ជាតិ
ប្រធានាធិបតីបារាំង ម៉ាក្រុង បង្ហាញភាពស្និទ្ធស្នាលផ្តល់តម្លៃដល់សម្តេច ហ៊ុន សែន យ៉ាងខ្លាំង
14, Dec 2022 , 4:03 pm        
រូបភាព
ប្រធានាធិបតីបារាំង លោក អេម៉ានុយអ៊ែល ម៉ាក្រុង បានដើរកាន់ដៃសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងស្អិតនៅក្នុងអគារវិមានរដ្ឋាភិបាលអេលីហ្សេក្នុងទីក្រុងប៉ារីសកាលពីយប់ថ្ងៃទី១៣ខែធ្នូឆ្នាំ២០២២។ នេះជាកាយវិការស្និទ្ធស្នាលដែលបង្ហាញដោយប្រធានធិបតីនៃប្រទេសមហាអំណាចបារាំងចំពោះប្រមុខរដ្ឋាភិបាលកម្ពុជា ខណៈមេដឹកនាំទាំងពីរត្រូវពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី។

 
កម្រងរូបភាពទាំងនេះត្រូវបានបង្ហោះផ្សាយនៅលើបណ្ដាញព័ត៌មានរបស់សម្តេចនាយករដ្ឋមន្ត្រី ហើយត្រូវបានពលរដ្ឋខ្មែរចែកផ្សាយបន្តគ្នាយ៉ាងទូលំទូលាយ។
 
នៅក្នុងអគារវិមានរដ្ឋាភិបាលដដែល លោកប្រធានាធិបតីបារាំងបានថ្លែងស្វាគមន៍សម្ដេច ហ៊ុន សែន ដោយពាក្យពេចន៍គោរព និងអរគុណសម្តេចនាយករដ្ឋមន្ត្រីយ៉ាងខ្លាំង ពិសេសសម្រាប់វត្តមានរបស់សម្តេចនៅក្នុងកិច្ចប្រជុំអន្តរជាតិស្តីការគាំទ្រភាពធន់នៃប្រជាជនអ៊ុយក្រែន។ ការចូលរួមរបស់ប្រមុខរដ្ឋាភិបាលកម្ពុជានៅក្នុងកិច្ចប្រជុំនោះ បានផ្តល់តម្លៃបន្ថែមទៀតដល់សម្តេចនាយករដ្ឋមន្ត្រី ក្នុងក្របខណ្ឌនៃអ្នកការពារសន្តិភាព។
 
ភាពស្និទ្ធស្នាលដែលលោក ម៉ាក្រុង បានធ្វើចំពោះសម្តេច ហ៊ុន សែន បង្ហាញពីការផ្តល់តម្លៃដល់សម្តេច ហ៊ុន សែន ផង និងរដ្ឋាភិបាលកម្ពុជាផងក្នុងនាមជាមិត្តភក្តិជាប្រវត្តិសាស្ត្ររបស់បារាំង។ កាយវិការនេះក៏បានបញ្ចប់រាល់ការអត្ថាធិប្បាយរបស់លោក សម រង្ស៊ី ដែលរិះគន់ទាំងលោកប្រធានាធិបតី ម៉ាក្រុង និងសម្តេច ហ៊ុន សែន។ លោក សម រង្ស៊ី មិនសប្បាយចិត្តឡើយ នៅពេលលោកដឹងថាលោកម៉ាក្រុងអញ្ជើញសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រតិភូរដ្ឋាភិបាកម្ពុជាពិសារអាហារល្ងាចនៅក្នុងវិមានអេលេហ្សេ។ លោក សម រង្ស៊ី បានសរសេរនៅលើទំព័រហ្វេសប៊ុកជាភាសាបារាំងថា លោក ម៉ាក្រុង ត្រូវបានបោកបញ្ឆោត ដោយសារតែសម្តេច ហ៊ុន សែន លែងជាប្រធានអាស៊ានទៀតហើយ។
 
ដើម្បីឆ្លើយតបទៅលោក សម រង្ស៊ី គេអាចតាំងសំណួរយ៉ាងសាមញ្ញថា តើលោកប្រធានាធិបតីបារាំង ម៉ាក្រុង និងមន្ត្រីរដ្ឋាភិបាលបារាំងទាំងអស់ មិនយល់ ឬមិនដឹងថា តើភាពជាប្រធានអាស៊ានចប់នៅពេលណា? ឬក៏ថារដ្ឋាភិបាលបារាំងធ្វើកិច្ចការអន្តរជាតិទាំងមិនត្រឹមត្រូវ?
 
លោកប្រធានាធិបតីបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង កំពុងផ្តល់តម្លៃយ៉ាងខ្លាំងដល់សម្តេច ហ៊ុន សែន ដែលតែងឈ្នះក្នុងការបោះឆ្នោតទល់នឹងលោក សម រង្ស៊ី៕






 
 

© រក្សាសិទ្ធិដោយ thmeythmey.com