ជាតិ
នយោបាយជាតិ
បោះឆ្នោត២០២៣៖ បក្សភ្លើងទៀន ស្នើឲ្យជប៉ុន បញ្ជូនអ្នកសង្កេតការណ៍មកកម្ពុជាឲ្យបានច្រើន 
លោក ថាច់ សេដ្ឋា (កណ្តាល) ស្ថិតក្នុងប្រទេសជប៉ុន (រូបពីគណបក្សភ្លើងទៀន)។
×![]()
គណបក្សភ្លើងទៀន ស្នើឲ្យជប៉ុន បញ្ជូនអ្នកសង្កេតការណ៍ឲ្យបានច្រើនជាអតិបរិមា មកចូលរួមសង្កេតការបោះឆ្នោតជាតិនីតិកាលទី៧ ក្នុងឆ្នាំ២០២៣។ សំណើនេះ ត្រូវបានលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន លើកឡើងក្នុងជំនួបសមាជិកមួយចំនួននៃរដ្ឋសភាជប៉ុន។
លោក ថាច់ សេដ្ឋា បានទៅបំពេញទស្សនកិច្ចនៅជប៉ុន ពីថ្ងៃទី១ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២។ ដំណើរទស្សនកិច្ចរបស់លោក និងជំនួបរវាងលោក ជាមួយសមាជិករដ្ឋសភាជប៉ុន និងជាមួយអ្នកពាក់ព័ន្ធផ្សេងទៀត ត្រូវបានផ្សព្វផ្សាយតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់គណបក្សភ្លើងទៀន នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។
ក្រៅពីសុំឲ្យបញ្ជូនអ្នកសង្កេតការណ៍មកកម្ពុជា លោក ថាច់ សេដ្ឋា ក្នុងនាមជាគណបក្សភ្លើងទៀន ថែមទាំងស្នើឲ្យជប៉ុនជួយផ្តល់មធ្យោបាយដល់អង្គការសង្គមស៊ីវិលនៅកម្ពុជាផងដែរ ដើម្បីអង្គការសង្គមស៊ីវិលទាំងនោះ អាចដាក់អ្នកសង្កេតការណ៍ ចូលរួមសង្កេតការណ៍នៅគ្រប់ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស។
លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រាប់សារព័ត៌មានថ្មីៗថា បច្ចុប្បន្ន ជប៉ុន បានផ្តល់អ្នកបច្ចេកទេស ដល់គ.ជ.ប ដើម្បីរៀបចំផ្សព្វផ្សាយការអប់រំដល់សាធារណជន អំពីការបោះឆ្នោត។ លោក អះអាងថា មកដល់ពេលនេះ ពុំទាន់មានប្រទេសណាផ្សេង ផ្តល់អ្នកបច្ចេកទេសដល់គ.ជ.បដូចជប៉ុនឡើយ។
អ្នកនាំពាក្យរូបនេះ មានប្រសាសន៍ដូច្នេះថា៖« [ក្នុងការបោះឆ្នោត] សំខាន់ ប្រជាពលរដ្ឋ មានសុខដុមរមនាជាមួយគ្នា និងទទួលយកលទ្ធផលបោះឆ្នោត។ [ប្រជាពលរដ្ឋ] លោក ពិនិត្យទៅឃើញថា ដំណើរប្រព្រឹត្តទៅនៃការបោះឆ្នោត គឺ ស្របតាមច្បាប់ ហើយកិច្ចការរៀបចំទាំងឡាយ គឺទុកចិត្តគ្នាបាន នេះជាសុខដុមរមនារបស់ប្រជាពលរដ្ឋនៃប្រទេសនីមួយៗ»។
ក្នុងជំនួបជាមួយលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជានាយករដ្ឋមន្រ្តីស្តីទី បានលើកឡើងពីការជួយរបស់ប្រទេសប៉ុនលើវិស័យជាច្រើននៅកម្ពុជា ដោយរាប់ទាំងការជួយដល់កិច្ចការរៀបចំការបោះឆ្នោតកន្លងមក និងការបោះឆ្នោតឆ្នាំ២០២៣ខាងមុខផងដែរ។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានបង្ហាញក្តីសង្ឃឹមថា ការបោះឆ្នោតឆ្នាំ២០២៣ នៅកម្ពុជា នឹងទទួលបានជោគជ័យខ្ពស់។ លោកឯកអគ្គរាជទូត ដល់ពេលដែលចប់អាណត្តិជាឯករាជទូតហើយ ហើយលោកចូលជួបសម្តេច ដើម្បីជម្រាបលា មុននឹងចាកចេញពីកម្ពុជា។ សូមបញ្ជាក់ថា ការបោះឆ្នោតជាតិនីតិកាលទី៧ នឹងប្រព្រឹត្តនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣៕ Tag:
គណបក្សភ្លើងទៀន
បោះឆ្នោត
ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com