សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អាម៉េរិក នឹងដាក់ក្រុមហ៊ុនចិនជាង៣០ចូលក្នុងបញ្ជីខ្មៅ រូបភាពពី REUTERS ។
× ក្រុមហ៊ុនចិនជាង ៣០ អាចត្រូវបានហាមឃាត់មិនឱ្យទិញគ្រឿងបន្លាស់បច្ចេកវិទ្យារបស់អាម៉េរិក ដែលធ្វើអោយទំនាក់ទំនងរវាងមហាអំណាចសេដ្ឋកិច្ចកំពូលទាំងពីរនេះ កាន់តែមានភាពតានតឹងសារជាថ្មី។
ក្រសួងពាណិជ្ជកម្មអាម៉េរិកនឹងបន្ថែមក្រុមហ៊ុនផលិតបន្ទះឈីបកំពូលរបស់ចិន Yangtze Memory Technologies និងក្រុមហ៊ុនចំនួន ៣១ ផ្សេងទៀត ទៅក្នុងបញ្ជីខ្មៅឱ្យបានឆាប់បំផុតនៅក្នុងសប្តាហ៍នេះ។ ក្រុមហ៊ុនទាំងនេះនឹងត្រូវបានហាមឃាត់មិនឱ្យទិញបច្ចេកវិទ្យាពីអ្នកផ្គត់ផ្គង់របស់អាម៉េរិក លុះត្រាតែពួកគេទទួលបានអាជ្ញាប័ណ្ណពិសេសពីក្រសួងពាណិជ្ជកម្មអាម៉េរិក។ វិធានការនេះ អាជ្ញាធរអាម៉េរិកធ្លាប់បានប្រើប្រាស់រួចមកហើយ ក្នុងការដោះស្រាយការប៉ះទង្គិចដល់អាជីវកម្មស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei Technologies និងក្រោយមកទៀត រារាំងការអភិវឌ្ឍន៍នៃក្រុមហ៊ុនផលិតបន្ទះឈីប SMIC ។
ចំណាត់ការខាងលើនេះ នឹងធ្វើឲ្យជម្លោះពាណិជ្ជកម្មបច្ចេកវិទ្យាអាម៉េរិក និងចិនឡើងកម្តៅសារជាថ្មីម្តងទៀត។ កាលពីខែតុលា អាម៉េរិកបានប្រកាសពីវិធានការជាបន្តបន្ទាប់ដើម្បីរារាំងលទ្ធភាពរបស់ចិន ក្នុងការទិញសម្ភារៈអេឡិចត្រូនិក និងឧបករណ៍ផលិតបន្ទះឈីបរបស់អាម៉េរិក។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Bloomberg។
រដ្ឋាភិបាលចិនទំនងជាបានសហការជាមួយមន្ត្រីអាម៉េរិកដើម្បីធ្វើការអន្តរាគមន៍ចំពោះក្រុមហ៊ុនទាំង ៣១ នេះ ដោយមិនឲ្យមានការដាក់ក្នុងបញ្ជីខ្មៅ។ ក្រសួងពាណិជ្ជកម្មរបស់ចិនបានជួយក្រុមហ៊ុនទាំងនេះ ក្នុងការអនុវត្តការផ្ទៀងផ្ទាត់តាមការស្នើសុំរបស់អាម៉េរិក ដូចជាការប្រកាសផលិតផល និងប្រតិបត្តិការជាដើម។
Yangtze Memory បច្ចុប្បន្នគឺជាក្រុមហ៊ុនផលិតបន្ទះឈីប 3D NAND ដ៏ធំបំផុតរបស់ចិន។ បន្ទះសៀគ្វីរបស់វាត្រូវបានប្រើប្រាស់នៅក្នុងស្មាតហ្វូន និងឧបករណ៍អេឡិចត្រូនិកផ្សេងទៀត។ ក្រុមហ៊ុននេះធ្លាប់ចរចាដើម្បីផ្គត់ផ្គង់គ្រឿងបន្លាស់ដល់ក្រុមហ៊ុន Apple ប៉ុន្តែមិនទទួលបានលទ្ធផលអ្វីឡើយបន្ទាប់ពីចរចា។ ប្រសិនបើជោគជ័យ នេះជាជំហានឆ្ពោះទៅមុខមួយកម្រិតទៀត សម្រាប់ឧស្សាហកម្មបច្ចេកវិទ្យារបស់ចិន។
ទាក់ទងរឿងនេះ ក្នុងអំឡុងសន្និសីទកាសែតមួយនៅទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានចោទប្រកាន់អាម៉េរិកថា «កំពុងធ្វើនយោបាយ និងអាវុធក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច»។ លោក Wang បានបន្តនិយាយថា សកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោននឹងរំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ហើយប្រទេសចិននឹងធ្វើសកម្មភាពដើម្បីការពារផលប្រយោជន៍របស់ក្រុមហ៊ុនចិន៕
Tag:
ចិន អាម៉េរិក ជម្លោះពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com