ជាតិ
សង្គមជាតិ
ជនជាតិបារាំងគ្រោងផ្តល់រូបថតទាក់ទងនឹងកម្ពុជា ជាង២០ម៉ឺនសន្លឹកដល់សារព័ត៌មានថ្មីៗ 
×![]()
ភ្នំពេញ៖ លោក Jean-Michel Gallet ជំនាញផ្នែកកសិកម្ម តែស្រឡាញ់ការងារថតរូប បានចំណាយពេលជាង៤០ឆ្នាំដើម្បីថតរូបនៅក្នុងប្រទេសជាច្រើន ក្នុងនោះ ក៏មានប្រទេសកម្ពុជាផងដែរ។ រូបថតរបស់លោកផ្តោតលើជីវិតទូទៅនៃប្រជាជនក្នុងប្រទេសនីមួយៗដែលលោកបានធ្វើដំណើរទៅ និងរូបភាពតាមវិស័យនីមួយៗ។ លោកបានថតរូបនៅទ្វីបអាស៊ី អឺរ៉ុប…។
ដោយលើកឡើងតែប្រទេសនៅក្នុងអាស៊ី លោក Jean-Michel Gallet បានថតរូបជាច្រើននៅក្នុងប្រទេសឥណ្ឌូណេស៊ី ឡាវ វៀតណាម និងកម្ពុជា។ នៅក្នុងប្រទេសកម្ពុជា លោក Jean-Michel Gallet បានផ្តិតយករូបភាពកម្ពុជាតាំងពីទសវត្សរ៍៩០។ ស្ថិតនៅក្នុងអាយុ៧៥ឆ្នាំ អ្នកសេ្នហារូបថតរូបនេះ បានបញ្ជាក់ប្រាប់ថា លោកនៅតែបន្តថតរូបតទៅទៀត។
ដើម្បីថតរូប លោក Jean-Michel Gallet ប្រើប្រាស់ម៉ូតូដើម្បីធ្វើដំណើរ។ បុរសជនជាតិបារាំងរូបនេះ បានប្រាប់ថា ក្នុងរយៈពេលជាង៣០ឆ្នាំនេះ លោកបានថតរូបពីប្រទេសកម្ពុជាជាង២០ម៉ឺនសន្លឹក, ឡាវជាង១០ម៉ឺនសន្លឹក, វៀតណាមជាង២ម៉ឺនសន្លឹក, ឥណ្ឌូនេស៊ីជាង២០ម៉ឺនសន្លឹក។ លោក Jean-Michel Gallet បានឲ្យដឹងទៀតថា លោកបានថតជីវិតប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ ដូចជា អ្នកនេសាទ ជីវិតកុមារនៅតាមជនបទ សកម្មភាពកសិកម្មខ្មែរ។ល។ រូបថតដែលថតដោយលោក Jean-Michel Gallet ធ្វើឡើងជាលក្ខណៈធម្មជាតិសុទ្ធសាធ មានន័យថា រូបថតទាំងអស់មិនមែនជារូបថតរៀបចំដើម្បីថតឡើយ។
នៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានៅពេលនេះ លោក Jean-Michel Gallet សន្យាផ្តល់រូបថតជាង២០ម៉ឺនសន្លឹកជូនសារព័ត៌មានអេឡិចត្រូនិកថ្មីៗដើម្បីប្រើប្រាស់។ ជាការឆ្លើយតប សារព័ត៌មានថ្មីៗកំពុងរកលទ្ធភាពដើម្បីធ្វើពិព័រណ៍រូបថតដើម្បីបង្ហាញស្នាដៃលោកទៅកាន់មហាជននាពេលណាមួយ៕


© រក្សាសិទ្ធិដោយ thmeythmey.com