FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ៖ បារាំងបង្កើតប្រវត្តិសាស្រ្តឡើងវគ្គផ្តាច់ព្រ័ត្រ ២លើកជាប់គ្នា និងជាលើកទី៤
15, Dec 2022 , 3:57 am        
រូបភាព
បារាំងបង្កើតប្រវត្តិសាស្ត្រសារជាថ្មីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជួបអាហ្សង់ទីនដែលកំពុងរង់ចាំ ក្រោយយកឈ្នះការប្រកួតលើម៉ារ៉ុក នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងលទ្ធផល ២-០ នាកីឡដ្ឋាន Al Bayt ប្រទេសកាតារាត្រីថ្ងៃទី១៤ ឈានចូលទី១៥ ខែធ្នូ។ បារាំងក្រុមការពារតំណែងឯកធ្វើបានបង្កើតប្រវត្តិសាស្ត្រដំបូងសម្រេចក្តីស្រមៃខ្លួនឡើងវគ្គផ្តាច់ព្រ័ត្រ ២លើកជាប់គ្នា និងជាលើកទី៤ ប្រចាំ World Cup។

 
ការប្រកួតរវាងបារាំង និងម៉ារ៉ុកចាប់ផ្តើមការប្រកួតក្នុងវគ្គទីមួយ ម្ចាស់ការពារតំណែងឯកបារាំងធ្វើបានល្អខ្លាំងក្នុងការប្រកួត ដោយបានដាក់ការវាយសម្រុកសន្ធាប់ខ្លាំងលើម៉ារ៉ុកក្រុមតំណាងទ្វីបអាហ្រ្វិកមិនឱ្យខាត់ពេលយូឡើយត្រឹមតែ ៥នាទីប៉ុណ្ណោះកីឡាករខ្សែការពារស្លាប Theo Hernandez ស៊ុតបាល់ទម្លុះសំណាញ់ទីម៉ារ៉ុកបើកការនាំមុខ ១-០។ 
 
ចាប់ពីនាំមុខរួចមកបារាំងបន្តធ្វើបានល្អ និងព្យាយាមក្នុងការប្រយុទ្ធរកគ្រាប់បាល់បន្ថែមលើម៉ារ៉ុក ប៉ុន្តែមិនមានឱកាសស៊ុតបំប៉ោងសំណាញ់ទីម៉ារ៉ុកបន្ថែមឡើយ ក្នុងការព្យាយាមមួយលើកជាពីរលើកនោះ រីឯម៉ារ៉ុកក៏ព្យាយាមស្វែករកឱកាសខ្លួនដើម្បីវាយបកលើបារាំងវិញដែរ តែពួកគេហាក់បីធ្វើមិនបានល្អក្នុងការសហការគ្នាលើទីលានប៉ុន្មានឡើយ។ លទ្ធផល ១-០ ដែលបារាំងនាំមុខលើម៉ារ៉ុករក្សានៅដដែលហូតដល់បញ្ចប់វគ្គទីមួយ។
 
ឈានចូលដល់វគ្គទីពីរម៉ារ៉ុកហាក់បីកែប្រែស្ថានកាលអាចដាក់ការវាយបកខ្លាំងលើបារាំងដើម្បីស្វែងរកគ្រាប់បាល់តាមស្មើមកវិញ ប៉ុន្តែឱកាសល្អៗដែលពួកគេបានព្យាយាមបង្កើតត្រូវបានរារាំងដោយខ្សែការពារដ៏រឹងមាំរបស់បារាំងជារឿយៗ។ ការប្រកួតបានអូសបន្លាយឈានជិតដល់នាទី៨០ ទៅហើយខ្សែប្រយុទ្ធវ័យក្មេងដ៏ល្អប្រចាំក្រុមបារាំង Kylian Mbappe បានបង្កើតឱកាសមាសបន្ថែមបញ្ជូនបាល់ឱ្យមិត្តរួមក្រុម Randal Kolo Muani ស៊ុតបន្ថែមគ្រាប់ទី២ នាទី៧៩។ បញ្ចប់ការប្រកួតពេញ ៩០នាទីបារាំងបញ្ចប់ក្តីស្រមៃម៉ារ៉ុកឡើងវគ្គផ្តាច់ព្រ័ត្រលើកដំបូងត្រឹមលទ្ធផលយកឈ្នះ ២-០។
 
ជ័យជម្នះលើម៉ារ៉ុករុញច្រានបារាំងក្លាយជាក្រុមទី៣ បន្ទាប់ពីអ៊ីតាលី និងប្រេស៊ីលប្រចាំប្រវត្តិសាស្ត្រ World Cup ដែលអាចឈានជើងឡើងដល់វគ្គផ្តាច់ព្រ័ត្រម្តងទៀតក្រោយឈ្នះពានរង្វាន់ World Cup នេះកាលពីឆ្នាំ ២០១៨។ នេះក៏ជាលើកទី៤ សម្រាប់មាន់គកបារាំងដែលឈានជើងឡើងដល់វគ្គផ្តាច់ព្រ័ត្រលើកទី៤ ប្រចាំប្រវត្តិសាស្ត្រខ្លួនពីការបង្ហាញវត្តមាន ១៦លើកនៅព្រឹត្តិការណ៍ World Cup។ 
 
បារាំងនឹងត្រូវប្រកួតប្រជែងជាមួយអាហ្សង់ទីនដើម្បីដណ្តើមពានរង្វាន់ World Cup 2022 ប្រទេសកាតានៅថ្ងៃទី១៨ ខែធ្នូ វេលាម៉ោង ១០យប់៕
 

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com