FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ម្ចាស់ផ្ទះកាតា បិទជើងហោះហើរ ដែលដឹកអ្នកគាំទ្រម៉ារ៉ុកទៅមើលជំនួបម៉ារ៉ុក-បារាំង
15, Dec 2022 , 5:39 pm        
រូបភាព
ម្ចាស់ផ្ទះកាតា បិទជើងហោះហើរដែលត្រូវដឹកអ្នកគាំទ្រម៉ារ៉ុកទៅកាន់ទីក្រុងដូហាប្រទេសកាតា ដើម្បីទៅទស្សនាការប្រកួត វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2022 រវាងម៉ារ៉ុក ទល់បារាំង។ អ្នកគាំទ្រក្រុមម៉ារ៉ុករាប់រយនាក់បានខកចិត្តផ្ទួនៗ ដ្បិតអស់ប្រាក់ថ្លៃកក់សំបុត្រទស្សនា និងសណ្ឋាគារ ដោយសារបិទជើងហោះហើរភ្លាមៗថ្ងៃទី១៤ ខែធ្នូ ហើយក្រុមបរាជ័យក្រោមថ្វីជើងបារាំងថែមទៀត។



ក្រុមហ៊ុនហោះហើរម៉ារ៉ុកមួយដែលមានឈ្មោះថា Royal Air Maroc(RAM) បានប្រកាសថានឹងផ្តល់ជើងហោះហើរពិសេសជិត ៣០ សម្រាប់ដឹកអ្នកគាំទ្រម៉ារ៉ុកដែលនៅក្នុងប្រទេសធ្វើដំណើរទៅកាន់ប្រទេសកាតាដើម្បីទស្សនាការប្រកួតក្រុមតទល់បារាំងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ការប្រកាសនេះធ្វើឡើងក្រោយសហព័ន្ធបាល់ទាត់ម៉ារ៉ុកប្រកាសផ្តល់សំបុត្រការប្រកួតវគ្គ ១​/២ផ្តាច់ព្រ័ត្រម៉ារ៉ុកបារាំង ចំនួន ១៣,០០០សន្លឹកដោយឥតគិតថ្លៃទៅអ្នកគាំទ្រ។
 
ប៉ុន្តែនៅថ្ងៃទី១៤ ខែធ្នូ ពោលគឺចំថ្ងៃដែលម៉ារ៉ុកត្រូវប្រកួតទល់បារាំងទៅហើយ ក្រុមហ៊ុនហោះហើរ RAM បាននិយាយថាមន្ត្រីកាតាបានបិទជើងហោះហើរទាំងនោះវិញនៅវិនាទីចុងក្រោយទៅហើយ។ 
 
«បន្ទាប់ពីទទួលបាននូវការរឹតបន្តឹងចុងក្រោយបង្អស់ដែលដាក់ដោយអាជ្ញាធរកាតា Royal Air Maroc មានការសោកស្តាយយ៉ាងខ្លាំងក្នុងការជូនដំណឹងអតិថិជនអំពីការលុបចោលជើងហោះហើររបស់ពួកគេដែលដណើរការដោយក្រុមហ៊ុន Qatar Airways។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន RAM ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters។
 
យ៉ាងណាមិញបញ្ហាដែលមន្ត្រីកាតាបានបញ្ឈប់ការហោះហើរនៅវិនាទីចុងក្រោយនោះមិនទទួលបានការបញ្ជាក់ច្បាស់លាស់អំពីមូលហេតុណាមួយឡើយពីរដ្ឋាភិបាលកាតា។ ការប្រកាសដំបូងរបស់ក្រុមហ៊ុន RAM កាលពីថ្ងៃទី១២ ខែធ្នូ ថាផ្តល់ការហោះហើរចំនួន ៣០ ត្រូវបានធ្លាក់មកនៅចំនួនតែ ៧ វិញ តែចុងក្រោយមុនការប្រកួតមកដល់អ្នកគាំទ្រដែលបានកក់សំបុត្រ និងកក់ទីកន្លែងស្នាក់ត្រូវបានខកចិត្តវិញ។
 
ក្រោយការហោះហើរនេះបានលុបចោល អ្នកគាំទ្រជាច្រើននាក់ត្រូវបានទុកចោល ហើយអ្នកគាំទ្រមួយចំនួនបានបង្ហាញអារម្មណ៍មិនសប្បាយចិត្តព្រោះតែពួកគេខ្លះបានកក់សំបុត្រការប្រកួត និងកក់សណ្ឋាគារស្នាក់នៅរួចហើយ។ ប៉ុន្តែយ៉ាងណាក្រុមហ៊ុន ​​​​RAM នឹងផ្តល់ប្រាក់សំណងសម្រាប់អ្នកកក់សំបុត្រ និងបន្ទប់នោះវិញគ្រប់ចំនួន។
 
គួររំលឹកថាជំនួបការប្រកួតវគ្គ ១/២ ផ្តាច់ព្រ័ត្រ ម៉ារ៉ុកមិនអាចសម្រេចក្តីសុបិនលើកដំបូងរបស់ខ្លួនឡើងវគ្គផ្តាច់ព្រ័ត្របានឡើយ ដោយត្រូវបានបារាំងយកឈ្នះក្នុងលទ្ធផល ២-០ ក្នុងកីឡដ្ឋាន ​Al Bayt ប្រទេសកាតានៃព្រឹត្តិការណ៍ World Cup 2022។ ម៉ារ៉ុកត្រូវបន្តភារកិច្ចដណ្តើមចំណាត់ថ្នាក់លេខ៣ ទល់ក្រូអាស៊ី៕
 
 

Tag:
 (World Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com