ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទូតបរទេសទាំងថ្មី ទាំងចប់អាណត្តិ ចូលជួបលោក កឹម សុខា ជាបន្តបន្ទាប់
15, Dec 2022 , 11:05 am        
រូបភាព
ជំនួបរវាងលោក កឹម សុខា និងលោក ប៉ាប្លូ កាំង ឯកអគ្គរាជទូតអូស្ត្រាលី កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ (រូបពីហ្វេសប៊ុករបស់លោក កឹម សុខា)។
ជំនួបរវាងលោក កឹម សុខា និងលោក ប៉ាប្លូ កាំង ឯកអគ្គរាជទូតអូស្ត្រាលី កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ (រូបពីហ្វេសប៊ុករបស់លោក កឹម សុខា)។
ដោយគិតចាប់ពីអំឡុងខែវិច្ឆិកា ដល់ពាក់កណ្តាលខែធ្នូ ឆ្នាំ២០២២ លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ទទួលជួបឯកអគ្គរាជទូត និងឯកអគ្គរដ្ឋបរទេសប្រចាំកម្ពុជា ជាហូរហែ។ ក្នុងចំណោមទូតទាំងនោះ អ្នកខ្លះ ទើបតែចូលកាន់តំណែង ឯអ្នកខ្លះទៀត ដល់ពេលដែលចប់អាណត្តិ ហើយត្រូវវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ។

 
ទូតដែលចូលទៅជួបលោក កឹម សុខា រួមមាន លោក ស្ទេហ្វាន ម៉េសឺរើ (Stefan Messerer) ដែលជាឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសអាល្លឺម៉ង់ និងលោក ម៉ាធីន វ៉ារ៉ា (Martin Vavra) ឯកអគ្គរដ្ឋទូតឆែក ដែលត្រូវបានតែងតាំងនៅចុងឆ្នាំ២០២១។ លោក កឹម សុខា នៅទទួលជួបទូត២រូបទៀត ដែលជិតផុតអាណត្តិ គឺលោក ម៉ាសាហ៊ីរ៉ូ (Masahiro Mikami) ឯកអគ្គរាជទូតជប៉ុន និង លោក ប៉ាប្លូ កាំង (Pablo Kang) ឯកអគ្គរាជទូតអូស្ត្រាលី។ ទូតទាំង២រូបនេះ ចូលជួបលោក កឹម សុខា ដើម្បីជម្រាបលា មុននឹងចាកចេញពីកម្ពុជា ក្នុងពេលដ៏ខ្លីខាងមុខ។ រាល់ជំនួបទាំងនេះ ត្រូវប្រធានអតីតគណបក្សប្រឆាំង បង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួន។ 
 
លោក កឹម សុខា សរសេរលើទំព័រហ្វេសប៊ុក នៅថ្ងៃទី១៤ ខែធ្នូនេះថា ទំនាក់ទំនងការទូត មានសារសំខាន់ សម្រាប់មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រទេស។ លោក បន្តថា គេ ភ្ជាប់ទំនាក់ទំនងការទូតជាមួយអ្នកណាដែលមានតម្លៃការទូត។ លោក បញ្ជាក់ដូច្នេះថា៖«ប្រទេសជាតិ និងអ្នកដឹកនាំនីមួយៗ ចំណាយថវិកា និងពេលវេលាជាច្រើនសម្រាប់ទំនាក់ទំនងការទូតនេះ»។ 
 
គេ សង្កេតឃើញថា ក្រៅពីទូតបរទេសប្រចាំកម្ពុជា គណៈប្រតិភូផ្សេងៗទៀតនៃរដ្ឋបរទេស ក៏តែងនាំគ្នាចូលជួបលោក កឹម សុខា ផងដែរ នៅពេលពួកគេ មានបេសកកម្មមកកម្ពុជា។ 
 
លោក កឹម សុខា ខាតពេលអស់ជាង៥ឆ្នាំ ក្នុងការធ្វើនយោយបាយ ដោយសារជាប់ផុងក្នុងសំណុំរឿង។ លោក ត្រូវបានចោទប្រកាន់តាំងពីឆ្នាំ២០១៧មក ពីបទស៊ុមគ្រលុំជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះ តុលាការភ្នំពេញ នឹងបន្តសវនាការ ដើម្បីធ្វើសេចក្តីសន្និដ្ឋានលើសំណុំរឿងរបស់លោក៕ 
 

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com