ជាតិ
បញ្ហាអ៊ុយក្រែន៖ សម្តេច ហ៊ុន សែន បញ្ជាក់ថា កិច្ចសន្ទនានយោបាយជាច្រកទ្វារតែមួយគត់
15, Dec 2022 , 3:23 pm        
រូបភាព
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសគាំទ្រប្រធានាធិបតីបារាំង លោក អេម៉ានុយអ៊េល ម៉ាក្រុង ដែលជំរុញឱ្យមានការចរចាសន្តិភាពសម្រាប់ប្រទេសអ៊ុយក្រែន។ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងយ៉ាងដូច្នេះនៅក្នុងវេទិកាអន្តរជាតិស្ដីពីការគាំទ្រភាពធន់របស់ប្រជាពលរដ្ឋអ៊ុយក្រែន ដែលត្រូវបានរៀបចំដោយលោកប្រធានាធិបតីបារាំងនៅក្នុងទីក្រុងប៉ារីសកាលពីថ្ងៃទី១៣ខែធ្នូ។

 
គឺនៅក្នុងវេទិកានេះហើយដែលសម្តេច ហ៊ុន សែន មានឱកាសចែករំលែកពិសោធន៍របស់កម្ពុជាទាក់ទងនឹងការបញ្ចប់សង្គ្រាម។
 
សម្តេចនាយករដ្ឋមន្ត្រីបានពន្យល់យ៉ាងដូច្នេះថា៖«កម្ពុជាប្រឆាំងការឈ្លានពាន ការប្រើប្រាស់កម្លាំង ការកាត់យកទឹកដីរបស់រដ្ឋណាមួយ ។ ទន្ទឹមនេះ កម្ពុជាចាត់ទុកការសន្ទនាខាងនយោបាយ គឺជាច្រកទ្វារ តែមួយគត់ដើម្បីបញ្ចប់វិបត្តិ។»។
 
ប្រមុខរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់យ៉ាងដូច្នេះទៀតថា៖«កម្ពុជាយល់ច្បាស់ថា យើងមិនអាចធ្វើសង្គ្រាម ដើម្បីបញ្ចប់សង្គ្រាមបានទេ។ ក្នុងស្មារតីនេះ ខ្ញុំសូមគាំទ្រយ៉ាងមោះមុត ចំពោះជំហររបស់រដ្ឋាភិបាលបារាំង  និយាយរួម ខ្ញុំសូមសំដែងការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ប្រធានាធិបតី អេម៉ានុយអ៊ែល ម៉ាក្រុង ដែលតែងផ្តល់លទ្ធភាពឱ្យមានការចរចាស្វែងរកសន្តិភាព និងសន្តិសុខតាមរយៈការផ្ដួចផ្ដើមសន្ទនា សំដៅ យកចិត្តទុកដាក់ដោះស្រាយកង្វល់ផ្នែកសន្តិសុខរបស់គ្រប់ភាគី។»។
 
សម្ដេច ហ៊ុន សែន ក៏បានថ្លែងប្រាប់មេដឹកនាំប្រទេសនៅអឺរ៉ុបជាច្រើនថា ក្នុងនាមប្រទេសដែលរងគ្រោះដោយទុក្ខសោក និងការបំផ្លិចបំផ្លាញដោយសង្គ្រាម កម្ពុជាយល់ច្បាស់ណាស់ និងឱ្យតម្លៃសន្តិភាព និងស្ថិរភាពក្នុងស្រុករបស់ខ្លួន ហើយក៏ប្រឹងប្រែងជួយប្រទេសផ្សេងទៀតនៅក្នុងសាកលលោក ដែលរងផលប៉ះពាល់ដោយសារសង្គ្រាម។
 
នៅក្នុងវេទិកានោះដែរ សម្ដេចក៏បានរៀបរាប់ប្រាប់អ្នកចូលរួមដែលជាមេដឹកនាំនៃប្រទេសនៅអឺរ៉ុបផងដែរថា កម្ពុជាបានប្រកាសចូលរួមចំណែកតាមលទ្ធភាពរបស់ខ្លួនដើម្បីជួយប្រជាជនអ៊ុយក្រែន ដូចជាការបញ្ជូនក្រុមការងារបច្ចេកទេសដោះមីនទៅកាន់ប្រទេសអ៊ុយក្រែនជាដើម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com