FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូបារាំងមានមោទកភាពចំពោះក្រុម តែផ្តាំកីឡាករឱ្យត្រៀមខ្លួនទប់ទល់ Messi 
×![]()
លោក Didier Deschamps គ្រូបង្វឹកក្រុមជម្រើសជាតិបារាំង ថ្ងៃទី១៥ ខែធ្នូ បង្ហាញ មោទកភាពចំពោះកូនក្រុមដែលអាចឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ FIFA World Cup ជាលើកទី២ជាប់គ្នាក្រោយទម្លាក់ម៉ារ៉ុកលទ្ធផល ២-០ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ មុនជំនួបផ្តាច់ព្រ័ត្រទល់អាហ្សង់ទីន គ្រូសញ្ជាតិបារាំងរូបនេះ ផ្តាំកូនក្រុមត្រូវត្រៀមខ្លួនទប់ទល់ Lionel Messi សម្រាប់ជំហ៊ានចុងក្រោយ។
នាជ័យជម្នះដែលបារាំងរកបានលើម៉ារ៉ុក ២-០ នោះ គ្រាប់បាល់បានកើតឡើងចាប់តាំងពី ៥នាទីដំបូងនៃវគ្គទីមួយដោយខ្សែការពារ Theo Hernandez អាចស៊ុតគ្រាប់បាល់ទីមួយសម្រាប់បារាំង ហើយកីឡាករ Randal Kolo Muani ជាអ្នកបន្ថែមគ្រាប់ទីពីរនៅនាទី៧៩ ដណ្តើមបានកៅអីវគ្គផ្តាច់ព្រ័ត្រលើកទី៤ របស់ខ្លួនក្នុងប្រវត្តិសាស្ត្រ World Cup។
ក្រោយដឹកនាំបារាំងឡើងវគ្គផ្តាច់ព្រ័ត្រ ២លើកជាប់គ្នាតាំងពីពេលគ្រងជើងឯកឆ្នាំ ២០១៨ រួចមក លោក Deschamps បានក្លាយជាគ្រូទី៤ សម្រាប់បារាំងដែលអាចនាំក្រុមឡើងវគ្គផ្តាច់ព្រ័ត្រនេះម្តងហើយម្តងទៀត។ ប្រសិនបើបារាំងអាចការពារជើងឯកបានទៀតនោះ បារាំងនឹងក្លាយជាក្រុមលើកដំបូងដែលឈ្នះពានរង្វាន់ ២លើកជាប់គ្នាចាប់តាំងពីឆ្នាំ ១៩៦២ ដែលប្រេស៊ីលធ្លាប់ធ្វើបានក្នុងឆ្នាំ ១៩៥៨ និង ១៩៦២។
«ខ្ញុំពិតជាមានមោទកភាពខ្លាំងណាស់ ដែលយើងអាចឈានជើងឡើងវគ្គផ្តាច់ព្រ័ត្រ ២លើកជាប់គ្នា វាអស្ចារ្យណាស់ តែវាក៏មិនមែនជាជ័យជម្នះដែលងាយស្រួលដែរ។ យើងត្រូវការគុណភាពខ្លាំងបន្ថែម ហើយជាពិសេសពួកយើងត្រូវត្រៀមខ្លួនសម្រាប់តទល់ Lionel Messi រព្រោះថារូបគេក្លាយជាកីឡាករដ៏គ្រោះថ្នាក់បំផុត។»។ លោក Deschamps បាននិយាយក្នុងសន្និសីទកាសែតបែបនេះ។
មិនត្រឹមតែប៉ុណ្ណោះលោក Deschamps វ័យ ៥៤ឆ្នាំ ក៏បានអះអាងបន្ថែមថា Messi ជាកីឡាករល្អបំផុតប្រចាំពិភពលោក ប្រសិនបើចង់បញ្ឈប់ Messi ក្រុមបារាំងត្រូវលេងដោយដាក់សម្ពាធដាក់ការគាបសង្កត់ខ្លាំងលើរូបគេនៅក្នុងការប្រកួត ដូចអ្វីដែលអាហ្សង់ទីនព្យាយាមចង់បញ្ឈប់កីឡាករបារាំងអ៊ីចឹងដែរ។
ជំនួបវគ្គផ្តាច់ព្រ័ត្រ World Cup 2022 រវាងអាហ្សង់ទីន ទល់បារាំងនឹងត្រូវធ្វើឡើងក្នុងកីឡដ្ឋាន Lusail Iconic ប្រទេសកាតា វេលាម៉ោង ១០យប់(ម៉ោងនៅកម្ពុជា) ថ្ងៃទី១៨ ខែធ្នូ មួយថ្ងៃក្រោយការប្រកួតដណ្តើមលេខ៣ រវាងក្រូអាស៊ីនិងម៉ារ៉ុក៕
© រក្សាសិទ្ធិដោយ thmeythmey.com