ជាតិ
សេដ្ឋកិច្ច
កម្ពុជា នាំទំនិញទៅទីផ្សារអាម៉េរិកច្រើនជាងគេ ខណៈនាំទៅចិនស្ថិតក្នុងលំដាប់លេខ៣
14, Dec 2022 , 8:59 pm        
រូបភាព
រូបតំណាង៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលសព្វថ្ងៃស្រូបយកនូវចំណែកទីផ្សារបានជាង​៧០ភាគរយ នៃការចរាចរណ៍ទំនិញចេញ-ចូលសរុបរបស់កម្ពុជា។ រូបថត៖ PAS
រូបតំណាង៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលសព្វថ្ងៃស្រូបយកនូវចំណែកទីផ្សារបានជាង​៧០ភាគរយ នៃការចរាចរណ៍ទំនិញចេញ-ចូលសរុបរបស់កម្ពុជា។ រូបថត៖ PAS
ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោកក្នុងរយៈ១១ខែមកនេះ គឺមានទំហំទឹកប្រាក់ជាង២០,៤ពាន់លានដុល្លារអាម៉េរិក។ ការនាំចេញនេះមានកំណើនដល់១៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២១។ ទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា គឺសហរដ្ឋអាម៉េរិក។ នេះបើយោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

 
កម្ពុជាមានទំហំពាណិជ្ជកម្ម ជាមួយប្រទេសក្នុងពិភពលោក ក្នុងទំហំទឹកប្រាក់៤៨,២ពាន់លានដុល្លារ។ ក្នុងនោះការនាំចេញមានជាង២០,៤ពាន់លានដុល្លារ ខណៈការនាំចូលវិញមាន២៧,៧ពានលានដុល្លារ។​ ជុំវិញនៃទំនាក់ទំនងពាណិជ្ជកម្មនេះ សារព័ត៌មានថ្មីៗ(ThmeyThmey) សូមលើកយកប្រទេសចំនួន១០ដែលកម្ពុជានាំទំនិញទៅកាន់ទិផ្សារប្រទេសទាំងនោះ ច្រើនជាងគេ ដែលរួមមានដូចខាងក្រោម៖
 
លំដាប់លេខ១ទីផ្សារសហរដ្ឋអាម៉េរិក៖  មានទំហំពាណិជ្ជកម្មប្រមាណ៨,៥ពាន់លានដុល្លារ។ ក្នុងនោះ ការនាំចេញ គឺមានដល់​ជាង៨,២ពាន់លានដុល្លារ ជាមួយកំណើន២៣ភាគរយ​។
 
លំដាប់លេខ២ទីផ្សារវៀតណាម៖ មានទំហំពាណិជ្ជកម្មប្រមាណ៥,៥ពាន់លានដុល្លារ។ ក្នុងនោះ ការនាំចេញ គឺមានដល់​ជិត១,៩ពាន់លានដុល្លារ ជាមួយកំណើន៤,៨ភាគរយ​។

លំដាប់លេខ៣ទីផ្សារចិន៖
កម្ពុជាមានទំហំពាណិជ្ជកម្មជាមួយប្រទេសនេះ គឺរហូតដល់​ជិត១០,៥៨ពាន់លានដុល្លារ។ ប៉ុន្តែ​ ការនាំទំនិញទៅកាន់ទីផ្សារពិភពលោកមួយនេះ​ មានត្រឹម១,១ពាន់លានដុល្លារប៉ុណ្ណោះ ដែលធ្លាក់ចុះដល់ជាង១៩ភាគរយ។​
 
លំដាប់លេខ៤ទីផ្សារជប៉ុន៖​ មានទំហំពាណិជ្ជកម្មជិត១,៧៩ពាន់លានដុល្លារ។ ក្នុងនោះ ការនាំចេញ​មានរបស់កម្ពុជា គឺមាន​ជិត១,០៧ពាន់លានដុល្លារ ជាមួយកំណើន៦,៨ភាគរយ។​
 
លំដាប់លេខ៥ទីផ្សារកាណាដា៖ ទំហំពាណិជ្ជកម្មមាន១,០៥ពាន់លានដុល្លារ។ ក្នុងនោះការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសនេះ មាន​១,០២ពាន់លានដុល្លារ ដែលមានកំណើ​នក្នុងរង្វង់២០ភាគរយ។​
 
លំដាប់លេខ៦ទីផ្សារអាល្លឺម៉ង់៖ ទំហំពាណិជ្ជកម្មមាន១,១៥ពាន់លានដុល្លារ ដែលក្នុងនោះការនាំចេញរបស់កម្ពុជា មានដល់​១ពាន់លានដុល្លារ។​ ការនាំចេញរបស់កម្ពុជានេះគឺមានកំណើន២៦,៧ភាគរយ។​
 
លំដាប់លេខ៧ទីផ្សារអង់គ្លេស៖ មានទំហំពាណិជ្ជកម្មប្រមាណ៩០២លានដុល្លារ។​ ប៉ុន្តែសម្រាប់ការនាំចេញរបស់កម្ពុជាទៅទីផ្សារមួយនេះ គឺមាន៨២២លានដុល្លារ ក្នុងកំណើន២៤,៥ភាគរយ។

 
លំដាប់លេខ៨ទីផ្សារថៃ៖ ទំហំពាណិជ្ជកម្មមានជិត៤,៣ពាន់លានដុល្លារ។​ ចំពោះការនាំចេញរបស់កម្ពុជាទៅប្រទេសជាប់ព្រំដែនមួយនេះ មាន៧៥៦លានដុល្លារ​ ជាមួយកំណើន៣៥,៤ភាគរយ។​
 
លំដាប់លេខ៩ទីផ្សារបែលហ្ស៊ិក៖ មានទំហំពាណិជ្ជកម្មប្រមាណ៦៧៥លានដុល្លារ ដែលការនាំចេញរបស់កម្ពុជាទៅប្រទេសក្នុងតំបន់អឺរ៉ុបមួយនេះ មាន៥៩៦លានដុល្លារ។ ការនាំចេញនេះមានកំណើន​៣១,៦ភាគរយ។​
លំដាប់លេខ១០ទីផ្សារហូឡង់៖ ទំហំពាណិជ្ជកម្ម គឺមាន៥៤៣លានដុល្លារ។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាមាន៥០៤លានដុល្លារ ដែលមានកំណើន២៩,៥ភាគរយ៕ 
 

Tag:
 ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com