ជាតិ
រដ្ឋមន្រ្តីកសិកម្ម ៖ ការប្រឆាំងនឹងការលាងសម្អាតប្រាក់ក្នុងវិស័យព្រៃឈើ និងជលផលជាការងារសំខាន់
14, Dec 2022 , 7:59 pm        
រូបភាព
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ រូបភាពពីហ្វេសប៊ុក​លោក ឌិត ទីណា។
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ រូបភាពពីហ្វេសប៊ុក​លោក ឌិត ទីណា។
ភ្នំពេញ៖ ការប្រឆាំងនឹងបទល្មើសលាងសម្អាតប្រាក់ ក្នុងវិស័យព្រៃឈើ និងជលផល ជាកិច្ចការអទិភាព ដែលត្រូវលុបបំបាត់។ លោក ឌិត ទីណា រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ សរសេរ​លើ​ទំព័រ​ហ្វេសប៊ុកបែបនេះ។​



រដ្ឋបាលព្រៃឈើ បានធ្វើបទបង្ហាញជូនថ្នាក់ដឹកនាំនៃក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ​ អំពីវឌ្ឍនភាពការងារប្រឆាំងការសម្អាតប្រាក់ដែលសម្រេចបាននាពេលកន្លងមក។ បន្ទាប់​ពី​បាន​ស្ដាប់​បទ​បង្ហាញ​ខាងលើ​ លោក ឌិត ទីណា បាន​បង្ហាញចំណាប់អារម្មណ៍ នៅថ្ងៃទី១៣ ខែធ្នូ ​ដូច្នេះ៖ «ចំពោះខ្ញុំ ការងារប្រឆាំងនឹងការលាងសម្អាតប្រាក់ក្នុងវិស័យព្រៃឈើ និងជលផលជាការងារសំខាន់ដែល មន្ដ្រីពង្រឹងច្បាប់ ត្រូវយកចិត្តទុកដាក់ស្រាវជ្រាវរកឫសគល់ឱ្យដល់ប្រភពដើម»។
  

ជំនួបប្រជុំជាមួយរដ្ឋបាលព្រៃឈើ កាលពីថ្ងៃទី១៣ ធ្នូ។ រូបភាពពីហ្វេសប៊ុក​លោក ឌិត ទីណា។
 
បើតាម​រដ្ឋមន្រ្តី​វ័យ​ក្មេង​រូបនេះ បទល្មើសលាងសម្អាតប្រាក់ ជាឧបសគ្គដល់ការអភិវឌ្ឍរបស់កម្ពុជា។ លោក បន្តថា ការងារប្រយុទ្ធប្រឆាំងនឹងការលាងសម្អាតប្រាក់ ត្រូវធ្វើប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងដោយតម្កល់ផលប្រយោជន៍ជាតិជាធំ។
 
ក្រោយ​ជំនួបប្រជុំខាង​លើ លោក ឌិត ទីណា បានណែនាំឱ្យរដ្ឋបាលព្រៃឈើពង្រឹងការអនុវត្តច្បាប់តាមមធ្យោបាយនានា ប្រកបដោយយុទ្ធសាស្ត្រ។ ជាមួយ​គ្នានេះ ត្រូវ​ពិនិត្យដោះស្រាយបញ្ហា លើ​តម្រូវការឈើប្រើប្រាស់ជាក់​ស្តែង ធៀបនឹងតម្រូវការអភិរក្ស ក្រោមគោលការណ៍អភិវឌ្ឍព្រៃឈើ។ ការណ៍​ធ្វើ​បែបនេះ​ ដើម្បីបម្រើផលប្រយោជន៍ប្រជាជន រកចំណូលជូនជាតិប្រកបដោយនិរន្ដរភាព និងផ្ដល់ជាជម្រកដល់សត្វព្រៃ និងប្រព័ន្ធជីវៈចម្រុះ។
 
គួរ​បញ្ជាក់ថា រដ្ឋបាលព្រៃឈើ គឺជាអាជ្ញាធររដ្ឋាភិបាល ដែលចំណុះក្រោមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការគ្រប់គ្រងព្រៃឈើ និងធនធានព្រៃឈើស្របតាមគោលនយោបាយវិស័យព្រៃឈើជាតិ៕ 


ជំនួបប្រជុំជាមួយរដ្ឋបាលព្រៃឈើ កាលពីថ្ងៃទី១៣ ធ្នូ។ រូបភាពពីហ្វេសប៊ុក​លោក ឌិត ទីណា។
 


Tag:
 កសិកម្ម
  រដ្ឋបាល​ព្រៃ​ឈើ​
© រក្សាសិទ្ធិដោយ thmeythmey.com