អន្តរជាតិ
វិមានក្រេមឡាំង៖ រុស្ស៊ីគ្មានគម្រោងអនុវត្តបទឈប់បាញ់នៅថ្ងៃឈប់សម្រាកខាងមុខឡើយ
15, Dec 2022 , 9:42 am        
រូបភាព
អ្នកនាំពាក្យវិមានក្រេមឡាំង លោក Dmitry Peskov  នៅថ្ងៃទី១៤ ខែធ្នូ បានអះអាងថា ខ្លួនមិនទទួលបានសំណើណាមួយពីភាគីអ៊ុយក្រែន ចំពោះបទឈប់បាញ់នៅថ្ងៃសម្រាកខាងមុខឡើយ ខណៈការអនុវត្តបទឈប់បាញ់មិនស្ថិតនៅលើរបៀបវារៈរបស់រុស្ស៊ីនោះទេ។

 
រុស្ស៊ីតែងប្រារព្ធពិធីបុណ្យណូអែលនៅថ្ងៃទី៧ ខែមករា ហើយការឈប់សម្រាកជាសាធារណៈ ត្រូវអនុវត្តពីថ្ងៃចូលឆ្នាំថ្មីរហូតដល់ថ្ងៃបុណ្យណូអែលនេះ។ ស្របពេលនឹងមានថ្ងៃឈប់សម្រាកនាពេលខាងមុខ រុស្ស៊ីបានអះអាងថា ការអនុវត្តបទឈប់បាញ់នៅថ្ងៃឈប់សម្រាកខាងមុខក្នុងទឹកដីអ៊ុយក្រែន គ្មាននៅលើរបៀបវារៈរបស់រុស្ស៊ីឡើយ។ 
 
«ទេ! គ្មានសំណើណាមួយ ត្រូវបានទទួលពីនរណាម្នាក់ឡើយ ហើយប្រធានបទបែបនេះ ក៏គ្មាននៅលើរបៀបវារៈដែរ»។ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រេមឡាំង បានថ្លែងបែបនេះទៅកាន់អ្នកសារព័ត៌មាន ក្រោយមានការចោទសួរថាតើរុស្ស៊ីនឹងផ្អាកបទឈប់បាញ់នៅថ្ងៃចូលឆ្នាំថ្មី ឬថ្ងៃបុណ្យណូអែលឬយ៉ាងណា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
ខ្វះប្រមាណ ១០ថ្ងៃប៉ុណ្ណោះ សង្រ្គាមនៅអ៊ុយក្រែនបានឈានចូលខែទី១០ ហើយ ខណៈសង្រ្គាមដែលរុស្ស៊ីចាត់ទុកជា«ប្រតិបត្តិការយោធាពិសេស» មិនទាន់មានច្រកចេញនៅឡើយ។ កន្លងមក វិមានក្រេមឡាំង បានអះអាងថា បទឈប់បាញ់អាស្រ័យលើក្រុងកៀវ។ 
 
ក្នុងថ្ងៃដដែលនេះ មេដឹកនាំតំបន់ដូណេត្ស ដែលត្រូវបានរៀបចំដោយរដ្ឋាភិបាលក្រុងមូស្គូ បានអំពាវនាវឱ្យរុស្ស៊ីពង្រីកគោលដៅរបស់ខ្លួនបន្ថែមទៀត ដោយដាក់ក្រុង Odessa និងក្រុង Chernihiv ជារបស់ខ្លួន។ 
 
ជាការឆ្លើយតបលោក Peskov បានលើកឡើងថា រាល់ការសម្រេចចិត្ត ជុំវិញការដាក់តំបន់ទាំងនោះជារបស់រុស្ស៊ី គឺអាស្រ័យលើឆន្ទៈរបស់ប្រជាជនរស់នៅតំបន់នោះ៕ 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com