អន្តរជាតិ
អាស៊ាន
អាស៊ាន និង EU ប្តេជ្ញាពង្រឹងចំណងសេដ្ឋកិច្ចបន្ថែមទាំងទ្វេភាគី និងថ្នាក់តំបន់
15, Dec 2022 , 8:29 pm        
រូបភាព
មេដឹកនាំអាស៊ាន និងអឺរ៉ុបនាជំនួបនៅទីក្រុងព្រុចសែល។ រូបថត AFP
មេដឹកនាំអាស៊ាន និងអឺរ៉ុបនាជំនួបនៅទីក្រុងព្រុចសែល។ រូបថត AFP
ដោយ:
នាជំនួបកំពូលដំបូងនៅថ្ងៃទី១៤ ខែធ្នូ សហភាពអឺរ៉ុប (EU) និងអាស៊ានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្ថែមរួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយបណ្តារដ្ឋអាស៊ាន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អឺរ៉ុបដែលជាគោលដៅរយៈពេលវែងនាពេលអនាគត។ ទន្ទឹមនឹងលើកឡើងពីបញ្ហានៅមីយ៉ាន់ម៉ា​ និងសមុទ្រចិនខាងត្បូង សេចក្តីថ្លែងការណ៍រួមរបស់ប្លុកទាំងពីរក៏អំពាវនាវឱ្យមានការគោរពបូរណភាពទឹកដី និងឯករាជ្យភាពអ៊ុយក្រែនផងដែរ។

 
មេដឹកនាំអាស៊ានទាំង៩ លើកលែងមីយ៉ាន់ម៉ា និងមេដឹកនាំរដ្ឋអឺរ៉ុបទាំង២៧ ត្រូវបានអញ្ជើញឱ្យចូលរួមពិធីរំឭកខួប៤៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងអាស៊ាន និងសហភាពអឺរ៉ុប(EU)ដែលធ្វើឡើងនៅទីក្រុងព្រុចសែល នៅថ្ងៃទី១៤ ខែធ្នូ។ នេះជាកិច្ចប្រជុំថ្នាក់ដឹកនាំរវាងតំបន់ទាំងពីរជាលើកដំបូងក្រោមការរៀបចំរបស់ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel និងនាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន ដែលជាប្រធានអាស៊ានឆ្នាំ២០២២។ 
 
អំឡុងជំនួប មេដឹកនាំប្លុកទាំង២ ពិភាក្សាពីកិច្ចសហប្រតិបត្តិការនាពេលអនាគតលើវិស័យមួយចំនួនដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម សុខាភិបាល ការផ្លាស់ប្តូរបែបឌីជីថល ថាមពល បម្រែបម្រួលអាកាសធាតុ ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាពជាដើម។
 
«យើងស្វាគមន៍ឱកាសពាណិជ្ជកម្មតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់EU ជាមួយបណ្តារដ្ឋអាស៊ាន»។ សេចក្តីថ្លែងការណ៍រួមអាស៊ាន-អឺរ៉ុបសរសេរបែបនេះដោយបន្ថែមថា ប្លុកទាំងពីរនឹងជំរុញទំនាក់ទំនងលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ខណៈប្តេជ្ញាជាថ្មីលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អឺរ៉ុបដែលជាគោលដៅរយៈពេលវែងនៅពេលអនាគត។ 
 
ជាមួយទំហំពាណិជ្ជកម្មជិត២៣០ ពាន់លានដុល្លារក្នុងឆ្នាំ២០២១ EU និងអាស៊ានជាដៃគូពាណិជ្ជកម្មដ៏ធំទីបីរបស់គ្នាទៅវិញទៅមក។ កិច្ចព្រមព្រៀងថ្នាក់តំបន់រវាងអាស៊ាន និងEU ចាប់ផ្តើមនៅឆ្នាំ២០០៧ តែក៏ត្រូវផ្អាកទៅវិញនៅឆ្នាំ២០០៩ ដើម្បីបើកឱ្យចរចាកម្រិតទ្វេភាគីវិញ។ 
 
បើតាមការលើកឡើងរបស់ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អឺស៊ូឡា វ៉ុន ដឺ លៃអេន និងសម្តេច ហ៊ុន សែន កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងតំបន់ និងតំបន់គឺជាគោលដៅដ៏សំខាន់បំផុត។ អំឡុងជំនួប លោកស្រី វ៉ុន ដឺ លៃអេន ក៏បានប្រកាសផ្តល់កញ្ចប់លុយប្រហែល ១០,៦៥ពាន់លានដុល្លារសម្រាប់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ាន និងកម្ចីសម្រាប់បណ្តារដ្ឋអាស៊ាន។
 
បើតាមសេចក្តីថ្លែងការណ៍រួម ប្លុកទាំងពីរក៏បញ្ជាក់ពីការប្តេជ្ញាជាថ្មីលើសណ្តាប់ធ្នាប់ពិភពលោកដែលផ្អែកលើច្បាប់អន្តរជាតិ។ បើទោះមានគំនិតផ្សេងគ្នាលើការដាក់ទណ្ឌកម្ម និងបញ្ហានៅអ៊ុយក្រែន មេដឹកនាំអាស៊ាន និងអឺរ៉ុបភាគច្រើនថ្កោលទោសសង្រ្គាមរបស់រុស្ស៊ីនេះ ហើយអំពាវនាវឱ្យមានការគោរពបូរណភាពទឹកដី និងឯករាជ្យភាពអ៊ុយក្រែន។
 
ក្រៅពីនេះ សេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយក្រោយជំនួបកំពូលនេះក៏បានសង្កត់ធ្ងន់ពីសារសំខាន់នៃសន្តិភាពនៅសមុទ្រចិនខាងត្បូង ការព្រួយបារម្ភពីស្ថានភាពនៅមីយ៉ាន់ម៉ា និងអស្ថិរភាពនៅឧបទ្វីបកូរ៉េផងដែរ៕
 

Tag:
 អាស៊ាន
  EU
© រក្សាសិទ្ធិដោយ thmeythmey.com