ជាតិ
សង្គមជាតិ
រដ្ឋ នឹងកំណត់ឲ្យសិស្សសាលា ធ្វើតេស្តរកសារធាតុញៀន
15, Dec 2022 , 12:07 pm        
រូបភាព
ទិដ្ឋភាពសិស្សានុសិស្ស ទៅប្រឡងបាក់ឌុបនៅមណ្ឌលប្រឡងមួយកន្លង កាលពីឆ្នាំ២០២១។
ទិដ្ឋភាពសិស្សានុសិស្ស ទៅប្រឡងបាក់ឌុបនៅមណ្ឌលប្រឡងមួយកន្លង កាលពីឆ្នាំ២០២១។
សិស្សានុសិស្ស ដែលមានវ័យជំទង់ នឹងតម្រូវឲ្យធ្វើតេស្តរកសារធាតុញៀនគ្រប់ៗគ្នា។



សម្តេង ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជានាយករដ្ឋមន្រ្តីស្តីទី បានមានប្រសាសន៍ជាថ្មីម្តងទៀតពីការកំណត់កាតព្វកិច្ចឲ្យបុគ្គលគ្រប់រូបធ្វើតេស្តរកសារជាតិគ្រឿងញៀនជាមុនសិន មុននឹងអាចចូលបម្រើការបានទាំងនៅតាមស្ថាប័នរដ្ឋ ទាំងនៅតាមក្រុមហ៊ុនឯកជន។ ប៉ុន្តែអ្វីដែលគួរឲ្យសម្គាល់នោះ លើកនេះ សម្តេច មានប្រសាសន៍បន្ថែមលើសពីលើកមុនថា សូម្បីតែសិស្សានុសិស្ស ក៏នឹងត្រូវតម្រូវឲ្យធ្វើតេស្តរកសារជាតិគ្រឿងញៀនដែរ។

ក្នុងពិធីសម្ពោធសមិទ្ធផលនានាតាមសាលារៀនមួយចំនួន ក្នុងស្រុកបវេល ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ សម្តេចនាយករដ្ឋមន្រ្តីស្តីទី ប្រកាសដូច្នេះថា៖«ទាំងគ្រូ ទាំងបុគ្គលិកសិក្សា ទាំងសិស្សានុសិស្ស ក៏មានកាតព្វកិច្ចដែរ។ នេះជាកាតព្វកិច្ច មិនមែនជាការភ្ញាក់រឭក មិនមែនជាការអំពាវនាវ [ដែលចង់] ធ្វើឲ្យក៏បាន មិនធ្វើក៏បាននោះទេ។ កាតព្វកិច្ច ប្រែមកថាត្រូវតែមាន [ការធ្វើតេស្តរកសារជាតិគ្រឿងញៀន]»។


សម្តេច ស ខេង ធ្វើជាអធិបតីក្នុងក្នុងពិធីសម្ពោធសមិទ្ធផលនានាតាមសាលារៀនមួយចំនួន ក្នុងស្រុកបវេល ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។

សិស្សានុសិស្សមានអាយុប៉ុន្មានឆ្នាំ ដែលនឹងត្រូវតម្រូវឲ្យធ្វើតេស្តរកសារជាតិគ្រឿងញៀននោះ សម្តេច ស ខេង មិនទាន់អាចបញ្ជាក់បានឡើយ។ ជាជំហានដំបូង សម្តេច គ្រាន់តែអាចលើកជាឧទាហរណ៍ថា សិស្សមានអាយុ១៣ឆ្នាំឡើង ឬមានអាយុ១៥ឆ្នាំឡើង ដែលអាចចេះប្រើគ្រឿងញៀន នឹងត្រូវដាក់កាតព្វកិច្ចឲ្យធ្វើតេស្តរកសារជាតិគ្រឿងញៀន។ សម្តេច បន្តថា ការកំណត់អាយុនេះ នឹងត្រូវពិភាក្សាគ្នាតាមការជាក់ស្តែងនាពេលខាងមុខ។

ដូចលើកមុនៗ សម្តេចរដ្ឋមន្រ្តីមហាផ្ទៃ រៀបរាប់ថា ជនគ្រប់រូប ដែលចង់ចូលបម្រើការងារ ដូចនគរបាល យោធា កងរាជអាវុធហត្ថ មន្រ្តីស៊ីវិល សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ មេភូមិ គ្រូបង្រៀន បុគ្គលិកសិក្សា អ្នកបើករថយន្តឲ្យក្រុមហ៊ុនឯកជន និង អ្នកបើករថយន្តសាធារណៈរបស់រដ្ឋ ជាដើម ត្រូវតែធ្វើតេស្តរកសារជាតិគ្រឿងញៀនជាមុន។ សម្តេច បញ្ជាក់ថា អ្នកទាំងនោះ ត្រូវតែមានវិញ្ញាបនបត្រ ឬលិខិត ដែលបញ្ជាក់ថា គ្មានសារជាតិគ្រឿងញៀន។ សម្តេច បន្ត បើរកឃើញថា មានសារជាតិគ្រឿងញៀន ពួកគេ នឹងមិនត្រូវបានអនុញ្ញាតឲ្យចូលបម្រើការងាររដ្ឋ ឬការងារក្រុមហ៊ុនឯកជនឡើយ។

សម្តេចឧបនាយករដ្ឋមន្រ្តី ថ្លែងក្នុងពិធីខាងលើថា ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន នឹងត្រូវចែងឲ្យមានភាពទូលំទូលាយបន្ថែមទៀត ហើយការកំណត់ឲ្យមានកាតព្វកិច្ចធ្វើតេស្តរកសារជាតិគ្រឿងញៀន ដោយបូកទាំងសិស្សានុសិស្សផងនោះ ដែលត្រូវជាប់កាតព្វកិច្ចនេះ នឹងត្រូវចែងក្នុងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ សម្តេច សង្កត់ធ្ងន់ថា ការកំណត់ពីកាតព្វកិច្ចធ្វើតេស្តរកសារជាតិគ្រឿងញៀននេះ គឺដើម្បីការពារសុវត្ថិភាពសង្គម និងសុខភាពសាធារណៈ។

សូមរម្លឹកថា សម្តេច ស ខេង បានប្រកាសលើកដំបូងអំពីគម្រោងនៃការធ្វើវិសោធនកម្មលើច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ដើម្បីបញ្ជូលកាតព្វកិច្ចធ្វើតេស្តរកសារជាតិគ្រឿងញៀននេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សានៃវិទ្យាល័យមួយ នៅស្រុកបាណន់ ខេត្តបាត់ដំបង កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២២។  បើតាមប្រសាសន៍របស់សម្តេចនាពេលនោះ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជាអ្នកទទួលបន្ទុកដឹកនាំក្នុងការធ្វើវិសោធនកម្មលើច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ដើម្បីកំណត់ពីកាតព្វកិច្ចធ្វើតេស្តរកសារជាតិគ្រឿងញៀនេះ៕

អត្ថបទទាក់ទង

Tag:
 គ្រឿងញៀន
  សិស្ស
  ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com