤ក្រុមចុងក្រោយ ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ។
ប្រេស៊ីល ឈ្នះជើងឯកកីឡាបាល់ទាត់ពិភពលោកចុងក្រោយឆ្នាំ ២០០២ នៅកូរ៉េ-ជប៉ុន ដោយ Ronaldo ដើរតួយ៉ាងសំខាន់សម្រាប់ជ័យជម្នះនេះ។ នាព្រឹត្តិការណ៍ក្រោយៗ សាំបាប្រេស៊ីលធ្វើមិនបានល្អឡើយ ក្នុងនោះក្រុមយក្សឡាទីនមួយនេះ មិនឈានចូលដល់វគ្គផ្តាច់ព្រ័ត្រឡើយ។

Ronaldo ទស្សនាការប្រកួតរវាងអាហ្សង់ទីន និងក្រូអាស៊ី
ស្របពេលប្រេស៊ីលធ្លាក់ត្រឹមវគ្គ៨ក្រុម ហើយអាហ្សង់ទីនកក់កៅអីវគ្គផ្តាច់ព្រ័ត្រនៅកាតា Ronaldo ដែលមានវត្តមានក្នុងការប្រកួតអាហ្សង់ទីន-ក្រូអាស៊ីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បង្ហាញអារម្មណមិនស្រណុកចិត្តឡើយ ដែលឃើញក្រុមគូប្រជែងខ្លួនឈានដល់ឱកាសដណ្តើមពាន។
ក្នុងបទសម្ភាសន៍ជាមួយកាសែតអេស្ប៉ាញ Marca បុរសវ័យ៤៦ឆ្នាំ អះអាងថា៖«បើនិយាយថាខ្ញុំនឹងសប្បាយចិត្តសម្រាប់អាហ្សង់ទីន បើពួកគេឈ្នះ World Cup មិនមែនជាការពិតទេ វានឹងក្លាយជាការកុហក ខ្ញុំមិនមែនជាមនុស្សលាក់ពុតនោះទេ»។
ទោះប្រេស៊ីលធ្លាក់ក្រោមថ្វីជើងក្រូអាស៊ីវគ្គ១/៤ផ្តាច់ព្រ័ត្រក្តី ប៉ុន្តែ Ronaldo នៅតែសរសើក្រុមលេងបានល្អ ពោលគឺល្អជាងអាហ្សង់ទីន។ ម្ចាស់ក្លិប Real Valladolid នៃលីគកំពូលអេស្ប៉ាញ La Liga រូបនេះបន្ថែមថា៖ «តាមទម្រង់លេងប្រេស៊ីលសមឈ្នះ World Cup នៅកាតានេះ។ អាហ្សង់ទីនលេងមិនសូវល្អទេ តែពួកគេមានមហិច្ឆតាធំ ពួកគេមានបេះដូងរួមគ្នាតែមួយ ជាពិសេសវត្តមាន Messi ទើបពួកគេឈានដល់វគ្គផ្តាច់ព្រ័ត្រ»។
Ronaldo ដែលជាម្ចាស់ពានរង្វាន់ Ballon d'Or ពីរសម័យ ក៏បានលើកឡើងអំពីបេក្ខភាពគ្រូប្រេស៊ីលថ្មី បន្ទាប់ពីលោក Tite ចាកចេញពីតំណែង ក្រោយដឹកនាំក្រុមបរាជ័យនៅ World Cup ពីរលើកជាប់គ្នា។
សម្រាប់តំណែងគ្រូថ្មីប្រេស៊ីល Ronaldo មិនប្រកាន់ថាជាគ្រូបរទេសអ្វីឡើយ។ Ronaldo ចង់បានគ្រូថ្មីដូចជា Pep Guardiola, Carlo Ancelotti ឬ Jose Mourinho ទៅបង្វឹកប្រេស៊ីល។ យ៉ាងណា Ronaldo ថាខ្លួនមិនមែនជាអ្នករើសនោះទេ ដោយតួនាទីនេះសម្រាប់សហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF) ស្របពេលខ្លួនគ្រាន់តែផ្តល់យោបល់ប៉ុណ្ណោះ៕
Tag:
World Cup
FIFA
Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com