អន្តរជាតិ
លោក បៃឌិន ថាអាម៉េរិកដាក់ចិត្តទាំងស្រុងលើអនាគតរបស់ទ្វីបអាហ្វ្រិក ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន។ រូបថត AFP
× ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នៅថ្ងៃទី១៤ ខែធ្នូ ប្រកាសពីកិច្ចព្រមព្រៀងថ្មីមួយជាមួយបណ្តាប្រទេសអាហ្រ្វិកក្នុងបំណងលើកស្ទួយទំនាក់ទំនងពាណិជ្ជកម្មរវាងភាគីទាំងពីរជាថ្មី បន្ទាប់មិនសូវអើពើប៉ុន្មានឆ្នាំមកនេះ ដែលបើកផ្លូវឱ្យចិនបញ្ជ្រាបឥទ្ធិពលក្នុងតំបន់តាមរយៈពាណិជ្ជកម្ម និងការវិនិយោគជាច្រើន។
នៅចំពោះមុខមេដឹកនាំ៤៩ប្រទេសនៃទ្វីបអាហ្វ្រិកនៅថ្ងៃទី១៤ ខែធ្នូ ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន លើកឡើងថា អាម៉េរិកបេ្តជ្ញាចិត្តទាំងស្រុងលើអនាគតរបស់អាហ្វ្រិក។ បើតាមលោក បៃឌិន កិច្ចព្រមព្រៀងថ្មីជាមួយតំបន់ពាណិជ្ជកម្មសេរីនៅទ្វីបអាហ្វ្រិកនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាម៉េរិកចូលទៅកាន់ទីផ្សារតម្លៃជាង៣,៤ទ្រីលានដុល្លារ និងមនុស្សប្រហែល១,៣ពាន់លានដុល្លារ។
«នៅពេលអាហ្វ្រិកជោគជ័យ អាម៉េរិកជោគជ័យ។ និយាយឱ្យត្រង់ទៅ ពិភពលោកទាំងមូលជោគជ័យដូចគ្នា»។ ប្រធានាធិបតីអាម៉េរិក លោក បៃឌិន លើកឡើងបែបនេះអំឡុងជំនួបកំពូលរយៈពេលបីថ្ងៃនៅក្រុងវ៉ាស៊ីនតោន។
កិច្ចប្រជុំកំពូលជាលើកទីពីរក្នុង៨ឆ្នាំចុងក្រោយរវាងអាហ្រ្វិក និងអាម៉េរិកនេះរៀបចំឡើង ស្របពេលអាម៉េរិកព្យាយាមពង្រឹង និងកែលម្អទំនាក់ទំនងជាមួយបណ្តាប្រទេសទាំងនេះឡើងវិញ។ ចិនឈានចូលក្នុងតំបន់នេះតាមរយៈពាណិជ្ជកម្ម និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធវ៉ាដាច់ក្រុងវ៉ាស៊ីនតោនទៅហើយ ដោយទំហំពាណិជ្ជកម្មធំជាងអាម៉េរិកជិតបួនដងឯណោះ។
ក្រៅពីនេះ អំឡុងអាហារពេលល្ងាចនាសេតវិមានដើម្បីផ្តល់កិត្តិយសដល់មេដឹកនាំអាហ្រ្វិក លោក បៃឌិន ក៏បានរំឭកពីសម័យដែលប្រជាជនអាហ្វ្រិករាប់លាននាក់ត្រូវបានចងច្រវ៉ាក់ធ្វើជាទាសកចូលទឹកដីអាម៉េរិកដែរ។ លោកបានបង្ហាញការគោរពចំពោះអ្នកជំនាន់ក្រោយ និងសហគមន៍ជនភៀសខ្លួនអាហ្វ្រិកនៅទូទាំងអាម៉េរិក។
មុនចាប់ផ្តើមកិច្ចប្រជុំមួយថ្ងៃ រដ្ឋាភិបាលលោក បៃឌិន ប្រកាសផែនការវិនិយោគលើសុខាភិបាល សន្តិសុខ និងសេដ្ឋកិច្ចក្នុងទំហំ៥៥ពាន់លានដុល្លារនៅតំបន់អាហ្វ្រិកសម្រាប់៣ឆ្នាំបន្ទាប់ទៀត ហើយថែមទាំងចាត់តាំង លោក Johnnie Carson ជាប្រេសិតពិសេសថ្មីដែលទទួលបន្ទុកលើបញ្ហាទាំងនេះក្នុងតំបន់។ លោក បៃឌិន ព្រមទាំងបង្ហាញជំហគាំទ្រសហភាពអាហ្វ្រិកក្នុងការក្លាយជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com