ជាតិ
សង្គមជាតិ
UN ប្ដេជ្ញាបន្តពង្រឹងវិស័យការងារនៅកម្ពុជា
15, Dec 2022 , 7:59 pm        
រូបភាព
 រូបភាពពីក្រសួងការងារបណ្ដុះបណ្ដាល និងវិជ្ជាជីវៈ
រូបភាពពីក្រសួងការងារបណ្ដុះបណ្ដាល និងវិជ្ជាជីវៈ
ភ្នំពេញ៖ អង្គការសហប្រជាជាតិប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹងវិស័យការងារនៅកម្ពុជា ពិសេសគម្រោងការងារ និងមុខរបរសមរម្យសម្រាប់យុវជន រួមទាំងកម្មវិធីបង្កើនល្បឿនសកសលើការងារ និងការគាំពារសង្គមសម្រាប់ការធ្វើអន្តរកាលប្រកបដោយយុត្តិធម៌ផងដែរ។ នេះតាមក្រសួងការងារបណ្ដុះបណ្ដាល និងវិជ្ជាជីវៈ។

 
លោក Joseph Scheuer អ្នកសម្របសម្រួលថ្មីរបស់អង្គការសហប្រជាជាតិ បានប្ដេជ្ញាបន្តពង្រឹងវិស័យការងារនៅកម្ពុជា ពិសេសគម្រោងការងារ និងមុខរបរសមរម្យសម្រាប់យុវជនដំណាក់កាលទី៣ នៅឆ្នាំ២០២៣ខាងមុខ ដើម្បីបន្តសកម្មភាព ​និងគៀងគរធនធានក្នុងការធានានិរន្តរភាព ក៏ដូចជាវិសាលភាពផងដែរ។ ក្នុងជំនួបជាមួយលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារបណ្ដុះបណ្ដាល និងវិជ្ជាជីវៈ លោក Joseph Scheuer បានអះអាងថា គម្រោងការងារ និងមុខរបរសមរម្យសម្រាប់យុវជន ជាគំរូមួយសម្រាប់បណ្តាប្រទេសដទៃយកទៅអនុវត្ត ដើម្បីទទួលបានជោគជ័យ។  
 
លោក ក៏បានសន្យាគាំទ្រយុទ្ធនាការទៅលើផែនការសុវត្ថិភាពនៅតាមដងផ្លូវ និងកម្មវិធីបង្កើនល្បឿនសកសលើការងារ និងការគាំពារសង្គមសម្រាប់ការធ្វើអន្តរកាលប្រកបដោយយុត្តិធម៌។ កម្មវិធីនេះ នឹងបង្កើតការងារប្រមាណ៣០០លានការងារ សម្រាប់ប្រទេសជាសមាជិក រួមទាំងកម្ពុជាដែលមានសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍ និងដៃគូភ្នាក់ងារអង្គសហប្រជាជាតិនានា ជាពិសេសដូចជា អង្គការ ILO, UNDP, UNICEF, UNIDO ជាដើម៕
 

Tag:
 UN
© រក្សាសិទ្ធិដោយ thmeythmey.com